លេច​ចេញ​រូប​រាង Huawei Mate 30 Lite/Nova 5i Pro មុន​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវ​ការ

Published Date: Tuesday, July 23, 2019 10:15 AM

កាលពីសប្ដាហ៍មុននេះ ស្មាតហ្វូនម៉ូឌែល Huawei Mate 30 Lite/Nova 5i Pro គឺត្រូវបានគេប្រទះឃើញ ចុះក្នុងបញ្ជីគេហទំព័រ TENAA ដែលដាក់បង្ហាញនូវ លក្ខណៈសម្បត្តិ និងរួមមានទាំង ការឌីហ្សាញផងដែរ។ រហូតមកដល់ពេលនេះ អ្នកចែកចាយពត៌មាន លេចធ្លាយដ៏ជំនាញម្នាក់ Wang Fenjin បានបង្ហោះនូវរូបភាពជាច្រើន ដែលជាការចាប់កាន់ ស្មាតហ្វូនម៉ូឌែល Huawei Mate 30 Lite នៅខាងក្រៅ ផ្ទាល់តែម្ដង តាមរយៈគណនី Weibo របស់គាត់។

ស្មាតហ្វូនម៉ូឌែល Huawei Mate 30 Lite នឹងត្រូវបានដាក់លក់ នៅលើទីផ្សារចិន ក្រោមឈ្មោះ ផ្សេងថា Nova 5i Pro ដោយដូចគ្នា ទាំងស្រុង ខុសតែឈ្មោះប៉ុណ្ណោះ។ រូបភាពលេចធ្លាយទាំងនេះ អាចឲ្យយើងដឹងថា វានឹងមានអេក្រង់ទំហំ 6.26 អ៊ីញ មានការឌីហ្សាញបែប កាមេរ៉ាទម្លុះអេក្រង់ និងសេនស័រកាមេរ៉ាក្រោយ សរុបដល់ទៅចំនួន 4 គ្រាប់ឯណោះ។ ចំណែកឯសមាសធាតុ នៃសន្ទះខាងក្រោយ គឺមានលក្ខណៈស្រដៀងគ្នានឹង Huawei Mate 20 អញ្ចឹងដែរ ហើយមានកាមេរ៉ាដើមទំហំ 48MP ដែលមានភ្ជាប់មកនូវ សេនស័រកាមេរ៉ាជំនួយ 8MP, 2MP និង 2MP បន្ថែមទៀត។ មើលទៅលើផ្នែកខាងក្នុងវិញ ស្មាតហ្វូនម៉ូឌែល Huawei Mate 30 Lite គឺដំណើរការដោយឈីប Kirin 810 ជាមួយនឹងរ៉េមទំហំ 6GB/8GB + ទំហំផ្ទុក 128GB/256GB ហើយត្រូវបានផ្គត់ផ្គង់ ដោយ ថាមពលថ្មទំហំធំ 3,900mAh ថែមទៀតផង។

ប្រសិនបើយោងទៅតាម ប្រភពលេចធ្លាយថា Nova 5i Pro នឹងប្រកាសចេញជាផ្លូវការ នៅលើទីផ្សារចិន ក្នុងខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ដូច្នេះយើងអាចរំពឹងទុកថា Huawei Mate 30 Lite នឹងអាចចេញជាសកល យឺត ជាងប៉ុន្មានសប្ដាហ៍ ឬដើមខែកញ្ញាតែម្ដង។ សូម្បីតែតារាងតម្លៃ នៃស្មាតហ្វូន Huawei Mate 30 Lite/Nova 5i Pro ក៏នូវមិនទាន់បាន លេចធ្លាយដូចគ្នាផងដែរ ដូចនេះយើងអាចរង់ចាំ ដល់ថ្ងៃប្រកាសចេញ ជាផ្លូវការបាន។

ប្រភព៖ CAMBO REPORT