នេះ​ជា​រូប​រាង​ចាប់​កាន់ OPPO Reno 2Z ដោយ​ផ្ទាល់

Published Date: Monday, August 26, 2019 08:34 AM

OPPO Reno 10x Zoom គឺជា ស្មាតហ្វូន លំដាប់កំពូល របស់ក្រុមហ៊ុន OPPO ហើយវាមាន រូបរាងថ្មីប្លែក និង មានមុខងារ ពិសេសៗជាច្រើន។ បើគិត មកដល់ពេលនេះ OPPO Reno 10x Zoom មានអាយុកាលប្រហែលជាជិត 5 ខែមកហើយ នេះបើគិតចាប់តាំងពីពេលដែល OPPO បានធ្វើការប្រកាសចេញជាផ្លូវការ។ បន្ទាប់ពី OPPO Reno 10x Zoom ទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងពេលកន្លងមក ក្រុមហ៊ុន OPPO ក៏សម្រេចចិត្តថានឹងយកថ្ងៃទី 28 ខែសីហា ឆ្នាំ 2019 ដើម្បីធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Reno នោះគឺ Reno 2។ OPPO Reno 2 ត្រូវបែងចែកជា 3 ម៉ូឌែល គឺ OPPO Reno 2, Reno 2Z និង ចុងក្រោយគេគឺ OPPO Reno 2F នេះបើយោងតាមព័ត៌មានបែកធ្លាយកន្លងមក។

ជុំវិញរឿងរ៉ាវដែលទាក់ទងទៅនឹង ស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Reno ជំនាន់ថ្មីនេះ ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹង អំពីលក្ខណៈ និងមុខងារមួយចំនួនរបស់រួចមកហើយ តាមរយៈព័ត៌មាន ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ។ សម្រាប់ថ្ងៃនេះដែលយើងក៏ទទួលបាន រូបភាពមួយចំនួន បន្ថែមទៀត ទាក់ទងទៅនឹង ស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Reno ជំនាន់ថ្មី របស់ OPPO។ បើយោងទៅតាម គេហទំព័រមួយដែល មានឈ្មោះថា 91Moblile បានធ្វើការបង្ហោះរូបភាពចាប់កាន់ផ្ទាល់ របស់ OPPO Reno 2Z តែម្តង បើយើងសង្កេតមើលទៅលើ រូបភាពនោះ យើងឃើញថា Reno 2Z បំពាក់មកជាមួយអេក្រង់លាត ដែលមានចង្កាល ខាងក្រោម រាងក្រាស់បន្តិច និងមានកាមេរ៉ា Selfie ហូតចុះឡើងស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើរបស់ទូរសព្ទ ដូច្នេះមានន័យថា OPPO មិនបានប្រើប្រាស់ កាមេរ៉ា Selfie ហូតចុះឡើង ដែលមានរូបរាងដូចជាព្រុយត្រីឆ្លាម នៅលើ Reno 2Z នោះទេ រីឯផ្នែកខាងក្រោម នៃទូរសព្ទវិញ យើងឃើញថាវា មានរន្ធដោតកាស 3.5mm, រន្ធសាកថ្មប្រភេទ USB-C និង រន្ធបំពងសំលេង។ បើងាកទៅមើល ផ្នែកខាងក្រោយនៃទូរសព្ទនេះវិញ យើងឃើញថា វាបំពាក់មកជាមួយកាមេរ៉ាចំនួន 4 គ្រាប់ ក្នុងលក្ខណៈបញ្ឈរ អមជា មួយ LED Flash ចំនួន 2 គ្រាប់ ដែលស្ថិតនៅ ខាងស្តាំដៃ នៃកាមេរ៉ាខាងក្រោយ ហើយផ្នែកខាងក្រោម នៃ កាមេរ៉ាខាងក្រោយ វិញ យើងឃើញ Logo របស់ក្រុមហ៊ុន OPPO។

គួររំលឹកផងថា OPPO Reno 2Z អាចនឹងបំពាក់មកជាមួយអេក្រង់ AMOLED ទំហំ 6.53 អ៊ីញ មានកម្រិតបង្ហាញ Full HD+ ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ វាអាចនឹងបំពាក់មកជាមួយ បន្ទះឈីប MediaTek Helio P90 អមមកជាមួយ RAM ទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យទំហំ 256GB រីឯផ្នែកកាមេរ៉ាវិញ វាអាចនឹងបំពាក់មកជាមួយកាមេរ៉ា Selfie ចំនួនមួយគ្រាប់ ដែលមានទំហំ 16MP និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោល មានទំហំ 48MP, មួយគ្រាប់ជាកាមេរ៉ា Ultra-Wide angle ( 119 ដឺក្រេ ) និង 2 គ្រាប់ទៀតជាសេនស័រជំនួយក្នុងការថតព្រាលផ្ទៃ Background ខាងក្រោយ។ ចំណែកឯផ្នែកថាមពលថ្មវិញ វាអាចនឹងបំពាក់មកជាមួយ ថ្មដែលមានទំហំ 4000 mAh ព្រមទាំងគាំទ្រមុខងារសាកថ្មល្បឿនលឿន VOOC 3.0 ទៀតផង។

ប្រភព៖ CAMBO REPORT