ប្រទះ​ឃើញ​ពិន្ទុ​ធ្វើ​តេស្ត Galaxy Note 10+ 5G ជម្រើស​រ៉េម 12GB នៅ​លើ Geekbench

Published Date: Tuesday, July 30, 2019 01:42 PM

សម្រាប់ Samsung Galaxy Note 10+ 5G ដែលមានលេខ សម្គាល់ម៉ូឌែល SM-N976N ត្រូវបានគេប្រទះឃើញ ពិន្ទុធ្វើតេស្តនៅលើ Geekbench ដោយបានបង្ហាញថាត្រកូល Galaxy Note ជំនាន់ចុងក្រោយនេះ ត្រូវបានបំពាក់មក ជាមួយរ៉េមទំហំ 12GB និងប្រើប្រាស់បន្ទះឈីប Exynos 9825។

 

 

 

មិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេ ដែល Galaxy Note 10+ 5G ដំណើរការដោយ Android Pie នោះ ពីព្រោះពេលនេះ Android Q ស្ថិតក្នុងជំនាន់ Beta នៅឡើយ ប៉ុន្តែវានឹងអាច អាប់ដេតឡើងទៅ Android Q ជំនាន់ថ្មីនេះ បន្ទាប់ពីក្រុមហ៊ុន Google បញ្ចេញវាជាផ្លូវការ នៅចុងឆ្នាំនេះ និងអាចមកជាមួយស្បែក Interface One UI ជំនាន់ 2.0 ចុងក្រោយ ថែមទៀតផង។

 

ពិតណាស់ នៅក្នុងថ្ងៃនេះ មានគេបានប្រទះឃើញ ពិន្ទុធ្វើតេស្ដរបស់ Galaxy Note 10+ 5G នៅលើ Geekbench ជាមួយនឹងការប្រើប្រាស់ បន្ទះឈីប Exynos 9825 ជំនាន់ចុងក្រោយ ដោយពិន្ទុ Single-Core មានចំនួន 4532 រីឯពិន្ទុ Multi-Core មានចំនួនច្រើនដល់ទៅ 10431 ពិន្ទុ។ លទ្ធផលនេះ គឺប្រហាក់ប្រហែលគ្នា ទៅនឹង Galaxy S10+ ដែរ ប៉ុន្តែឈីប Exynos 9825 ធ្វើបានល្អជាងត្រង់ពិន្ទុ Single-core បើធៀបទៅនឹង បន្ទះឈីប Snapdragon ដែលបានបំពាក់នៅលើ Galaxy S10+។ សូមចាំសិនថាទាំងនេះ គឺជាការធ្វើតេស្តបឋមប៉ុណ្ណោះ លទ្ធផលអាចមានការផ្លាស់ប្តូរ ព្រោះថា Samsung អាចនឹងបង្កើនសមត្ថភាព ឧបករណ៍របស់ខ្លួនបន្ថែមទៀត។

 

 

ជាចុងក្រោយ Samsung Galaxy Note 10 ស៊េរី ជំនាន់ចុងក្រោយមួយនេះ នឹងត្រូវបានប្រកាសចេញ ជាផ្លូវការ នៅថ្ងៃទី 07 ខែសីហា ខាងមុខ ដែលធ្វើឡើងក្នុងទីក្រុង New York ហើយមានរបាយការណ៍ថ្មីៗ បានបង្ហាញថា ខ្សែស្រឡាយ Galaxy Note 10 នេះ ទំនងជានឹងមានសម្រាប់ ការបញ្ជាទិញទុកជាមុន ព្រមគ្នាជាមួយ ថ្ងៃប្រកាសចេញផងដែរ។

ប្រភព៖ CAMBO REPORT