Apple នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ព្រឹតិ្ត​ការណ៍​ដាក់​បង្ហាញ iPhone 11 នៅ​លើ YouTube ជា​លើក​ដំបូង

Published Date: Monday, September 9, 2019 09:34 AM

យើងបានដឹងហើយថា ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មី ចុងក្រោយ និងផលិតផលថ្មីៗផ្សេងៗទៀត របស់ខ្លួន នៅថ្ងៃអង្គារ ទី10 ខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ វេលាម៉ោង 10 ព្រឹក ( ដែលត្រូវនឹងម៉ោង 12 រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ទី 11 ខែកញ្ញា នៅក្នុងប្រទេសយើង ) ហើយព្រឹតិ្តការណ៍នេះ នឹងធ្វើឡើងនៅ ក្នុងរោងមហោស្រពរបស់ លោក Steve Jobs នៅក្នុងបរិវេណ Apple Park ស្ថិតនៅក្នុងទីក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។

បើតាមទំលាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple ភាគច្រើនតែងតែធ្វើការផ្សាយផ្ទាល់ពីព្រឹតិ្តការណ៍ដាក់បង្ហាញ iPhone ជំនាន់ថ្មី របស់ខ្លួន តាមរយៈគេហទំព័រ ផ្លូវការរបស់ខ្លូនតែប៉ុណ្ណោះ លើកលែងតែកាលពីឆ្នាំមុន Apple បានធ្វើការ ផ្សាយផ្ទាល់ពីព្រឹតិ្តការណ៍ដាក់បង្ហាញ iPhone XR, iPhone XS និង iPhone XS Max នៅលើបណ្តាញសង្គម Twitter ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Apple មិនដែលធ្វើការផ្សាយផ្ទាល់ពីព្រឹតិ្តការណ៍ដាក់បង្ហាញ iPhone ជំនាន់ថ្មី នៅលើ គេហទំព័រ YouTube នោះទេ បើទោះបីជា Apple មាន YouTube Channel ផ្លូវការក៏ដោយ។ ប៉ុន្តែឆ្នាំនេះក្រុមហ៊ុន Apple បានផ្លាស់ប្តូរទំលាប់របស់ខ្លូនហើយ ដោយពួកគេនឹងធ្វើការផ្សាយផ្ទាល់ពីព្រឹតិ្តការណ៍ដាក់បង្ហាញ iPhone ជំនាន់ថ្មី និងផលិតផលថ្មីៗរបស់ខ្លួន តាមរយៈ YouTube Channel ផ្លូវការរបស់ខ្លូន ជាលើកដំបូង។ ចុចនៅត្រង់នេះ ដើម្បីចូលទៅកាន់ ព្រឹត្តិការណ៍ផ្សាយផ្ទាល់នៃការដាក់បង្ហាញ iPhone 11 នៅលើ YouTube Channel ផ្លូវការរបស់ក្រុមហ៊ុន Apple។

គួរបញ្ជាក់ផងថានៅក្នុងព្រឹតិ្តការណ៍ ដ៏អស្ចារ្យប្រចាំឆ្នាំ របស់ក្រុមហ៊ុន Apple នេះផងដែរ មានមនុស្សច្រើនបានរំពឹងទុកថា Apple នឹងធ្វើការដាក់បង្ហាញនូវផលិតផលថ្មីៗចុងក្រោយគេ របស់ខ្លួន ទៅឲ្យមហាជនបានឃើញពីរូបរាង លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់ពួកវា ដោយក្នុងនោះមានដូចជា iPhone ជំនាន់ថ្មី, Apple Watch ជំនាន់ថ្មី, Macbook Pro 16 អ៊ីញ, iPad Pro ជំនាន់ថ្មី, iPad 10.2 អ៊ីញ, សេវាកម្ម Apple Arcade, Apple TV+, ប្រតិបត្តិការ iOS 13, macOS Catalina, watchOS 6, iPadOS, tvOS និងផលិតផលផ្សេងៗទៀត។

ប្រភព៖ CAMBO REPORT