ផ្អែក​តាម​ពិន្ទុ GeekBench បង្ហាញ​ថា Xperia 3 នឹង​បំពាក់​ឈីប​ខ្លាំង Snapdragon 865 អម​នឹង​រ៉េម​ទំហំ 12GB

Published Date: Friday, December 13, 2019 02:56 PM

សម្រាប់ឆ្នាំ 2019 នេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Sony ហាក់ដូចជា បានយកចិត្តទុកដាក់ ផ្តោតលើវិស័យស្មាតហ្វូន របស់ខ្លួនជាខ្លាំងមុន។ ក្នុងនោះ រួមមានទាំងម៉ូឌែលលំដាប់កំពូលផង និងម៉ូឌែលលំដាប់មធ្យមដែរ ដែលសុទ្ធតែភ្ជាប់មកជាមួយលក្ខណៈសម្បតិ្តពិសេសៗ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ក៏ដូចជាបន្តដង្ហើមឲ្យស្លាកយីហោខ្លួន ដែលធ្លាប់តែល្បីល្បាញ និងមានអ្នកគាំទ្រច្រើនគួរសម្យ មិនចាញ់ក្រុមហ៊ុនស្មាតហ្វូនធំៗ ដទៃទេ។

 

បើនិយាយទៅដល់ម៉ូឌែលលំដាប់កំពូលវិញ កាលពីដើមឆ្នាំ 2019 Sony បានប្រកាសចេញ Xperia 1 ជាមួយរូបរាង ព្រមទាំងមានអេក្រង់បង្ហាញ គុណភាពខ្ពស់ និងមានលក្ខណៈជាខ្នាតកុន។ ហើយមកដល់ខែកញ្ញាវិញ Sony ក៏បានបញ្ចេញ Xperia 5 ដោយត្រូវបានបំពាក់មកជាមួយ លក្ខណៈសម្បត្តិលំដាប់កំពូលផងដែរ។ ចំណែកពេលនេះ យើងក៏បានឮដំណឹងថ្មីមួយផ្សេង ទាក់ទងការដាក់បង្ហាញឲ្យដឹង ពីវត្តមាន នៃកំពូលស្មាតហ្វូន Xperia 3 ថែមទៀត តាមរយៈពិន្ទុធ្វើតេស្ដ Benchmark ដែលវាមានលេខម៉ូឌែល PM-1310 រត់នៅលើបន្ទះឈីប លំដាប់កំពូលចុងក្រោយ របស់ក្រុមហ៊ុន Qualcomm Snapdragon 865, មាន CPU ចំនួន 8 គ្រាប់ ដែលទទួលបានពិន្ទុ Single-core 4261 និងពិន្ទុ Multi-core 13422 ឯណោះ។ លើសពីនេះ Xperia 3 គឺមាន RAM ទំហំ 12GB និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រាប់តែម្តង។

 

សរុបមក សម្រាប់ពេលបច្ចុប្បន្ន យើងនៅខ្វះព័ត៌មានមួយចំនួនទៀត ពីឧបករណ៍មួយគ្រឿងនេះ ទាំងរចនាបថរូបរាង និងលក្ខណៈសម្បត្តិផ្សេងៗទៀត។ យ៉ាងណា បើតាមការលេចធ្លាយលើកមុន បានបង្ហើបឲ្យដឹងខ្លះៗ ថាស្មាតហ្វូនលំដាប់កំពូល Xperia 3 អាចនឹងមានកាមេរ៉ាក្រោយចំនួន 6 គ្រាប់ឯណោះ ហើយវាក៏ត្រូវបានគេរពឹងទុកថា នឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2020 ខាងមុខនេះ ដូចជំនាន់ទីមួយដែរ និយាយឲ្យចំទៅគឺ នៅក្នុងអំឡុងខែកុម្ភៈ ខាងមុខនេះឯង។