ស្វែងយល់ពីលក្ខណៈសម្បត្តិរបស់បន្ទះឈីប A13 Bionic ដែលបានបំពាក់នៅលើ iPhone ជំនាន់ថ្មី

Published Date: Saturday, September 14, 2019 09:46 AM

យើងបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple បានប្រកាសចេញ iPhone ចុងក្រោយរបស់ខ្លួនទៅឲ្យមហាជនបាន ឃើញពីរូបរាង, លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់ពួកវា។ ក្នុងនោះ iPhone ជំនាន់ថ្មីចុងក្រោយគេ របស់ Apple ដែលមាន ឈ្មោះជាផ្លូវការ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលថ្មីៗ ដទៃ ទៀត ដែលធ្វើ ឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមូលហេតុនោះ ក៏ដោយសារតែពួកវាបានបំពាក់មកជាមួយ លក្ខណៈ សម្បត្តិ និងមុខងារពិសេសៗជាច្រើន។

ក្នុងនោះ បន្ទះឈីបដែលបានបំពាក់នៅលើ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max គឺជាផ្នែកមួយដ៏សំខាន់បំផុត ដែលធ្វើឲ្យ អ្នកគាំទ្រ របស់ iPhone មានការចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់។ និយាយដ៏ចំនុចនេះ ប្រាកដជាមាន ប្រិយមិត្តមួយ ចំនួន មានចម្ងល់ហើយថា តើអ្វីទៅដែលធ្វើឲ្យបន្ទះឈីបដែលបានបំពាក់នៅលើ iPhone 11, iPhone 11 Pro និង 11 Pro Max ក្លាយទៅជា ផ្នែកមួយ ដ៏សំខាន់បំផុតនៃ iPhone ជំនាន់ថ្មីនេះ។ ដូច្នេះកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងយល់ ពីលក្ខណៈសម្បត្តិរបស់វាទាំង អស់គ្នា។ បន្ទះឈីបដែលបានបំពាក់នៅលើ iPhone ជំនាន់ថ្មីមានឈ្មោះ ជាផ្លូវការថា A13 Bionic ត្រូវបានបង្កើតឡើងដោយផ្អែកលើស្ថាបត្យកម្ម ARM ដែលមានទំហំ 7nm ជំនាន់ទី 2 ដែលមានត្រង់ស៊ីស្ទ័រ (Transistors) រហូតដល់ទៅ 8.5 ពាន់លាន។ លើសពីនេះទៅទៀតវាមាន Cores សរុបចំនួន 18 Cores ក្នុងនោះរួមមានដូចជា CPU ចំនួន 6 Cores ដោយ 2 Cores ដែលមានឈ្មោះថា Lightning (មានល្បឿនលឿនជាងមុន 20% និងប្រើប្រាស់ថាមពលតិចជាងមុន 30%) ប្រើប្រាស់សម្រាប់ការងារធ្ងន់ និង 4 Cores ដែលមានឈ្មោះថា Thunder (មានល្បឿនលឿនជាងមុន 20% និងប្រើប្រាស់ ថាមពលតិចជាងមុន 40%) ប្រើប្រាស់សម្រាប់ការងារទូទៅ, GPU ចំនួន 4 Cores (ដែលមានល្បឿនលឿនជាងមុន 20% និងប្រើប្រាស់ថាមពលតិចជាងមុន 15% ) ប្រើប្រាស់សម្រាប់ជំនួយទៅដល់ការបើកកម្មវិធី ឬ ហ្គេមដែលមានក្រាហ្វិកធំៗ និង Neural Engine ចំនួន 8 Cores ប្រើប្រាស់សម្រាប់ជំនួយទៅដល់មុខងារដែល ត្រូវការប្រើប្រាស់បច្ចេកវិទ្យា AI  ដូចជា Deep Fusion, Face ID, Siri, និង កម្មវិធី AR ជាដើម ហើយវាក៏ប្រើប្រាស់សម្រាប់ជំនួយទៅដល់សមត្ថភាព កាមេរ៉ារបស់ iPhone ជំនាន់ថ្មីនេះ ផងដែរ។

មិនទាន់អស់នោះទេ បន្ទះឈីប A13 ក៏បានភ្ជាប់មកជាមួយ Machine Learning ថ្មីចំនួន 2 ទៀត ដែលអាចជួយឲ្យ ដំណើរការគណនារបស់ iPhone ជំនាន់ថ្មី មានល្បឿនលឿនជាងមុនរហូតដល់ទៅ 6 ដងឯណោះ។ អញ្ចឹងសរុបមកវិញ មានន័យថាបន្ទះឈីប A13 Bionic មានល្បឿន CPU លឿនជាងមុនដល់ទៅ 20% និង ល្បឿន GPU លឿនជាងមុនរហូតដល់ទៅ 40% ឯណោះ ហើយវាក៏ប្រើប្រាស់ថាមពលតិចជាងមុនច្រើនទៀតផង នេះបើប្រៀបធៀបជាមួយបន្ទះឈីប A12 Bionic។ គួរបញ្ជាក់ផងថា A13 Bionic មានល្បឿន CPU និង GPU ដែលលឿនជាងគេបំផុត បើប្រៀបធៀបនឹង ល្បឿន CPU និង GPU ដែលបានបំពាក់នៅក្នុង បន្ទះឈីបកំពូលៗ ក្នុងពេលបច្ចុប្បន្ន នេះបើយោងទៅតាមការអះអាងរបស់ Apple។

 

 

អញ្ចឹងទាំងអស់នេះហើយ ជាលក្ខណៈសម្បត្តិរបស់បន្ទះឈីបជំនាន់ថ្មី A13 Bionic របស់ Apple។ ចង់ដឹងថាវាពិតជាខ្លាំងដូច Apple អួតឬយ៉ាងណា មានតែតេស្តប្រើផ្ទាល់ទេ ទើបដឹង។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ មានគំនិតយ៉ាងណាដែរ ចំពោះបន្ទះឈីប Apple A13 Bionic ដែលបានបំពាក់នៅលើ iPhone 11, 11 Pro និង 11 Pro Max នេះ?

ប្រភព៖ CAMBO REPORT