បន្ទាប់ពីលេចចេញរូបរាង P40, P40 Pro ឥលូវនេះ Huawei អាចមាន P40 Pro PE មួយទៀត

Published Date: Monday, January 20, 2020 09:21 AM

មិនខុសទេ ពត៌មានជាច្រើនមកហើយ បាននិយាយពី Huawei P40 និង P40 Pro កាន់តែពិសេស គេក៏បានដឹងពីចំនួនពណ៌ ដែលអាចនឹងមាននៅលើស្មាតហ្វូន ទាំងពីរម៉ូឌែលខាងលើនេះទៀតផង ហើយដំណឹងនោះ គឺទើបតែបង្ហាញម្សិលមិញនេះប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ គេបានដឹងទៀតថា ឆ្នាំនេះស្មាតហ្វូនត្រកូល P របស់ Huawei អាចនឹងមិនមែនមានតែ 2 ម៉ូឌែល ដូចរាល់ឆ្នាំនោះទេ ពោលគឺគេបានដឹងថា អាចនៅមាន Huawei P40 Pro PE មួយទៀត ហើយខាងក្រោមនេះ ក៏អាចរូបរាងពិតប្រាកដរបស់វាផងដែរ។

ប្រាកដណាស់ បើតាមរូបរាងដែលយើងបានឃើញនោះ អាចនិយាយបានថា Huawei P40 Pro PE ដែលកន្ទុយ PE នេះ មកពីពាក្យពេញថា Premium Edition អាចមានការរចនាស្រដៀងនឹងដំណឹងលេចធ្លាយរបស់ Huawei P40 និង P40 Pro ដែរ គ្រាន់តែមានបន្ថែមកាមេរ៉ាថែមទៀត ដែលសរុបទាំងអស់ដល់ទៅ 5 ឯណោះ ដែលក្នុងនោះ Flash LED ត្រូវបានទម្លាក់ចុះមកក្រោម ខុសពី P40។ លើសពីនេះ កាមេរ៉ាមុខដែលជាលេនទំលុះអេក្រង់ពីរគ្រាប់របស់វា ហាក់ដូចជាខិតទៅខាងលើ ខ្លាំងជាង P40 ដោយសារតែអេក្រង់នោះ គឺកោងទាំង 4 ជ្រុងតែម្ដង ដែលធ្វើឲ្យផ្ទៃលាតកាន់តែធំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅផ្នែកខាងក្រោមរបស់វា គឺមានភ្ជាប់មកជាមួយរន្ធសាកថ្ម USB-C ជាមួយរន្ធស្រូបសម្លេង និងរន្ធបំពងសម្លេង ចំណែកផ្នែកខាងលើ គឺមិនមានរន្ធអ្វីនោះទេ ពោលគឺរលោងស្អាតតែម្ដង។ យ៉ាងណាក៏ដោយ នៅក្នុងកញ្ចប់កាមេរ៉ាខាងក្រោយរបស់វានោះ ត្រូវបានគេរំពឹងថា អាចនឹងលេនមួយមានសមត្ថភាពអាចធ្វើការពង្រីកបែប Optical Zoom បាន 10 ដង ហើយខ្នងខាងក្រោយរបស់វា អាចនឹងធ្វើឡើងពីសេរ៉ាមិចថែមទៀតផង។

អញ្ចឹងហើយ ខាងលើនេះ ជាអ្វីដែលយើងបានដឹងថា វាអាចនឹងមាននៅលើស្មាតហ្វូនម៉ូឌែលថ្មីមួយទៀត ដែលស្ថិតក្នុងត្រកូលរបស់ P40 ដែរ ពិតណាស់វាត្រូវបានគេហៅថា Huawei P40 Pro PE ថែមទៀតផង។ យ៉ាងណាក៏ដោយ ចំពោះលក្ខណៈសម្បត្តិផ្សេងទៀត វាមិនទាន់ត្រូវបានគេបញ្ជាក់ប្រាប់នោះឡើយ ប៉ុន្តែអ្វីដែលយើងអាចប្រាកដបាន ក្នុងពេលនេះនោះគឺថា វាទំនងជាប្រើប្រាស់ឈីប Kirin 990 5G ក៏ដូចជាអាចនឹងមាន បំពាក់មកជាមួយទំហំផ្ទុក ព្រមទាំងរ៉េម ធំជាងពីរម៉ូឌែលផ្សេងទៀតអញ្ចឹងដែរ។

ប្រភព៖ CAMBO REPORT