ប្រទេសជប៉ុនមានគម្រោងចង់សម្រេចការអភិវឌ្ឍន៍បច្ចេកវិទ្យា 6G ឲ្យបានត្រឹមឆ្នាំ 2030 តែម្ដង

Published Date: Monday, January 20, 2020 11:20 AM

ខណៈពេលដែលបច្ចេកវិទ្យា 5G នៅមិនទាន់ធំទូលាយផងនោះ ជាក់ស្ដែងនៅក្នុងស្រុកយើង ព្រមទាំងប្រទេសជាច្រើនទៀត ជុំវិញពិភពលោកពេលបច្ចុប្បន្ននេះ ដោយឡែករបាយការណ៍ថ្មីមួយ ចុះផ្សាយចេញពីសារព័ត៌មាន Nikkei បានបញ្ជាក់ប្រាប់ថា ប្រទេសជប៉ុនកំពុងតែធ្វើការសិក្សាលើ បច្ចេកវិទ្យាបណ្ដាញប្រព័ន្ធជំនាន់ក្រោយមួយទៀត ដែលមានល្បឿនលឿនជាង 5G ដល់ទៅ 10 ដងឯណោះ។ លើសពីនេះទៅទៀត ប្រទេសជប៉ុនក៏មានទំនុកចិត្តខ្ពស់ថា ខ្លួននឹងអាចសម្រេចបានគោលដៅនេះ ឲ្យបាននៅឆ្នាំ 2030 សម្រាប់ចរាចរណ៍លើទីផ្សារ ទូទាំងសកលលោក។

ប្រភពខាងលើដដែល បានលើកឡើងមកថា ក្រសួងកិច្ចការផ្ទៃក្នុង ហើយគមនាគមន៍នៃប្រទេសជប៉ុន នឹងបង្កើតប្រព័ន្ធស្រាវជ្រាវ ទាំងរបស់រដ្ឋាភិបាល និងស៊ីវិល នៅខែមករានេះហើយ ដើម្បីឲ្យសម្រេចបានគោលដៅបច្ចេកវិទ្យា 6G ជំនាន់ក្រោយនេះ។ បន្ទាប់មកទៀត អ្នកតំណាងមកពីក្រុមហ៊ុន NTT Docomo និង Toshiba ក៏មកចូលរួមបង្កើតយុទ្ធសាស្រ្តផ្សេងៗ ដូចជាគោលដៅអនុវត្តលើប្រព័ន្ធ 6G និងការគាំទ្រគោលនយោបាយ នៅខែមិថុនាក្នុងឆ្នាំ 2020 តែម្ដង។ សម្រាប់ថវិកាចំណាយលើការសិក្សាស្រាវជ្រាវនេះ នឹងត្រូវប្រើប្រាស់ប្រាក់ជាតិពីរដ្ឋាភិបាល ដើម្បីពន្លឿនពេលឲ្យសម្រេចបានត្រឹមឆ្នាំ 2030 ផងដែរ។ ស្របនឹងពេលដែលបច្ចេកវិទ្យា 5G មានល្បឿនលឿនខ្លាំងជាង 4G រហូតដល់ទៅ 10 ដងរួចមកហើយ ជាមួយនឹងល្បឿនឡើងដល់ 100 ជីហ្គាបៃក្នុងមួយវិនាទី ដូច្នេះបច្ចេកវិទ្យា 6G នឹងលើសចំនួននេះដល់ទៅ 10 ដងបន្ថែមទៀតឯណោះ បើយោងទៅតាមការអះអាងពីអ្នកស្រាវជ្រាវ។

គួរតែបញ្ជាក់ប្រាប់ផងថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងប្រទេសហ្វាំងឡង់ ក៏កំពុងតែចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវ និងវិនិយោគទៅលើបច្ចេកវិទ្យា 6G ដែរ ដោយធ្វើយ៉ាងណាឲ្យបញ្ចប់ការអភិវឌ្ឍន៍បាន នៅក្នុងរយៈពេល 10 ឆ្នាំខាងមុខនេះ។ ទោះបីជា 5G កំពុងរីកដុះដាលពិតមែនក្ដី ប៉ុន្ដែមានប្រទេសជាច្រើន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសិក្សាលើបច្ចេកវិទ្យាជំនាន់ក្រោយមួយទៀត សម្រាប់ពេលអនាគត។