បែក​ធ្លាយ Vivo NEX 3 អាច​នឹង​មាន​អេក្រង់​លាត​ពេញ​មួយ​តួ​ខ្លួន​ដល់​ទៅ 100%

Published Date: Saturday, July 27, 2019 10:37 AM

ចាប់តាំងពីស៊េរី Vivo Nex ប្រកាសចេញមក ដែលត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនបង្ហាញទ្វារ ទៅកាន់អនាគតលើកដំបូង ជាមួយការបំពាក់អេក្រង់លាត ស្ទើរតែគ្មានគែម ដោយគេបានហៅថា Ultra FullView “Zero Screen” នេះឯង។ ជាក់ស្តែង ថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយចំនួន បានចុះផ្សាយពី ស្មាតហ្វូនត្រកូល NEX ជំនាន់ទី 2 របស់ Vivo ដែលមានអេក្រង់លាតធំ គែមក៏ខ្លី គ្មានឆក ឬកាមេរ៉ាម៉ូតដំណក់ទឹកអ្វី នៅទើសលើអេក្រង់ទេ ជាហេតុដែលធ្វើឲ្យផ្ទៃបង្ហាញ រូបភាពកាន់តែធំច្បាស់ ពេញភ្នែកតែម្តង។

ខណៈដែលព័ត៌មាន Vivo NEX 2 កំពុងផ្ទុះឡើងមិនបានប៉ុន្មានផង ស្រាប់តែនៅក្នុងពេលនេះ ក៏ប្រទះឃើញរាង ស្មាតហ្វូនមួយម៉ូឌែលទៀត ដែលអាចរំពឹងទុកថា វាជាខ្សែស្រឡាយរបស់ NEX 2។ បើយោងតាមប្រភពពី Ice Universe បានបង្ហោះលើបណ្តាញ Twitter ជារូបភាពមួយសន្លឹក បានឲ្យឃើញ ពីរាងបន្ទះកញ្ចក់ លាតស្តើងនៃស្មាតហ្វូនជំនាន់ថ្មីនេះ ដែលគេអាចដឹងថាជា ស្មាតហ្វូន NEX ជំនាន់ទី 3 របស់ Vivo។ បើយើងមើលទៅលើរូបភាព ខាងក្រោមនេះ ឃើញថាវាមានសភាពកោងខ្លាំង រចនាមកជាមួយអេក្រង់ Aspect Ratio លាតពេញមួយតួខ្លួន 100% តែម្តង គ្មានសល់គែមឡើយ។

ប្រភពដដែរបានបន្តទៀតថា ស្មាតហ្វូនប្រភេទនេះ អាចមិនមានស្នាមអុជ ឫ ឆកអ្វីទាំងអស់ ដែលវាជាចម្ងល់មួយ បានចោទសួរថា តើគេនឹងបំពាក់កាមេរ៉ា Selfie និង កាមេរ៉ាក្រោយបែបណា បើអេក្រង់ទូរសព្ទលាត ទាំងស្រុងអញ្ចឹង? គួរបញ្ជាក់ផងដែរថា Vivo NEX 3 អាចនឹងប្រើប្រាស់កាមេរ៉ាបង្កប់ ក្នុងអេក្រង់លើកដំបូង ដែលក្រុមហ៊ុនបានប្រកាស ជាផ្លូវការនូវសមិទ្ធិផលមួយនេះ កាលពីលើកមុន។ ដូចច្នេះ សម្រាប់អ្នកដែលចង់បាន ចម្លើយច្បាស់លាស់ មានតែយើងរង់ចាំមើល ទាំងអស់គ្នា នៅពេលដែល Vivo NEX 3 ប្រកាសបញ្ចេញរូបរាង ពេញលេញ នាពេលខាងមុខ ឆាប់ៗនេះ។

ប្រភព៖ CAMBO REPORT