ទូរសព្ទឆ្លាតលំដាប់កំពូល Galaxy S20 | Galaxy S20+ ប្រកាសចេញជាផ្លូវការ

Published Date: Wednesday, February 12, 2020 08:14 AM

កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung មកពីប្រទេសកូរ៉េខាងត្បូង បានធ្វើការប្រកាសចេញនូវ ទូរសព្ទឆ្លាតលំដាប់កំពូលម៉ូឌែល Galaxy S10 Series ទៅកាន់ទីផ្សារសកល ជាមួយនឹងលក្ខណៈសម្បត្តិដ៏លេចធ្លោ បូករួមទាំងការឌីហ្សាញឈានមុខគេ លើផ្នែកកាមេរ៉ាទម្លុះអេក្រង់ ដោយធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹង អេក្រង់លាតពេញរបស់វា។ អស់រយៈពេលមួយឆ្នាំកន្លងផុតទៅ Samsung ក៏បានបន្ដប្រពៃណីរបស់ខ្លួនដដែល ដោយបានធ្វើការប្រកាសចេញនូវ ទូរសព្ទឆ្លាតត្រកូល Galaxy S ជំនាន់ក្រោយៗទៀត កាលពីម៉ោង 2 ទៀបភ្លឺថ្ងៃនេះ។ សម្រាប់ឆ្នាំ 2020 ក្រុមហ៊ុន Samsung បានសម្រេចចិត្តចាប់ផ្ដើមពីត្រកូល Galaxy S20 Series តែម្ដង ដោយមានបំពាក់នូវកម្លាំងម៉ាស៊ីនកំពូលៗ, គែមអេក្រង់កាន់តែខ្លីបំផុត, Refresh Rate ដល់កម្រិត 120Hz ធ្វើឲ្យចលនាអូសរលូនខ្លាំង និងផ្ដោតសំខាន់លើកាមេរ៉ា ថែមទៀតផង។ តោះ! មកមើលពីលក្ខណៈសម្បត្តិកំពូលៗរបស់ម៉ូឌែល Galaxy S20 និង Galaxy S20+ នៅអត្ថបទខាងក្រោមនេះ ៖

 

ការរចនាបថរូបរាងខាងក្រៅ

សាជាថ្មីម្ដងទៀតហើយ ដែលយើងបានឃើញថា ក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្ដូរការរចនាបថ នៃផ្នែកខាងក្រោយរបស់ត្រកូល Galaxy S ដោយនៅលើម៉ូឌែល Galaxy S20 និង Galaxy S20+ លើកនេះ គឺមានភ្ជាប់មកជាមួយ កាមេរ៉ារាងចតុកោណជួរបញ្ឈរនៅផ្នែកខាងឆ្វេង ហើយមើលទៅពិតជាប្លែកម្យ៉ាងដែរ ប៉ុន្ដែពួកវាលែងមានសេនស័រពិនិត្យចង្វាក់បេះដូង ដូចជំនាន់មុនៗតទៅទៀតហើយ។ បើយើងបង្វិលទៅមើលផ្ទៃខាងមុខរបស់ពួកវា គឺបានឃើញថា គែមអេក្រង់កាន់តែខ្លីជាងជំនាន់មុនទៅទៀត ស្ទើរតែបាត់អស់ទៅហើយ ជាមួយនឹងកាមេរ៉ាទម្លុះអេក្រង់ចំនួន 1 គ្រាប់ សម្រាប់ទាំងពីរម៉ូឌែលតែម្ដង ហើយក៏ស្ថិតនៅចំពាក់កណ្ដាលដូចជាម៉ូឌែល Galaxy Note10 Series អញ្ចឹង។ ផ្ទៃអេក្រង់របស់ម៉ូឌែល Galaxy S20+ មានទំហំធំដល់ទៅ 6.7 អ៊ីញ ជាប្រភេទ Dynamic AMOLED 2X (HDR+) អាចបង្ហាញរូបភាពបានក្នុងកម្រិត 3200 x 1440 ភិចស៊ែល ជាមួយដង់ស៊ីតេ 525ppi ដែលមានអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz ព្រមទាំងមានល្បឿនឆ្លើយតប នៅពេលថាច់ដល់កម្រិត 240Hz ទៀត។ រីឯម៉ូឌែល Galaxy S20 នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.2 អ៊ីញ ជាប្រភេទ Dynamic AMOLED 2X (HDR+) អាចបង្ហាញរូបភាពបានក្នុងកម្រិត 3200 x 1440 ភិចស៊ែល ជាមួយដង់ស៊ីតេ 563ppi ក៏ដូចជាអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz។

