ស្មាតហ្វូនប៊ិចប្រចាំឆ្នាំ Galaxy Note 10/ Note 10+ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ ជា​មួយ​រចនាបថ​ថ្មី កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន និង​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត!

Published Date: Thursday, August 8, 2019 09:46 AM

នៅទីបំផុត Samsung បានបញ្ចប់នូវរាល់ មន្ទិលសង្ស័យចោល អស់ហើយ ដោយបានបញ្ចេញ ជាផ្លូវការ នូវ Galaxy Note ជំនាន់ថ្មី បង្ហាញអោយមនុស្សទូទាំងពិភពលោក បានឃើញ ដែលមានដូចជា Galaxy Note 10 & Galaxy Note 10+ (នៅមានម៉ូឌែល Note 10 5G/ Note 10+ 5G ផងដែរ) នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2019 ដែលប្រព្រឹត្តឡើង នៅវេលាម៉ោង 3 ទៀបភ្លឺ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ថ្ងៃទី 08 ខែសីហា នេះ។ សម្រាប់វត្តមាន Galaxy Note 10 Series ពេលនេះ គឺបានអង្រួនបេះដួង អ្នកទស្សនាមិនតិចឡើយ ទាំងនៅក្នុងសាល និងតាមកញ្ចក់ Livestream ជាមួយលក្ខណៈសម្បត្តិពិសេសៗ ដែល Samsung បានច្របាច់បញ្ចូល បច្ចេកវិទ្យាថ្មីៗ ទាំងអស់ មកនៅក្នុងម៉ាស៊ីន ស្មាតហ្វូននេះ។

 

 

លើកនេះ Samsung បានយល់កាន់តែច្បាស់ ពីទឹកចិត្តអ្នកប្រើប្រាស់ ក៏ដូចជាអតិថិជន របស់ខ្លួនផ្ទាល់ តាមរយៈភាពច្នៃប្រឌិតខ្ពស់ ទៅលើរូបរាង កម្លាំងម៉ាស៊ីន អេក្រង់ Software ប្រព័ន្ធសុវត្ថិភាព កាមេរ៉ា និងមានមុខងារវៃឆ្លាត ជាច្រើន។ អញ្ចឹង តើ Galaxy Note 10 និង Galaxy Note 10+ មានអ្វីថ្មី និងប្លែកខ្លះនោះ សូមតាមដានជាមួយខ្ញុំ នៅខាងក្រោមនេះ ទាំងអស់គ្នា៖

 

• រចនាបថរូបរាង

 

ដូចអ្វីដែលយើងទាំងអស់គ្នា បានឃើញអញ្ចឹងថា សម្រាប់រចនាបថរូបរាងថ្មី នៅលើ Galaxy Note 10 Series ដែលទើបនឹងប្រកាស ចេញក្ដៅៗនេះ គឺមានលក្ខណៈខុសគ្នាច្រើន តែម្តង បើធៀបជាមួយ Galaxy Note ជំនាន់មុន ដូចជា Note 8 និង Note 9 ជាដើម។ អាចនិយាយបានថា នេះជាការដុសខាត យ៉ាងខ្លាំង សម្រាប់ Galaxy Note 10 ទាំងរចនាបថ ផ្នែកខាងមុខ និងខ្នងខាងក្រោយ។ ចំពោះផ្នែកអេក្រង់ នៅលើ Galaxy Note 10 ថ្មីនេះ គឺលាតសន្ធឹង ពេញផ្ទៃខាងមុខ ស្រដៀងទៅនឹងផ្ទៃអេក្រង់ Galaxy S10 ដែរ ខុសតែទីតាំងកាមេរ៉ា Selfie ប៉ុណ្ណោះ ដោយ Galaxy S10/S10+ ស្ថិតនៅចំហៀង ខាងស្តាំ ខណៈ Galaxy Note 10/Note 10+ ដាំនៅចំកណ្តាល នៃផ្ទៃអេក្រង់ តែម្តង។ Galaxy Note 10 មានអេក្រង់ទំហំ 6.3 អ៊ីញ កោងគែមសងខាងបន្តិច ជាប្រភេទ Dynamic AMOLED អាចបង្ហាញរូបភាព នៅក្នុងកម្រិត 2280 x 1080 ភិចសែល និងមានដង់ស៊ីតេ 401ppi ចំណែកម៉ូឌែល Galaxy Note 10+ វិញ ក៏ជាអេក្រង់កោងគែមដូចគ្នា ជាមួយទំហំធំខ្លាំង ក្នុងប្រវត្តិសាស្ត្ររបស់ Samsung គឺ 6.8 អ៊ីញ ជាប្រភេទ Dynamic AMOLED ដែលអាចបង្ហាញរូបភាព ក្នុងកម្រិត 3040 x 1440 ភិចសែល និងមានដង់ស៊ីតេ 498ppi ហើយវាទាំង 2 ក៏ Support ជាមួយ HDR10+ ផងដែរ។

