កាន់តែច្បាស់ Galaxy Note 10 Lite នឹងបំពាក់មកជាមួយបន្ទះឈីប Exynos 9810 ពិតមែន

Published Date: Monday, December 23, 2019 09:25 AM

កាលពីដើមខែតុលាកន្លងទៅនេះ យើងទទួលបានរបាយការណ៍មួយ ដែលបានរាយការណ៍មកថា ក្រុមហ៊ុន Samsung កំពុងតែសម្ងំផលិតស្មាតហ្វូនថ្មីចំនួន 2 ម៉ូឌែលបន្ថែមទៀត ដែលស្ថិតនៅក្នុងត្រកូល S10 និង Note 10។ ក្រោយពីពេលនោះមក យើងកត់សម្គាល់ឃើញថា ព័ត៌មានដែលនិយាយអំពីលក្ខណៈសម្បត្តិ ក៏ដូចជារចនារូបរាងរបស់ស្មាតហ្វូនទាំង 2 នេះ ត្រូវបានលេចឡើងមកជាបន្តបន្ទាប់។ តួយ៉ាងកាលពីប៉ុន្មានថ្ងៃមុននេះ លក្ខណៈសម្បត្តិ របស់ Galaxy S10 Lite ត្រូវបានបែកធ្លាយស្ទើរតែទាំងស្រុងទៅហើយ។

 

ដោយឡែកនៅក្នុងថ្ងៃនេះដល់វេន Galaxy Note 10 Lite វិញម្តង ដោយលក្ខណៈសម្បត្តិរបស់វាត្រូវបានបែកធ្លាយស្ទើរតែទាំងស្រុង ដូចទៅនឹង Galaxy S10 Lite ផងដែរ។ បើយោងទៅតាមគេហទំព័រល្បីឈ្មោះ WinFuture បាននិយាយថា Galaxy Note 10 Lite នឹងបំពាក់មកជាមួយអេក្រង់លាតទំហំ 6.7 អ៊ីញ ប្រភេទជា Super AMOLED មានកម្រិតបង្ហាញ Full HD+ អមមកជាមួយលេនទម្លុះអេក្រង់ (Inifinity O) មួយគ្រាប់ ដែលមានទីតាំងស្ថិតនៅចំកណ្តាល។ ចំពោះកម្លាំងម៉ាស៊ីន ប្រើប្រាស់បន្ទះឈីប Exynos 9810 គួបផ្សំជាមួយជម្រើស RAM ទំហំ 6GB អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB។ គួរបញ្ជាក់បន្តិចផងដែរថា បន្ទះឈីប Exynos 9810 គឺជាបន្ទះឈីដែលធ្លាប់បំពាក់នៅលើ Galaxy S9 Series ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2018 កន្លងទៅ។

 

ចំពោះផ្នែកកាមេរ៉ាវិញ Galaxy Note 10 Lite នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខមួយគ្រាប់ទំហំ 32MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគឺជាលេនគោលទំហំ 12MP មានកម្រិត Aperture f/1.7, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide Angle) ទំហំ 12MP មានកម្រិត Aperture f/2.2 និងមួយគ្រាប់ចុងក្រោយគេ គឺជាលេនជំនួយក្នុងការថតព្រាលផ្ទៃខាងក្រោយ ទំហំ 5MP។ Galaxy Note 10 Lite នឹងភ្ជាប់មកជាមួយថ្ម ទំហំ 4,500 mAh ព្រមទាំងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងរហូតដល់ទៅ 25W ថែមទៀតផង។ Galaxy Note 10 Lite នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ផ្អែកទៅលើស្បែក One UI 2.0 ចេញពីប្រអប់ស្រាប់តែម្តង។ Galaxy Note 10 Lite នឹងមកជាមួយជម្រើសពណ៌ចំនួន 3 រួមមានដូចជា ពណ៌ខ្មៅ, ក្រហម និងពណ៌ Aura Glow។ Galaxy Note 10 Lite ត្រូវគេរំពឹងថា នឹងអាចបង្ហាញខ្លួនជាផ្លូវការនៅពាក់កណ្តាល ខែមករា ឆ្នាំ 2020 ខាងមុខនេះហើយ។