កាមេរ៉ា

ចំណែកឯផ្នែកកាមេរ៉ាវិញនោះ ក៏ជាផ្នែកដ៏សំខាន់បំផុតមួយនៃត្រកូល Galaxy S20 Series ក្នុងឆ្នាំនេះដែរ ដោយម៉ូឌែល Galaxy S20+ ទទួលបានកាមេរ៉ាមុខចំនួន 1 គ្រាប់ មានទំហំ 10MP ( សេនស័រ IMX 374) អាចថតវីដេអូបានក្នុងកម្រិត 4K 60fps និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 12MP, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide) ទំហំ 12MP, មួយគ្រាប់គឺជាលេន Telephoto ទំហំ 64MP (អាចធ្វើការពង្រីក Optical Zoom បានចំនួន 3 ដង និង Digital Zoom បាន 30 ដង), និងចុងក្រោយគេគឺជាសេនស័រ ToF សម្រាប់បច្ចេកវិទ្យា Depth Vision ផងដែរ។ បើកាមេរ៉ារបស់ Galaxy S20 វិញ គឺមានភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 10MP ដូចគ្នា អាចថតវីដេអូបានក្នុងកម្រិត 4K 60fps និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 12MP, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide) ទំហំ 12MP និងមួយគ្រាប់ចុងក្រោយគេ គឺជាលេន Telephoto ទំហំ 64MP (អាចធ្វើការពង្រីក Optical Zoom បាន 3 ដង និង Digital Zoom បាន 30 ដង)។ កាមេរ៉ាខាងក្រោយរបស់ Galaxy S20 និង Galaxy S20+ សុទ្ធតែមានសមត្ថភាពខ្ពស់ ក្នុងការថតវីដេអូបានរហូតដល់ទៅកម្រិត 8K 24fps ឯណោះ មិនធ្លាប់ឃើញមានពីមុនមកឡើយ សម្រាប់ទូរសព្ទឆ្លាតលើទីផ្សារបច្ចុប្បន្ននេះ។

កម្លាំងម៉ាស៊ីន

ខួរក្បាលគណនារបស់ម៉ូឌែល Galaxy S20 Series ត្រូវបានដំណើរការដោយបន្ទះឈីបកំពូល Snapdragon 865 ឬ Exynos 990 ទំហំ 7nm តាមតំបន់នីមួយៗខុសៗគ្នា ដោយសម្រាប់ស្រុកយើងនឹងទទួលបានឈីប Exynos មកជាមួយម៉ាស៊ីន។ លើសពីនេះ ពួកវាក៏គួបផ្សំមកជាមួយជម្រើស RAM ទំហំ 8GB/12GB LPDDR5 និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB/256GB/512GB ជាប្រភេទ UFS 3.0 ព្រមទាំងអនុញ្ញាតឲ្យយើងធ្វើការបន្ថែម មេមូរីកាតពីខាងក្រៅបានទៀតដែរ។ សម្រាប់កម្លាំងម៉ាស៊ីនកំពូលៗទាំងនេះ ពិតជាធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍ដ៏រហ័សទាន់ចិត្ត ជាក់ជាមិនខានឡើយ ដោយពួកវាសុទ្ធតែជាគ្រឿងជំនាន់ក្រោយៗបង្អស់តែម្ដង។

ថាមពលថ្ម

បន្ទាប់ពីបំពាក់មកជាមួយឈីបកំពូល ដើម្បីឲ្យដើរបានរលូនស្រួល និងមានផ្ទុករ៉េមធំទុកសម្រាប់ Multitasking ហើយ ទូរសព្ទឆ្លាតត្រកូល Galaxy S20 Series ស៊េរីថ្មីៗឆ្នាំនេះ ក៏ផ្ដល់ជូននូវកម្លាំងថាមពលថ្មទំហំធំថែមទៀត។ ខណៈពេលដែលម៉ូឌែល Galaxy S20+ ភ្ជាប់មកជាមួយថ្មទំហំ 4,500mAh រីឯម៉ូឌែល Galaxy S20 ទទួលបានថាមពលថ្មទំហំ 4,000mAh ដោយអាចគាំទ្រជាមួយ បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 25W សម្រាប់ទាំងពីរម៉ូឌែល។ យើងនឹងទទួលបានដុំបញ្ចូលថ្មកម្រិត 25W ចេញពីប្រអប់មកស្រាប់ ជាមួយនឹងខ្សែសាកប្រភេទ USB Type-C ទៅ USB Type-C ដែរ។

មុខងារបន្ថែមថ្មីៗ

ក្រៅពីមានបន្ទះអេក្រង់ដំណើរការរលូនខ្លាំង ដោយសារតែ Refresh Rate កម្រិត 120Hz និងកាមេរ៉ាលំដាប់កំពូលអាចថតបានដល់កម្រិត 8K ហើយ លើសពីនេះទៅទៀត ទូរសព្ទឆ្លាតទាំងពីរម៉ូឌែលនេះ សុទ្ធតែមានផ្ទុកនូវ បច្ចេកវិទ្យាសាកថ្មឥតខ្សែ ល្បឿនលឿនជំនាន់ក្រោយ (Fast Wireless Charging 2.0) បានរហូតដល់កម្រិត 15W ខណៈពេលដែលជំនាន់មុន អាចគាំទ្របានត្រឹមតែ 9W ប៉ុណ្ណោះ។ ចំណែកឯផ្នែកមុខងារថតរូបភាព Samsung ក៏បានបន្ថែមនូវមុខងារ Single Take ដែលវានឹងចាប់យកម៉ូតកាមេរ៉ាទាំងអស់ទុករួចជាស្រេច ក្នុងការឲ្យយើងចុចថតតែម្ដងប៉ុណ្ណោះ។ ហើយក៏មានមុខងារថ្មីៗមួយចំនួនទៀត ដែលក្រុមហ៊ុន Samsung មិនទាន់ដាក់បង្ហាញអស់ ក្នុងព្រឹត្តិការណ៍ Unpacked មុននេះ។