 

 

ងាកមកផ្នែកខាងក្រោយវិញ ក៏ត្រូវបានផ្លាស់ប្តូរច្រើនដែរ ជាមួយការផ្តាច់ចេញ រសជាតិ Note ចាស់ ចូលមករសជាតិ Note ថ្មី ដោយកាមេរ៉ាផ្តេកជាជួរ និងភ្លើង Flash ចំកណ្តាលតួខ្លួន លែងមានទៀតហើយ ព្រោះ Samsung បានរើសទីតាំងថ្មី មកនៅចំហៀងវិញ ដូចទៅនឹង Galaxy ត្រកូល A ជំនាន់ឆ្នាំ 2019 នេះដែរ និងជាពិសេស រចនាបថបែបនេះ ក៏ស្រដៀងគ្នា ទៅនឹងម៉ូតកាមេរ៉ាស្មាតហ្វូន P30/P30 Pro របស់ Huawei ដែរ។ អ្នកប្រហែលជាឆ្ងល់ថា បាត់សេនស័រស្គេនម្រាមដៃទៅណា? ប្រាកដណាស់ និងមិនខុសអី ពីព័ត៌មានលេចធ្លាយទេ Samsung ពិតជាបានដក សេនស័រស្គេនម្រាមដៃ ចេញពី Galaxy Note 10/Note 10+ មែនហើយ តែជំនួសមកវិញ នូវការបង្កប់សេនស័រ ក្នុងអេក្រង់ខាងមុខ ដូចទៅនឹង Galaxy S10/S10+ អញ្ចឹងដែរ។

 

• កាមេរ៉ា

 

ឥលូវបន្តចូលមកដល់ ផ្នែកកាមេរ៉ាវិញម្តង ដោយនិយាយចាប់ពីកាមេរ៉ាថត Selfie ទៅមុន គឺថាទាំង Galaxy Note 10/Note 10+ ត្រូវបានបំពាក់ជាមួយលេនមួយគ្រាប់ ដាំទំលុះអេក្រង់ មានទំហំ 10 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.2។ កំពូលស្មាតហ្វូនប៊ិចនេះ ត្រូវបានខាង Samsung តម្លើងកាណុង លើកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ជាមួយទំហំ 12 មេហ្គាភិចសែល ជាលេនគោល កម្រិត Aperture ធំបំផុតលោតដល់ f/1.5 និង 2.4 (OIS + Dual Aperture) + 16 មេហ្គាភិចសែល ជាលេន Ultra-wide កម្រិត Aperture f/2.2 + 12 មេហ្គាភិចសែល ជាលេន Telephoto កម្រិត Aperture f/2.1 / 45 ដឺក្រេ គ្រាន់តែចំពោះម៉ូឌែល Galaxy Note 10+ គឺមានបន្ថែមសេនស័រជំនួយ មួយទៀត ជាប្រភេទ DepthVision Camera។ លក្ខណៈពិសេស ទៅលើផ្នែកវីដេអូវិញ គឺយើងអាចធ្វើការថតព្រាល ផ្ទៃខាងក្រោយបាន ដូចទៅនឹងការថតរូប ដែរ និងអាច Edit បានលើចំនុច មួយចំនួន បានថែមទៀត។ AR លើកាមេរ៉ា Note 10 ក៏មានលក្ខណៈពិសេស និងឡូយជាងមុន ច្រើន ដែលអ្នកប្រើ នឹងពេញចិត្ត។

