ពេញ​ចិត្ត​ទេ​ ចំពោះ​ពណ៌​មាស​ដែល​មាន​នៅលើ​ ទូរសព្ទ​ឆ្លាត​អេក្រង់​បត់ ​Motorola​ Razr ​នេះ​?​

Published Date: Thursday, February 6, 2020 04:05 PM

យើងគ្រប់គ្នាធ្លាប់បានស្គាល់ហើយ ពីទូរសព្ទឆ្លាតវៃអេក្រង់បត់មួយរបស់ Motorola ដែលវាមានឈ្មោះថា Motorola Razr ដោយនេះជាទូរសព្ទឆ្លាតមួយ ដែលធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ចំពោះវត្តមានរបស់វា នៅលើទីផ្សារ ថែមទៀតផង។ នេះក៏ដោយសារតែ វាមានប្រើបច្ចេកវិទ្យាបត់ តាមស្ទាយផ្ទាល់ខ្លួន ពោលគឺការបត់ស្រដៀងនឹង ទូរសព្ទជំនាន់មុនហ្នឹងឯង ហើយបន្ទាប់ពីបានប្រកាសចេញ កាលពីឆ្នាំមុនរួចហើយ មកទល់ពេលនេះ វត្តមានរបស់វាទៅកាន់ទីផ្សារ កាន់តែខិតជិតមកដល់ហើយ ពោលគឺនៅក្នុងខែក្រោយនេះតែម្ដង។

មិនខុសទេ ចំពោះវត្តមានរបស់នៅលើទីផ្សារនោះ វាត្រូវបានគេដឹងថា មានតម្លៃខ្ទង់ ៥ លាន ៩៩ ម៉ឺនរៀល ឬអាចនិយាយបានថា 1,499 ដុល្លារឯណោះ ដែលក្នុងនោះវាមានតែជម្រើសពណ៌ខ្មៅមួយប៉ុណ្ណោះ។ ដោយឡែក នៅក្នុងពេលនេះ ប្រភពបែកធ្លាយធំៗជាច្រើន បានបង្ហាញពីជម្រើសពណ៌មួយទៀត របស់ Motorola Razr ខាងលើនេះ នោះគឺជាពណ៌បែបទឹកមាស ដូចដែលបានឃើញ នៅក្នុងរូបភាពអញ្ចឹង។ យ៉ាងណាក៏ដោយ គេគ្រាន់តែប្រទះឃើញពណ៌ថ្មីនោះប៉ុណ្ណោះ ប៉ុន្តែមិនមានន័យថា Motorola អាចនឹងប្រកាសចេញនោះទេ ហើយបើសិនជាប្រកាសចេញមែននោះ គេរំពឹងថា វាអាចនឹងមានតម្លៃ កាន់តែថ្លៃជាងមុនទៅទៀត។ គួរបញ្ជាក់ដែរថា ទូរសព្ទឆ្លាតវៃខាងលើនេះ វាប្រើប្រាស់អេក្រង់ផ្លាស្ទិក pOLED ដែលមានទំហំ 6.2 អ៊ីញ ខ្នាតកុន 21:9 មានកម្រិតបង្ហាញរូបភាព 2142 x 876 ភិចសែល ព្រមបំពាក់មកជាមួយបន្ទះឈីប Snapdragon 710 ហើយមានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។

លើសពីនេះ វាក៏មានអេក្រង់ទី 2 មួយទៀត សម្រាប់បង្ហាញពេលដែលអេក្រង់បានបត់ ក៏ដូចជាសម្រាប់ថតរូប និងប្រើមុខងារមួយចំនួនទៀត ដែលមានទំហំ 2.7 អ៊ីញ ជាប្រភេទ gOLED ជាមួយកម្រិតបង្ហាញរូបភាព 600 x 800 ភិចសែល។ ចំពោះថាមពលថ្ម វាមានបំពាក់មកទំហំ 2,510mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន TurboPower កម្លាំង 15W ក៏ដូចជាដំណើរការដោយ Android 9 Pie មិនមែន Android 10 នោះទេ។ និយាយរួមមកវិញ ពណ៌មាសថ្មី ដែលយើងបានឃើញ នៅលើតួខ្លួនរបស់ Motorola Razr នោះ គឺមិនប្រាកដនោះទេ ថានឹងត្រូវប្រកាសចេញពិតមែន ឬមួយក៏អត់ ប៉ុន្តែបើសិនជាចេញមែន វាអាចនឹងមានតម្លៃថ្លៃជាងមុនផងដែរ។

ប្រភព៖ CAMBO REPORT