តារាងតម្លៃ និងថ្ងៃចេញលក់

ក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមបើកឲ្យកុម្ម៉ង់ទិញ ទូរសព្ទឆ្លាតកំពូលទាំង 2 ម៉ូឌែលនេះ នៅថ្ងៃទី 21 ខែកុម្ភៈនេះតទៅ ដោយវានឹងចេញលក់ក្នុងទីផ្សារជាផ្លូវការ នៅដើមខែមីនា ឆ្នាំ 2020 នាពេលខាងមុខផងដែរ  ជាមួយនឹងតម្លៃលក់លើទីផ្សារអន្តរជាតិ ដូចដាក់បង្ហាញនៅខាងក្រោមនេះ ៖

• Galaxy S20 ប្រភេទ 5G មានតម្លៃចាប់ពីខ្ទង់ ៤ លានរៀល ឬ ប្រហាក់ប្រហែល 999 ដុល្លារឡើងទៅ

• Galaxy S20+ ប្រភេទ 5G មានតម្លៃចាប់ពីខ្ទង់ ៤ លាន ៨០ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 1199 ដុល្លារឡើងទៅ

គួរបញ្ជាក់ប្រាប់ប្រិយមិត្ត ឲ្យបានដឹងមុនផងដែរថា តារាងតម្លៃនៅខាងលើនេះ គឺជាតម្លៃដាក់លក់នៅទីផ្សារសកល ហើយនៅពេលមកដល់ស្រុកខ្មែរ យើងនឹងអាចឃើញមានតម្លៃប្រែប្រួល និងមិនទាន់បានបញ្ជាក់ប្រាប់ ពីតម្លៃផ្លូវការទាំងស្រុងនៅឡើយទេ រួមទាំងម៉ូឌែលប្រភេទ 4G ជាដើម។

ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន

ឆ្នាំនេះ Samsung ពិតជាមិនធ្វើឲ្យខ្ញុំខកចិត្តឡើយ សម្រាប់ទូរសព្ទឆ្លាតត្រកូល Galaxy S ស៊េរីថ្មីៗទាំងអស់នេះ ដោយពួកវាបានផ្ដល់ជូននូវកម្លាំងម៉ាស៊ីនខ្លាំង, មានគែមអេក្រង់ខ្លីបំផុត បូកទាំងអេក្រង់រលូន Refresh Rate 120Hz ដែលខ្ញុំតែងតែរង់ចាំចង់បាន និងឃើញមានភាពល្អប្រសើរជាងមុនច្រើន ទៅលើផ្នែកកាមេរ៉ាថែមទៀតផង ពិតជាទាន់សម័យមែនទែន ជាមួយនឹងបច្ចេកវិទ្យាទំនើបៗទាំងអស់នេះ។ យ៉ាងណាក្ដី បើទោះបីជាខ្ញុំគិតថាតម្លៃខ្លួនរបស់ពួកវា ត្រូវគ្នានឹងសមត្ថភាពកំពូលៗទាំងអស់នោះក៏ពិតមែន ប៉ុន្ដែប្រាកដជាមានអតិថិជនភាគច្រើន ពិបាកពិចារណាបន្ដិចដែរហើយ ក្នុងការជាវយកមកប្រើប្រាស់នោះ។ ប្រសិនបើប្រិយមិត្តនៅមិនទាន់ច្បាស់ ដូច្នេះកុំភ្លេចរង់ចាំទស្សនាវីដេអូចាប់កាន់ Galaxy S20 Series ពីក្រុមការងារខេមបូរីផត តាមរយៈផេកហ្វេសប៊ុក ឬក៏ ឆានែលយូធូប នាពេលឆាប់ៗខាងមុខនេះ។

អញ្ចឹង ចុះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញនោះ តើយល់ឃើញយ៉ាងណាដែរ ចំពោះលក្ខណៈសម្បតិ្ត ក៏ដូចជាការឌីហ្សាញរបស់ Galaxy S20 និង Galaxy S20+ ក្នុងឆ្នាំនេះ? តើមើលទៅឃើញថា ត្រង់កន្លែងណាខ្លះជាចំណុចចាប់អារម្មណ៍បំផុត ហើយកន្លែងណាខ្លះទៀត ដែលមិនសូវពេញចិត្តលើម៉ូឌែលទាំងពីរនេះ? សូមធ្វើការចែករំលែកមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments ឲ្យក្រុមការងារយើងបានដឹងផង។

ប្រភព ៖ CAMBO REPORT