 

 

 

• កម្លាំងម៉ាស៊ីន

 

សម្រាប់ជិតចុងឆ្នាំ 2019 នេះ Samsung ក៏បានកែប្រែអាប់ដេត មិនធម្មតាដែរ ដើម្បីពង្រឹងទៅលើ ល្បឿនដំណើរការ របស់ម៉ាស៊ីនស្មាតហ្វូនរបស់ខ្លួន តាមរយៈការបំពាក់បន្ទះខួរក្បាលជំនាន់ថ្មី។ លើកនេះ ទាំង Galaxy Note 10/Note 10+ ត្រូវបានបំពាក់មកជាមួយ បន្ទះឈីបជំនាន់ថ្មី ចែកចេញជា 2 ប្រភេទ ដូចរាល់ដងអញ្ចឹង ដោយអាចជ្រើសរើស រវាងខួរក្បាល Qualcomm Snapdragon 855 និង Exynos លេខ 9825 ថ្មី ផលិតឡើងដោយ Samsung ផ្ទាល់ ដែលវានឹងចេញលក់ ទៅតាមគោលដៅទីផ្សារ ហើយស្រុកខ្មែរ យើងនឹងទទួលបានឈីប Exynos មុនគេ។

 

 

Galaxy Note 10/Note 10+ មានបំពាក់មករ៉េមទំហំ 8GB អមមកជាមួយ អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីនចាប់ 256GB (ជាប្រភេទ UFS 3.0) ឡើងទៅ និងមិនអាចបន្ថែមមេម៉ូរីបានឡើយ។ យ៉ាងណា ចំពោះម៉ូឌែល Galaxy Note 10+ ខាង Samsung មានតម្លើងរ៉េមលោតធំ ដល់ទៅ 12GB ទៀតផង ដែលធ្វើអោយកិច្ចការរបស់អ្នក ដំណើរការបានរលូន ទោះបីជាប្រើប្រាស់ បែបកិច្ចការច្រើន ក្នុងពេលតែមួយក៏ដោយ និងទំហំផ្ទុក 256GB / 512GB (ជាប្រភេទ UFS 3.0) ផងដែរ។ ក្នុងនោះ Samsung នៅបន្តដាក់អោយ អតិថិជនខ្លួន អាចបន្ថែម microSD ខាងក្រៅបាន។

 

 

• S-Pen ជំនាន់ថ្មី

 

 

យើងបានដឹងហើយថា S-Pen នៅលើ Galaxy Note 9 គឺមានលក្ខណៈពិសេសច្រើន ដូចជា ចុចថតរូប ចុចបញ្ជាវីដេអូលើ YouTube ប្រើប្រាស់ជាមួយនឹងកម្មវិធី Microsoft Office និងជាច្រើនផ្សេងៗទៀត ដែលធ្វើអោយត្រកូល Note នៅតែរក្សាឈ្មោះ ជាស្តេចស្មាតហ្វូនប៊ិច ជាបន្តបន្ទាប់មក។ ដោយឡែក សម្រាប់ S-Pen ជំនាន់ថ្មី កាន់តែពិសេសជាងឆ្នាំមុនទៀត ដោយវាអាចបញ្ជាលើមុខងារផ្សេងៗ ក្នុងកាមេរ៉ា ដោយមិនចាំបាច់ប៉ះអេក្រង់ នោះឡើយ។

 

 

• ថាមពលថ្ម

 

