Apple Watch Series 8 ទំនងជាបំពាក់មុខងារថ្មីមួយ អាចដឹងថាអ្នកពាក់មានគ្រុនក្តៅ ឬក៏អត់បាន
Published Date: Wednesday, July 6, 2022 09:03 AMកន្លងទៅយើងធ្លាប់ទទួលបានដំណឹងមួយចំនួនដែរហើយ ដែលបង្ហាញទាក់ទងនឹងមុខងារសំខាន់ៗមួយចំនួន អាចនឹងមាននៅលើ Apple Watch Series 8 ជំនាន់ថ្មី គ្រោងចេញចុងឆ្នាំនេះ។ ក្នុងចំណោមដំណឹងទាំងអស់នោះ ក៏មានដំណឹងមួយដែលនិយាយទាក់ទងមុខងារវាស់កម្តៅលើរាងកាយដែរ ប៉ុន្តែពេលនេះយើងទទួលបានការបញ្ជាក់ កាន់តែច្បាស់ថែមទៀតហើយ។
បើតាមការបង្ហាញចេញពីប្រភព Mark Gurman កាលពីពេលថ្មីៗនេះបានឲ្យដឹងថា Apple Watch Series 8 អាចនឹងមានបំពាក់សេនស័រវាស់សីតុណ្ហភាពរាងកាយមក ដូចការបង្ហាញលើកមុនមែន ប៉ុន្តែនាឡិកាឆ្លាតជំនាន់ថ្មីនេះទំនងជាមិនមែនប្រាប់ពីសីតុណ្ហភាពជាក់លាក់ទៅកាន់អ្នកប្រើប្រាស់នោះទេ។ យោងតាមប្រភពខាងលើ ជំនួសឲ្យការប្រាប់សីតុណ្ហភាពជាក់លាក់ Apple Watch Series 8 អាចនឹងប្រើសេនស័រវាស់សីតុណ្ហភាពរបស់វា ដើម្បីតាមដានសីតុណ្ហភាពលើរាងកាយអ្នកប្រើប្រាស់ ហើយបើសិនជាវាដឹងថាអ្នកប្រើប្រាស់គ្រុន ឬមានសីតុណ្ហភាពខុសប្រក្រតីនោះ វានឹងធ្វើការជូនដំណឹងណែនាំទៅកាន់អ្នកប្រើប្រាស់ ឲ្យទៅពិគ្រោះជាមួយគ្រូពេទ្យ ឬប្រើឧបករណ៍វាស់សីតុណ្ហភាព ដើម្បីពិនិត្យមើលអក្ការៈរបស់ខ្លួនបន្ថែម។
យ៉ាងណាក៏ដោយ លោក Mark Gurman ក៏បានបញ្ជាក់បន្ថែមដែរថា មុខងារតាមដានសីតុណ្ហភាពនេះ នឹងត្រូវ Apple បំពាក់នៅលើ Apple Watch Series 8 ជាផ្លូវការ បើសិនជាការតេស្តប្រើប្រាស់របស់គេប្រព្រឹត្តទៅជោគជ័យ ដូច្នេះបើសិនជាការតេស្តប្រើប្រាស់មានបញ្ហាលើចំណុចណាមួយនោះ គឺនៅតែមានភាគរយដដែល ដែល Apple សម្រេចមិនបំពាក់មុខងារនេះមកឲ្យវិញ។