នៅ​មាន OnePlus 7T Pro មួយ​ទៀត​ទើប​លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ អាច​នឹង​មក​ដល់​ចុង​ឆ្នាំ​នេះ

Published Date: Saturday, June 29, 2019 08:39 AM

នៅក្នុងខែមិថុនាកន្លងទៅ ស្មាតហ្វូនដែលមានរហ័សនាមថាបិសាចល្បឿន បានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារនោះគឺ OnePlus 7 / 7Pro ហើយក៏មានមនុស្សជាច្រើន រង់ចាំទទួលស្វាគមន៍វា យ៉ាងកក់ក្តៅផងដែរ។ នៅពេលនេះយើង ក៏ទទួលពត៌មានមួយទៀតពី OnePlus 7T Pro ដែលវាអាចនឹង កាន់តែខ្លាំង ជាងមុនទៅទៀត។

 

គួបញ្ជាក់ថា OnePlus 7T Pro ដែលនឹងមានវត្តមាន នៅពេលខាងមុខនេះ វាអាចបង្កើតឡើងដើម្បីបំពេញនូវចំណុចខ្វះខាត មួយចំនួនដែលមាននៅ 7 / 7Pro ក៏ដូចជាវាអាចនឹង បន្ថែមនូវថាមពលថ្ម និងមុខងារសំខាន់ៗ មួយចំនួនទៀត។ រីឯចំណុចដែលខ្លាំងស្រាប់នោះ ប្រហែលជាវាមិនកែប្រែនោះទេ ដូចជាកម្រិត Refresh rate ដល់ទៅ 90hz ជាដើម។ ដោយយើងដឹងហើយថា OnePlus ត្រូវជាបងប្អូនបង្កើតរបស់ OPPO ដូច្នេះត្រកូល ដែលបន្ថែមដោយអក្សរ T នេះ អាចនឹងបំពាក់នូវប្រភេទកាមេរ៉ាមុខ ដែលបង្កប់ក្រោមអេក្រង់ មានន័យថា យើងអាចនឹងលែងបានឮ សម្លេងម៉ូទ័រដែលហូត កាមេរ៉ាឡើងលើ (pop-up camera) ទៀតហើយ។

 

មិនត្រឹមតែប៉ុណ្ណោះ ម៉ូឌែលថ្មីនេះ អាចនឹងបំពាក់នូវបន្ទះឈីបប្រភេទ Snapdragon 855 ដូចទៅនឹង 7 Pro ដែរ ព្រោះថាប៉ុណ្ណេះ ក៏វាខ្លាំងស្រាប់ទៅហើយ ប៉ុន្តែវាក៏អាចមានការ កែប្រែខ្លះដែរ នូវមុខងារថ្មីៗ ដើម្បីឲ្យបទពិសោធន៍ ចុងក្រោយរឹតតែប្រសើរ។ កាន់តែពិសេសទៀតនោះ 7T Pro អាចនឹងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Q ព្រមទាំងអាច នឹងបំពាក់មកនូវបច្ចេកវិទ្យា 5G ទៀតផង។

រីឯអ្វីដែលក្រុមហ៊ុនចិនមួយនេះគួរតែបន្ថែមនោះ គឺមុខងារ Digital Wellbeing នៅលើកាមេរ៉ាព្រោះថា វាមិនមានឡើយ នៅលើម៉ូឌែល 7 / 7 Pro ក៏ដូចជាមុខងារ ផ្សេងៗទៀតផងដែរ។ OnePlus 7T Pro អាចនឹងត្រូវប្រកាស នៅថ្ងៃទី 29 ខែតុលា និងអាចដាក់លក់នៅ 3 ថ្ងៃ បន្ទាប់គឺ ថ្ងៃទី 1 ខែវិច្ឆិកា ចុងឆ្នាំនេះឯង ចំពោះតម្លៃវិញវាអាចនឹង ចាប់ផ្តើមពី 700$ ឡើងទៅ (តម្លៃស្រុកគេ)។

សរុបមកវិញ ទាំងនេះជាពត៌មានបែកធ្លាយដំបូងរបស់ OnePlus 7T Pro ហើយលោកអ្នកអាចចំណាំខ្លះៗសិនទៅ ទម្រាំតែពត៌មាន ពិតប្រាកដមកដល់ ហើយយើងក៏សង្ឃឹមថា ម៉ូឌែលមួយនេះ នឺងកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន។ តើអ្នកគិតយ៉ាងណាដែរ ចំពោះម៉ូឌែលកន្ទុយ T Pro នេះ?

ប្រភព៖ CAMBO REPORT