បើយើងងាកទៅមើលថាមពលថ្ម នៅលើ Galaxy S10 & S10+ ដែលបានចេញអំឡុងដើមឆ្នាំ 2019 កន្លងទៅនេះ ឃើញថា វាមានទំហំ 3400mAh (S10) និង 4100mAh (S10+) ហើយចំពោះ Galaxy Note 9 នាឆ្នាំមុន គឺមានទំហំ 4000mAh។ យ៉ាងណា សម្រាប់ Galaxy Note 10 Series វិញ Samsung បានយល់កាន់តែច្បាស់ ពីតម្រូវការរបស់អ្នកប្រើប្រាស់ ដោយផ្តល់អោយជាមួយទំហំ 3500mah លើ Galaxy Note 10 និង 4300mAh លើ Galaxy Note 10+។ មួយវិញទៀត ចំពោះម៉ូឌែល Galaxy Note 10 អាច Support កម្លាំងសាកថ្ម 25W ខណៈដែល Galaxy Note 10+ អាច Support បានដល់ 45W។ Note ទាំងពីរម៉ូឌែលចេញថ្មីនេះ​ អាចសាកថ្មឥតខ្សែបាន ព្រមទាំងមានមុខងារជា Powerbank ផងដែរ។

 

 

• ប្រព័ន្ធសុវត្ថិភាព 

 

 

ដូចអ្វីដែលយើងទាំងអស់គ្នា បានឃើញអញ្ចឹងថា នៅខ្នងខាងក្រោយ របស់ស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+ គឺមិនមានទ្រនាប់សេនស័រ សម្រាប់ស្កេនម្រាមដៃ ដាក់ភ្ជាប់មកជាមួយទៀតនោះទេ មានន័យថា វាត្រូវបានលុបបំបាត់ចោល ជាផ្លូវការហើយ។ យ៉ាងណា ដើម្បីដោះដូរ ជាមួយការដកចេញនេះ Samsung បានញាត់បញ្ចួលនូវ សេនស័រស្កេនម្រាមដៃ ដាក់នៅអេក្រង់ជំនួសវិញ ដែលវាទាន់សម័យ ដូចទៅនឹង Galaxy S10/S10+ ដែរ។ ចំនុចមួយផ្សេងទៀត គឺថា Samsung នៅតែបំពាក់អាវក្រោះការពារទឹក និងធូលី កម្រិត IP68 សម្រាប់ស្មាតហ្វូនត្រកូល Note ជំនាន់ថ្មីនេះ មិនអោយអ្នកគាំទ្រ ខកបំណងឡើយ។

 

 

• ចំនុចអវិជ្ជមាន

 

សម្រាប់ការយល់ឃើញពីខ្ញុំផ្ទាល់ មើលឃើញថា Samsung ដុសខាត់បានល្អ នូវអាវុធធំរបស់ខ្លួន នាចុងឆ្នាំនេះ ដោយវាមានចំនុចចាក់ដោតច្រើន ទៅលើសេចក្ដីត្រូវការ របស់មហាជនទូទៅ តែអ្វីដែលជាចំនុចអវិជ្ជមាននោះគឺ នៅទីបំផុត ថ្ងៃអវសាន្តនៃ ប៊ូតុង Bixby និងជាពិសេសគឺ រន្ធដោតកាស 3.5 មីលីម៉ែត្រ ដែលក្រុមហ៊ុនយក្ស កូរ៉េខាងត្បូងមួយនេះ ធ្លាប់តែរក្សាបាន មកជាយូរហើយនោះ ចាប់ពីពេលនេះ វាលែងមានទៀតហើយ ដែលការធ្វើបែបនេះ ហាក់ដូចជា ដើរជាន់ដាន Apple អញ្ចឹង។ មួយវិញទៀត សម្រាប់ Galaxy Note 10 គួរតែមានកម្រិតបង្ហាញលើអេក្រង់ប្រសើរជាងហ្នឹង តែបែជា Samsung ផ្តល់អោយត្រឹម Full HD+ ទៅវិញ។

 

 

• ថ្ងៃចេញលក់ និង តម្លៃ

 

 

