ប្រភព​មួយ​បង្ហើប​ប្រាប់​ថា iPhone 11 Series ក៏​មាន​មុខងារ​សាក​ថ្ម​ឲ្យ​គេដែរ ប៉ុន្ដែ​ត្រូវ​បាន​បិទ​ដោយ​ផ្នែក Software ទៅវិញ

Published Date: Saturday, September 14, 2019 09:42 AM

ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានសម្គាល់ឃើញថា លក្ខណៈសម្បត្តិរបស់ iPhone 11 Series គឺស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹងព័ត៌មានលេចធ្លាយ ដែលបានចេញផ្យាយ កាលពីមុនៗអញ្ចឹង ដោយរួមមានបញ្ចូលទាំង រូបរាងឌីហ្សាញខាងក្រៅ ថែមទៀតផង។ ចំណែកឯចំណុចខ្វះខាត នៅលើផ្នែកមួយនោះគឺ មុខងារសាកថ្មទៅឲ្យ ឧបករណ៍ដទៃទៀតបាន ដូចជានាឡិកាវៃឆ្លាត Apple Watch និងកាសឥតខ្សែ AirPods ជាដើម។ មកដល់ពេលឥឡូវនេះ ក៏មានប្រភពគួរឲ្យទុកចិត្តមួយ បាននិយាយប្រាប់ថា Apple មានផ្ទុកនូវគ្រឿងផ្នែករឹង សម្រាប់ឲ្យមុខងារថ្មីនេះ ដាក់ឲ្យដំណើរការបាន នៅលើ iPhone 11 Series ប៉ុន្ដែសម្រេចចិត្តបិទវាដោយ Software ទៅវិញ។

 

ពិតប្រាកដណាស់ មុខងារសាកថ្មឲ្យគេ ឬហៅថា Reverse Wireless Charging គឺមិនមែនថ្មីមុនគេនោះទេ ដោយយើងឃើញមាននៅលើ Galaxy S10 Series និង Galaxy Note 10 Series រួចមកហើយ។ សម្រាប់របាយការណ៍ លេចធ្លាយថ្មីលើកនេះ គឺបានចែកចាយដោយលោក Sonny Dickson ហើយបានបង្ហោះនៅលើ Twitter មកថា iPhone 11 និង iPhone 11 Pro/Pro Max ពិតច្បាស់ណាស់មានគ្រឿង Hardware របស់មុខងារសាកថ្មឲ្យគេនេះ ប៉ុន្ដែគួរឲ្យសោកស្ដាយ Apple បានបិទវាតាមរយៈ Software បាត់ទៅហើយ។ យ៉ាងណាក៏ដោយ គាត់មិនទាន់ទទួលបាន ដំណឹងថាហេតុអ្វីបានជា Apple សម្រេចចិត្តធ្វើដូច្នេះនោះទេ ប៉ុន្ដែមានគេសង្ស័យថា អាចមកពីប្រទះជួបបញ្ហា និងមិនទាន់រកវិធីដោះស្រាយ ឃើញនៅឡើយទេ។ កាលពីពេលមិនទាន់ ប្រកាសចេញជាផ្លូវការ ទាំងអ្នកវិភាគជំនាញ លោក Ming-Chi Kuo និងលោក Mark Gurman ដែលសុទ្ធតែប្រភពជិតដិត បាននិយាយប្រាប់ថា iPhone 11 Series គឺសុទ្ធតែមានបំពាក់ នូវមុខងារមួយនេះ លើគ្រប់ម៉ូឌែលទាំងអស់។

 

ប្រសិនបើរបាយការណ៍នេះ គឺពិតប្រាកដមែននោះ ដូច្នេះយើងមានសង្ឃឹមច្រើនថា នាពេលអនាគតខាងមុខនេះ ក្រុមការងារ Apple អាចនឹងបើកមុខងារសាកថ្មឲ្យ ឧបករណ៍ដទៃទៀតនេះ តាមកំណែអាប់ដេត បានថែមទៀតផង។ លើសពីនេះទៅទៀត អ្នកនិយមប្រើប្រាស់ iPhone ភាគច្រើន គឺសុទ្ធតែមាននូវ Apple Watch និងព្រមទាំង AirPods ដូច្នេះហើយមុខងារមួយនេះ គឺពិតជាមានប្រយោជន៍ខ្លាំង សម្រាប់បម្រើការងារ ប្រចាំថ្ងៃផងដែរ។

ប្រភព៖ CAMBO REPORT