នេះជារូបរាងគម្រូរបស់ Huawei P40 និង P40 Pro ទើបតែបែកធ្លាយ

Published Date: Thursday, December 19, 2019 11:52 AM

ប្រិយមិត្តរបស់ខេមបូរីផតមួយចំនួន ប្រហែលជាបានដឹងហើយថា កាលពីសប្តាហ៍មុននេះ យើងទទួលបានរបាយការណ៍ថ្មីមួយ ដែលមានប្រភពចេញពីប្រទេសចិនបាននិយាយថា ក្រុមហ៊ុន Huawei កំពុងតែចាប់ផ្តើមសិក្សាទៅលើ Huawei P40 និង P40 Pro ហើយ។ ដូច្នេះជាទម្លាប់នៅពេលដែលស្មាតហ្វូនមួយស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ រចនាបថរូបរាង និងលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់វា តែងតែត្រូវបែកធ្លាយចេញមកជានិច្ច។ តួយ៉ាងស្មាតហ្វូនលំដាប់កំពូល ដែលស្ថិតនៅក្នុងត្រកូល P ជំនាន់ចុងក្រោយគេ របស់ក្រុមហ៊ុន Huawei មួយនេះ ក៏មិនខុសគ្នាដែរ។

 

បើយោងទៅតាមរូបភាពគម្រូចំនួន 2 សន្លឹក បង្ហោះដោយគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយរូបភាព បែកធ្លាយដ៏ល្បី ដែលមានឈ្មោះថា OnLeaks បានបង្ហាញឲ្យយើងបានដឹងពី រចនាបថមួយចំនួនរបស់ Huawei P40 Series។ បើសង្កេតមើលទៅលើរូបភាពនោះ យើងឃើញថា P40 និង P40 Pro ភ្ជាប់មកជាមួយកាណុងកាមេរ៉ាក្រោយ មានលក្ខណៈជាចតុកោណកែង ដែលមានសណ្ឋានស្រដៀងគ្នាទៅនឹង កាណុងកាមេរ៉ាក្រោយរបស់ Galaxy A51, A71 និង Galaxy S11 Series ដែលយើងធ្លាប់បានឃើញ កាលពីពេលកន្លងអញ្ចឹងដែរ។ ខណៈពេលនេះ គេដឹងថា Huawei P40 នឹងភ្ចាប់មកជាមួយ កាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ចំណែកឯចំនួនកាមេរ៉ាក្រោយរបស់ Huawei P40 Pro គេមិនទាន់បានដឹងច្បាស់នោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាក្រោយសរុបចំនួន 5 គ្រាប់ ដូចទៅនឹង Galaxy S11+ ផងដែរ។

 

តាមរយៈរូបភាពនេះដដែល ក៏បានបញ្ជាក់ឲ្យយើងដឹងថា Huawei P40 នឹងបំពាក់មកជាមួយអេក្រង់លាតរាបស្មើ ដែលអាចនឹងមានទំហំចន្លោះពី 6.1 អ៊ីញ ទៅ 6.2 អ៊ីញ ប្រភេទជា OLED។ បើងាកទៅមើល Huawei P40 Pro វិញ យើងឃើញថា វានឹងបំពាក់មកជាមួយអេក្រង់លាតកោង ទាំងឆ្វេង ទាំងស្តាំ ព្រមទាំងខាងលើ និងខាងក្រោមតែម្តង។ ត្រង់ចំណុចនេះ ធ្វើឲ្យយើងនឹងឃើញទៅដល់អ្វីដែល កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយ Ice Universe បាននិយាយកាលពីពេលកន្លងថា នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ស្មាតហ្វូនលំដាប់កំពូលមួយចំនួន នឹងមកជាមួយរចនាបថថ្មីប្លែក ដែលមិនធ្លាប់មានពីមុនមកនោះទេ ដោយពួកវានឹងបំពាក់មកជាមួយអេក្រង់លាតកោងទាំង 4 ចំហៀងតែម្តង។ អេក្រង់របស់ Huawei P40 Pro អាចនឹងមានទំហំចន្លោះពី 6.5 អ៊ីញ ទៅ 6.7 អ៊ីញ ប្រភេទជា OLED។ បន្ថែមពីនេះ អេក្រង់របស់ Huawei P40 និង P40 Pro ត្រូវបានគេរំពឹងថាអាចនឹងមានល្បឿន Refresh Rate រហូតដល់ទៅ 120Hz ថែមទៀតផង។ រីឯផ្នែកខាងមុខវិញ Huawei P40 និង P40 Pro អាចនឹងភ្ជាប់មកជាមួយលេនទម្លុះអេក្រង់ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង Galaxy S10 Series ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន ពួកវានឹងប្រើប្រាស់បន្ទះឈីបកំពូល Kirin 990 5G គួបផ្សំជាមួយ RAM ទំហំ 8GB។

 

ប្រភព៖ CAMBO REPORT