ចំពោះកំពូលស្មាតហ្វូនប៊ិច ទាំង 2 ម៉ូឌែលនេះ ក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមបើក អោយកុម្ម៉ង់ទិញ នៅថ្ងៃនេះតែម្ដង ហើយវានឹងចេញលក់ ក្នុងទីផ្សារជាផ្លូវការ នៅថ្ងៃទី 23 ខែសីហា ខាងមុខ ផងដែរ។ ចូលមកតម្លៃវិញម្តង ដោយ Galaxy Note 10 នឹងចេញលក់ក្នុង តម្លៃប្រហាក់ប្រហែល 949 ដុល្លារ លើជម្រើសរ៉េម 8GB / អង្គផ្ទុកទិន្នន័យ 256GB ចំណែកឯ Galaxy Note 10+ នឹងចេញលក់ ក្នុងតម្លៃប្រហាក់ប្រហែល 1099 ដុល្លារ លើជម្រើសរ៉េម 12GB / អង្គផ្ទុកទិន្នន័យ 256GB និងថែម 100 ដុល្លារទៀត សម្រាប់អង្គផ្ទុក 512GB។ សូមបញ្ជាក់ថា នេះជាតម្លៃចេញពីក្រុមហ៊ុន ប៉ុន្តែសម្រាប់តម្លៃទីផ្សារក្នុងស្រុក គឺវាអាចនឹងមាន ការប្រែប្រួលបន្ថែមទៀត។ ជាចុងក្រោយ Galaxy Note 10/Note 10+ គឺមានជម្រើសច្រើនពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Aura Glow, ពណ៌ Aura White, ពណ៌ Aura Black ហើយទីផ្សារមួយចំនួន នឹងមានពណ៌ Aura Pink សម្រាប់ Galaxy Note 10 និង Aura Blue សម្រាប់ Galaxy Note 10+។

 

 

• ចំណាប់អារម្មណ៍ផ្ទាល់របស់ខ្ញុំ

 

សម្រាប់តម្លៃរបស់វា អាចនឹងធ្វើអោយយើង ញាក់សាច់បន្តិចហើយ ព្រោះអី វាកាន់តែថ្លៃទៅៗ ពីមួយស៊េរី ទៅមួយស៊េរី ប៉ុន្តែអ្វីដែលយើងគួរ អោយខ្វល់នោះ តើវាសាកសម ទៅនឹងតម្លៃរឺទេ? ព្រោះយើងទទួលបានមកវិញ ដូចជា អេក្រង់ Infinity Display ដ៏ធំជាងមុន លេនកាមេរ៉ា ដែលមានសមត្ថភាព ពិសេសជាងមុន បច្ចេកវិទ្យាស្កេនម្រាមដៃ នៅលើអេក្រង់ ប៊ិច S-Pen មានលក្ខណៈទំនើបជាងមុន និងមុខងារឆ្លាតវៃ ជាច្រើនទៀត។ យ៉ាងណា នេះជាសម្រេចចិត្ត របស់អ្នកផ្ទាល់ ថាអ្នកពិតជាត្រូវការ ស្មាតហ្វូនដែលមាន បច្ចេកវិទ្យាទំនើប ទាន់សម័យខ្លាំង រឺក៏អត់។

 

 

អញ្ចឹងនេះ គឺជាការឆ្លើយតបថ្មី ពី Samsung! អាចថា យើងនៅមិនទាន់ អាចរ៉ាយរ៉ាប់អស់នូវ អ្វីដែល Galaxy Note 10 ទាំង 2 ស៊េរីនេះ មានទេ ប៉ុន្តែដើម្បីចង់ដឹង អោយកាន់តែច្បាស់ អំពីវានោះ ទាល់តែចាំមកដល់ដៃ ខេមបូរីផត សិន។ ក្រុមការងារយើង នឹងបន្ថែមកាន់តែលម្អិតទៀត នៅពេលវីដេអូ បង្ហាញលក្ខណៈសម្បត្តិមកដល់ ដែលយើងនឹងធ្វើការបកស្រាយ អោយបានដឹងបន្ថែមជុំវិញ បទពិសោធន៍ប្រើប្រាស់ជាក់ស្ដែង ថាតើ Note 10 Series ពិតជាអាចទាញចិត្ត អ្នកប្រើប្រាស់បានឬទេ? ហើយម្ចាស់ Note 9 គួរតែឡើងស៊េរី ឬក៏អត់? តើប្រិយមិត្តគិត យ៉ាងណាដែរ បើយើងតាមការរៀបរាប់ខាងលើ? បើអាច សូមជួយចែករំលែកមតិ ជាមួយពួកយើង នៅក្នុងប្រអប់ comments ខាងក្រោមនេះផង!

 

ប្រភព៖ CAMBO REPORT