គិត​យ៉ាង​ណា​ដែរ​ បើ​ Galaxy​ Note ​20​ មាន​រូបរាង​ស្រដៀង​ Galaxy​ S20​ បែប​នេះ​?​

Published Date: Wednesday, January 29, 2020 09:20 AM

មកទល់ពេលនេះ យើងបានដឹងហើយថា Samsung ហាក់ដូចជាមានបំណងធ្វើឲ្យស្មាតហ្វូន ជំនាន់ក្រោយៗរបស់ខ្លួន មានការរចនារូបរាងស្រដៀងៗគ្នា ជាក់ស្ដែងដូចជា Galaxy Note 10 Lite, Galaxy S10 Lite, Galaxy A51 និង Galaxy A71 ជាដើម។ ដោយឡែក សម្រាប់ Galaxy S20 Series ដែលកាន់តែខិតជិត ក្នុងការបង្ហាញខ្លួននេះ ក៏ហាក់ដូចជាមានដំណឹងលេចធ្លាយជាច្រើនមកហើយដែរ ដែលក្នុងនោះម៉ូឌែលកំពូល អាចមានឈ្មោះថា Galaxy S20 Ultra ទៀតផង ហើយសម្រាប់ពេលនេះវិញ យើងក៏បានឃើញរូបភាពគំរូមួយរបស់ Galaxy Note 20 ដែលមានរូបរាងស្រដៀងគ្នា នឹងដំណឹងលេចធ្លាយរបស់ម៉ូឌែលខាងលើដែរ។

 

មិនខុសទេ បើតាមការបង្ហាញនៅក្នុងបណ្តាញសង្គម Twitter ពីសំណាក់អ្នកចែករំលែកដំណឹងលេចធ្លាយ ដ៏ល្បីមួយឈ្មោះថា Ice Universe នោះ បានឲ្យដឹងថា Galaxy Note 20 អាចនឹងមានរូបរាង ដូចរូបភាពគំរូ ដែលបានបង្ហាញនៅខាងក្រោមនេះ ដែលរូបភាពនោះ វាមិនបានបង្ហាញឲ្យឃើញច្បាស់ប៉ុន្មាននោះទេ មិនថាផ្នែកខាងមុខ ឬខាងក្រោយឡើយ។ យ៉ាងណាក៏ដោយ យើងឃើញថា នៅផ្នែកខាងលើ វាមានរន្ធចំនួន 2 ប៉ុន្តែទាន់ច្បាស់ថា មាននាទីអ្វីនោះទេ ខណៈពេលដែលប៊ូតុងបញ្ជា ត្រូវបានដាក់នៅផ្នែកខាងឆ្វេង ហើយនៅខាងក្រោមវិញ វាមានរន្ធច្រើន ដែលក្នុងនោះអាចមានមួយ ជារន្ធសាកថ្ម និងរន្ធសម្រាប់ដាក់ប៊ិចមួយដើម អញ្ចឹងដែរ។ អ្វីដែលយើងអាចនិយាយបាន ពីផ្នែកខាងក្រោយរបស់វានោះគឺថា វាមានកញ្ចប់កាមេរ៉ារាងចតុកោណបញ្ឈរ ដូចដែលមាននៅលើ Galaxy S20 Series ដែរ ចំណែកផ្នែកកាមេរ៉ាមុខ រូបភាពគំរូនោះ មិនបានបង្ហាញនោះទេ ប៉ុន្តែវាមានភាគរយច្រើន ប្រើប្រាស់លេនទំលុះអេក្រង់ចំកណ្តាល ដូចដែលធ្លាប់ឃើញពីមុនមកហើយ។

យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ គឺយើងនៅមិនទាន់ទទួលបានដំណឹងអ្វីច្រើននោះទេ ទាក់ទងជាមួយស្មាតហ្វូនត្រកូល Note របស់ Samsung នេះ ប៉ុន្តែអាចនិយាយទុកមុនបានថា វាអាចនឹងមានប្រើប្រាស់ឈីប Snapdragon 865 ឬ Exynos 990 ក៏ដូចជាអាចមានថាមពលថ្ម 4,500mAh ជាមួយអេក្រង់ Dynamic AMOLED កម្រិតបង្ហាញ QuadHD+ ជាពិសេសនោះ អាចមានកម្រិត Refresh Rate ដល់ 120Hz ថែមទៀតផង។ និយាយរួមមកវិញ នេះគ្រាន់តែជាដំណឹងលេចធ្លាយដំបូងរបស់ Galaxy Note 20 ប៉ុណ្ណោះ អញ្ចឹងហើយ វានៅមិនទាន់ច្បាស់ការប៉ុន្មាននោះទេ ខណៈពេលដែលពេលវេលា ដែលនឹងប្រកាសចេញក៏អាចនៅរាងយូរទៀតដែរ ហេតុនេះហើយ អ្វីដែលយើងអាចធ្វើបាន គឺត្រូវរង់មើលបន្តទៀតហ្នឹងឯង។

ប្រភព ៖ CAMBO REPORT