ចង់ដឹងអត់ថា Galaxy S10 Lite នឹងមានថាមពលថ្មទំហំប៉ុណ្ណា?
Published Date: Wednesday, January 9, 2019 08:31 AMមានប្រភពបរទេសជាច្រើន បានបង្ហាញថា សម្រាប់ដើមឆ្នាំ 2019 នេះ ទូរសព្ទខ្សែស្រឡាយ Galaxy S10 ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung អាចនឹងមានច្រើនម៉ូឌែល និងមានចំនុចប្លែកខុសពីគ្នារៀងៗខ្លួន ផងដែរ។ យោងតាមប្រភពលេចធ្លាយចុងក្រោយមួយ បានលើកឡើងថា Galaxy S10 ដែលត្រៀមចេញដើមឆ្នាំនេះ អាចនឹងមានដល់ទៅ 5 ម៉ូឌែល រួមមាន Galaxy S10 Lite, Galaxy S10, Galaxy S10+, Galaxy S10 5G និង Galaxy S10 Bolt ជាដើម។
តួយ៉ាង សម្រាប់ម៉ូឌែល Galaxy S10 Lite ត្រូវបានគេបញ្ជាក់ថា វាមានលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន រាងទាបជាងម៉ូឌែល S10 ផ្សេងៗ ដោយអេក្រង់របស់វា អាចមានទំហំ 5.8 អ៊ីញ រាបស្មើរ អត់មានកោងគែមសងខាងទេ, មានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ និងកាមេរ៉ាខាងមុខចំនួន 1 គ្រាប់។ ចំណែកឯបន្ទះឈីបវិញ Galaxy S10 Lite អាចនឹងឈានដល់ការប្រើប្រាស់ Snapdragon 855 / Exynos 9820 ដូចបងប្អូនរបស់វាដែរ ប៉ុន្តែសម្រាប់ដំណើរការកម្រិតសេវាអ៊ីនធើណេត គឺបានត្រឹម 4G ប៉ុណ្ណោះ។
ឥលូវនេះ ចំនុចមួយថ្មីទៀត ត្រូវបានបង្ហាញបន្ថែមលើម៉ូឌែល Galaxy S10 Lite នេះដដែល ពាក់ព័ន្ធនឹងទំហំនៃកម្លាំងថាមពលថ្ម។ យោងតាមរូបភាពលេចធ្លាយមួយសន្លឹក ដែលបានមកពីទីភ្នាក់ងារផ្តល់វិញ្ញាប័នប័ត្រ បញ្ជាក់ពីសមត្ថភាពថ្មរបស់ទូរសព្ទ នៅកូរ៉េខាងត្បូង បានបង្ហាញថា ថាមពលថ្មរបស់ Galaxy S10 Lite មានទំហំ 3100mAh ដោយទំហំប៉ុណ្ណោះ បើយើងធៀបជាមួយស្មាតហ្វូន Android លំដាប់ៗ ផ្សេងៗទៀត គឺរាងទាបជាងគេ បន្តិចទៅហើយ។
អញ្ចឹង អ្វីដែលយើងទទួលបាន និងចង់បង្ហាញដល់ប្រិយមិត្តអ្នកអាន និងអ្នកគាំទ្ររបស់ Samsung គឺទាក់ទងទៅនឹងកម្លាំងថាមពលថ្មរបស់ទូរសព្ទ Galaxy S10 Lite ប៉ុណ្ណោះ ចំណែកឯម៉ូឌែលផ្សេងៗទៀត នៅមិនទាន់ដឹងនៅឡើយទេ។ ចុះប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះទំហំថាមពលថ្មប៉ុននេះ សម្រាប់ Galaxy S10 Lite? តើវាសមមាត្រទេ ជាមួយលក្ខណៈសម្បត្តិទំហំអេក្រង់ និងកម្លាំងម៉ាស៊ីន ដែលវាអាចនឹងមាន ដូចដែលបង្ហាញពីខាងលើនោះ?
ប្រភព៖ CAMBO REPORT