ប្រភព​ថ្មី​បញ្ជាក់​ថា Huawei Mate X នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ចុង​ខែ​តុលា​នេះ​ហើយ

Published Date: Thursday, October 17, 2019 11:42 AM

សម្រាប់ឆ្នាំ 2019 នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ បានបង្កភាពភ្ញាក់ផ្អើលច្រើន ដោយបានដាក់បង្ហាញ នូវបច្ចេកវិទ្យាថ្មីៗ របស់ខ្លួន ជាពិសេសនោះ គឺស្មាតហ្វូនអេក្រង់បត់នេះ តែម្តង។ មិនខុសទេ បើនិយាយអំពី ស្មាតហ្វូនអេក្រង់បត់ នាពេលបច្ចុប្បន្ននោះ គេប្រាកដជានឹកឃើញដល់ Samsung Galaxy Fold និង Huawei Mate X មុនគេ។ យ៉ាងណា មកដល់ពេលនេះ Samsung ក៏បានបញ្ចេញលក់អាវុធមុចស្រួច របស់ពួកគេហើយ ខណៈ Huawei Mate X ត្រូវបានពន្យារពេល ក្នុងការចេញលក់ ជាច្រើនលើកច្រើនសា ក៏ប្រហែលដោយសារនៅមានបញ្ហាបច្ចេកទេសមួយចំនួន ដែលត្រូវធ្វើការពិនិត្យ និងកែប្រែឡើងវិញ រាល់ចន្លោះប្រហោងទាំងនោះ។

 

បើត្រលប់ទៅកាលពីខែមុន ក្រុមហ៊ុន Huawei បានប្រាប់ទៅកាន់ ភ្នាក់ងារសារព័ត៌មានថា ស្មាតហ្វូនអេក្រង់បត់ Mate X ជំនាន់ដំបូងរបស់ខ្លួន នឹងត្រូវពន្យារពេល ដាក់លក់លើទីផ្សារ នៅដើមខែតុលានេះវិញ ហើយមូលហេតុនោះគឺ ខ្លួនមិនចង់ចេញលក់ ផលិតផលអ្វីមួយ ដែលធ្វើឲ្យបំផ្លាញ កេរ្តិ៍ឈ្មោះក្រុមហ៊ុននោះទេ។ ក្នុងន័យនេះ ក្រុមហ៊ុន Huawei ចង់សំដៅទៅលើ Galaxy Fold របស់ក្រុមហ៊ុន Samsung ដែលបានជួបប្រទះនឹងបញ្ហា នាពេលកន្លង។ ស្រាប់តែក្នុងថ្ងៃនេះ យើងទទួលបាន របាយការណ៍ថ្មីមួយទៀតថា Huawei Mate X នឹងត្រូវពន្យារពេលក្នុងការចេញ លក់ម្តងទៀតហើយ ដោយលើកនេះ វានឹងធ្វើដំណើរមកកាន់ទីផ្សារ ប្រទេសចិនមុនគេ នៅចុងខែតុលានេះ ហើយវាអាចនឹងមាន 2 ម៉ូឌែលថែមទៀតផង ដែលមួយប្រើឈីប Kirin 980 និងមួយម៉ូឌែលទៀត ប្រើឈីប Kirin ជំនាន់ចុងក្រោយ 990 ដែលគាំទ្របច្ចេកវិទ្យា 5G។ មិនតែប៉ុណ្ណោះ សម្រាប់ម៉ូឌែល ដែលដំណើរការ ដោយឈីប Kirin 990 នេះ ត្រូវបានគេរំពឹងទុកថា លក្ខណៈសម្បតិ្តនៃ កាមេរ៉ាក្រោយ 3 គ្រាប់របស់វា នឹងត្រូវរចនាឡើងដូចទៅនឹងស៊េរី Huawei P30 Pro អញ្ចឹងដែរ។

Huawei Mate X មានអេក្រង់ទំហំ 8 អ៊ីញ ជាប្រភេទ OLED មានកម្រិត Aspect Ratio 8:7.1 អាចបង្ហាញរូបភាពក្នុងកម្រិត 2480 x 2200 ភិចសែល ខណៈពេលដែលបត់អេក្រង់ចូលគ្នាទៅ វាមានអេក្រង់ទំហំ 6.6 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 2480 x 1148 ភិចសែល ដោយទំហំទាំងលាតទាំងបត់ គឺធំជាង ម៉ូឌែល FlexPai និង Galaxy Fold តែម្តង។ ចំពោះផ្នែកអេក្រង់ពេលបត់ចូលគ្នាទំហំ 6.6 អ៊ីញនេះ គឺវាធំជាងស្មាតហ្វូនអេក្រង់អត់បត់ទៅទៀត ហើយផ្ទៃលាតរបស់វា ក៏លាតសន្ធឹងធំសល់គែមខ្លី ដូចទៅនឹងស្មាតហ្វូនស៊េរីកំពូលៗ មួយចំនួនផងដែរ ដោយផ្តល់ភាពងាយស្រួល ទស្សនាពេញចិត្ត ពេញភ្នែក ថែមទៀត។

 

 

និយាយរួមមក ទាំងអស់នេះ ជាព័ត៌មានថ្មីមួយ ដែលបង្ហើបឲ្យយើងដឹងថា ការធ្វើដំណើរ មកកាន់ទីផ្សារ ជាលើកដំបូងរបស់ស្មាតហ្វូន កាត់ថេប្លេត របស់ Huawei បានខិតជិតមកដល់ ហើយក៏សង្ឃឹមថា នេះគឺជាដំណឹងទាក់ទងនឹងកាលបរិច្ឆេទ នៃការដាក់លក់ Mate X ជាលើកចុងក្រោយទៅចុះ។

ប្រភព៖ CAMBO REPORT