Apple ប្រកាសចេញ iPhone 11 ជាផ្លូវការ

Published Date: Wednesday, September 11, 2019 08:28 AM

ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រផលិតផល Apple ជាច្រើនបានឈានចូលមកដល់ហើយ នោះគឺព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ 2019 របស់ក្រុមហ៊ុន Apple។ នៅក្នុងព្រឹតិ្តការណ៍ដ៏អស្ចារ្យនេះ Apple នឹងធ្វើការប្រកាសបង្ហាញ iPhone ជំនាន់ចុងក្រោយ និងផលិតផលថ្មីៗរបស់ខ្លួន ទៅឲ្យមហាជនបានឃើញពីរូបរាង, លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់ពួកវា។ ក្នុងនោះ iPhone ជំនាន់ថ្មី ដែលមានឈ្មោះជាផ្លូវការថា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលថ្មីៗ ដទៃទៀត ដែលគ្រប់គ្នាទន្ទឹងរង់ចាំមើលយ៉ាងអន្ទះអន្ទែង។ ដូច្នេះកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងយល់ពីលក្ខណៈសម្បត្តិរបស់ iPhone 11 (iPhone ដែលបន្តតំណែងពី iPhone XR) ទាំងអស់គ្នា។

 

iPhone 11 ត្រូវស្រោបឡើងដោយកញ្ចក់មុខក្រោយ និងមានស៊ុមជាអាលុយមីញ៉ូម។ វាត្រូវបានបំពាក់មកជាមួយអេក្រង់ ទំហំ 6.1 អ៊ីញ ជាប្រភេទ Liquid Retina display ហើយមានសមាមាត្រអេក្រង់ 19.5:9 ដែលមានកម្រិតបង្ហាញ 828 x 1792 ភិចសែល (មានផ្ទៃបង្ហាញប្រហែល 79%)។

 

ចំពោះកម្លាំងម៉ាស៊ីនវិញ វាបំពាក់មកជាមួយបន្ទះឈីប A13 Bionic ទំហំ 7nm ( មាន CPU ចំនួន 6 Cores និង GPU ចំនួន 4 Cores) ហើយ Apple បាននិយាយថា វាមានល្បឿនលឿនជាងមុន រហូតដល់ទៅ 20% ឯណោះ។ លើសពីនេះទៅទៀត វាក៏មានល្បឿន CPU និង GPU ដែលលឿនជាងគេបំផុត បើប្រៀបធៀបនឹង ល្បឿន CPU និង GPU ដែលបានបំពាក់នៅក្នុង បន្ទះឈីបកំពូលៗ ក្នុងពេលបច្ចុប្បន្ន នេះបើយោងទៅតាមការអះអាងរបស់ Apple។ មិនទាន់អស់នោះទេ បន្ទះឈីប A13 ក៏បានភ្ជាប់មកជាមួយមុខងារ Matrix Multiplication ដែលជួយឲ្យដំណើរការគណនារបស់ iPhone 11 កាន់តែប្រើសើរជាងមុន។ ចំនែកឯទំហំ RAM (Apple មិនបានបញ្ជាក់នោះទេ) អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128/256GB។

 

 

ចំណែកឯផ្នែកកាមេរ៉ាវិញ វាបានបំពាក់មកជាមួយកាមេរ៉ាខាងមុខ ចំនួន 1 គ្រាប់ (TrueDepth Camera) ដែលមានទំហំ 12MP ដែលអាចគាំទ្រការថតវីដេអូក្នុងកម្រិត 4K (Extended Dynamic Range) ក្នុងល្បឿន 30fps និង 4K 60fps។ ចំនែកកាមេរ៉ាខាងក្រោយវិញ វាមានចំនួន 2 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល ដែលមានទំហំ 12MP Aperture f/1.8 (OIS) និងមួយគ្រាប់ទៀត ជាលេនទូលាយ (Ultra-Wide) ដែលមានទំហំ 12MP Aperture f/2.4 (120 ដឺក្រេ)។ អ្វីដែលពិសេសថែមទៀតនោះ គឺកាមេរ៉ាក្រោយរបស់ iPhone 11 ក៏អាចធ្វើការថតវីដេអូ ក្នុងកម្រិត 4K (Extended Dynamic Range) ក្នុងល្បឿន 60fps ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះវាក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Smart HDR ជំនាន់ថ្មី និង Night Mode ផងដែរ។

 

 

រីឯទំហំថាមពលថ្មរបស់ iPhone 11 វិញ ក្រុមហ៊ុន Apple ក៏មិនបានបញ្ជាក់ដែរ ប៉ុន្តែ Apple បានអះអាងថាវាអាចប្រើប្រាស់បានយូរ ជាង iPhone XR ចំនួន 1 ម៉ោង។

 

 

លើសពីនេះទៅទៀត​ iPhone 11 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាពិសេសៗជាច្រើន ក្នុងនោះរួមមាន ដូចជា អាវក្រោះការពារទឹក និងធូលី, Wi-Fi 6, Dolby Atmos និង Face ID ជាដើម។

 

 

Phone 11 មកជាមួយជម្រើស ពណ៌ 5 គឺ ពណ៌បៃតង, ពណ៌លឿង, ពណ៌ស្វាយ , ពណ៌ក្រហម និងពណ៌ស។ ក្រុមហ៊ុន Apple នឹងដាក់លក់ iPhone 11 ក្នុងតម្លៃចាប់ពី 699 ដុល្លារ ឡើងទៅ។ លោកអ្នកអាចធ្វើការធ្វើការកុម្ម៉ង់បាន ចាប់ពីថ្ងៃ ទី 13 ខែកញ្ញា ឆ្នាំ 2019 ខាងមុនេះ ហើយវានឹងបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 20 ខែកញ្ញា។

 

 

សរុបមកវិញ  នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ iPhone របស់ខ្លួនខកបំណងនោះទេ ព្រោះថាពួកវាទទួលបានការអាប់ដេត និងកំណែប្រែច្រើនផងដែរ។ ក៏ប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅបន្តិច វាហាក់នៅស្ទើរជាងដៃគូរប្រជែងរបស់ខ្លួន ព្រោះថា ឆ្នាំនេះរូបរាងផ្ទៃខាងមុខរបស់វា មិនមានការកែប្រែនោះទេ ខណៈពេលក្រុមហ៊ុនល្បីៗផ្សេងទៀត លោតដល់អេក្រង់លាតស្ទើរតែពេញផ្ទៃខាងមុខទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទនេះ គ្រាន់តែជា ការបង្ហាញពីលក្ខណៈ សម្បត្តិត្រួសៗរបស់ iPhone 11 តែប៉ុណ្ណោះ ចំណែកឯ ព័ត៌មានលម្អិត អំពីវានោះ ក្រុមការងារ ខេមបូរីផត នឹងធ្វើការរៀបចំព័ត៌មានថ្មីមួយផ្សេងទៀត នៅថ្ងៃស្អែក។ តែកុំភ្លេចបញ្ចេញមតិ យោបល់របស់អ្នកទាំងអស់គ្នា ខាងក្រោមនេះផង ថាតើ យល់យ៉ាងណា ចំពោះ iPhone 11 នេះ ?

 

ទស្សនាវីដេអូខាងក្រោម៖ 

 

ប្រភព៖ CAMBO REPORT