ASUS ROG Phone 6 | 6 Pro ចេញផ្លូវការ ជាមួយអេក្រង់ 165Hz ឈីប Snapdragon 8+ Gen 1 និងរ៉េមឡើងដល់ 18GB

Published Date: Tuesday, August 16, 2022 04:36 PM

ទីបំផុត ASUS បានប្រកាសចេញទូរសព្ទហ្គេមជំនាន់ថ្មីរបស់ខ្លួនមកជាផ្លូវការហើយ ពោលគឺ ROG Phone 6 និង 6 Pro ហ្នឹងឯង ដែលបន្តតំណែងពី ROG Phone 5 Series កាលពីឆ្នាំមុន។ ឆ្នាំនេះ ASUS បានកែប្រែច្រើននៅលើទូរសព្ទហ្គេមលំដាប់កំពូលរបស់គេ ជាក់ស្ដែងមិនថាឈីប អេក្រង់ កាមេរ៉ា ឬការឌីហ្សាញខាងក្រោយនោះទេ សុទ្ធតែត្រូវបានកែច្នៃឲ្យកាន់តែប្រសើរជាងមុន។

 

ROG Phone 6 និង 6 Pro សុទ្ធតែបានបំពាក់មកជាមួយអេក្រង់ 6.78 អ៊ីញ ជាប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ 1080 x 2448 ភិចសែល និងមានល្បឿន Refresh Rate ឡើងដល់ទៅ 165Hz តែម្ដង។ ល្បឿនប៉ះសម្គាល់លើកនេះគឺ 720Hz ចំណែកកម្រិតពន្លឺខ្ពស់បំផុតវិញ ត្រូវបានគេ Upgrade មកដល់ 1200 nits ទៀតផង។ ទន្ទឹមគ្នានឹងមានល្បឿន Refresh Rate ដល់ 165Hz ហើយ ASUS ក៏បើកឲ្យអ្នកប្រើប្រាស់កំណត់ល្បឿន Refresh Rate ដោយខ្លួនឯងបានដែរ ជាក់ស្ដែងយើងមានជម្រើសអាចទម្លាក់វាមកនៅត្រឹម 60Hz, 90Hz, 120Hz ឬ 144Hz ក៏បានដូចគ្នា។ អេក្រង់នេះ ក៏ត្រូវបានក្រាលការពារដោយកញ្ចក់ Gorilla Glass Victus ដែរ។

សម្រាប់ការឌីហ្សាញនៅខាងក្រោយ ROG Phone 6 ស្រដៀងគ្នាច្រើនជាមួយ ROG Phone 6 Pro ដែរ ជាក់ស្ដែងវាខុសគ្នាតែទៅលើស្ទីលឆ្នូត និងរូបរាងអេក្រង់ AMOLED ទីពីរនោះប៉ុណ្ណោះ។ លើកនេះពួកវាក៏ទទួលបានមុខងារទឹកកម្រិតស្រាល IPX4 មកដែរ។

ទូរសព្ទជំនាន់ថ្មីទាំងពីរម៉ូឌែល សុទ្ធតែមានបំពាក់ជាមួយឈីបកំពូលចុងក្រោយ Snapdragon 8+ Gen 1 ដូចគ្នា ជាមួយនឹងជម្រើសរ៉េម 12GB ឬ 16GB សម្រាប់ម៉ូឌែល ROG Phone 6 ខណៈម៉ូឌែល Pro មានជម្រើសអាចឡើងដល់ 18GB តែម្ដងក៏បាន។ សម្រាប់ទំហំអង្គផ្ទុកវិញ ASUS ផ្តល់ជម្រើសឲ្យពីរប្រភេទគឺ 256GB និង 512GB ហើយមិនមានកន្លែងសម្រាប់បន្ថែម MicroSD Card បានទេ។ កម្តៅជាបញ្ហាប្រឈមសម្រាប់ឈីបកំពូលរបស់ Qualcomm ប៉ុន្តែក្នុងករណី ASUS លើកនេះ គេបានអះអាងថា ប្រព័ន្ធបន្ថយកម្តៅលើ ROG Phone 6 និង 6 Pro អាចបន្ថយកម្តៅ CPU បានដល់ទៅ 10oC ទៀតផង។

ASUS ក៏បានបំពាក់ប៊ូតុង AirTrigger សម្រាប់ជាជំនួយបន្ថែមទៅដល់អ្នកលេងហ្គេមដែរ ហើយក៏អាចឲ្យយើងកំណត់មុខងាររបស់ប៊ូតុងនោះបានតាមតម្រូវការ និងតាមហ្គេមនីមួយៗដែលគាំទ្រមុខងារនេះបាន។ ការសល់គែមលើក្រោមនោះ នៅតែជាចំណុចសំខាន់មួយ សម្រាប់វត្តមាន Speaker លើក្រោមពីរគ្រាប់ ដែលជះសម្លេងមកកាន់អ្នកប្រើចំពីមុខល្អ ហើយកាន់តែប្រសើរ ASUS ក៏នៅតែបន្តដាក់រន្ធដោតកាសមកឲ្យដែរ។

ROG Phone 6 និង 6 Pro បានបំពាក់មកជាមួយកាមេរ៉ាក្រោយ 3 គ្រាប់ ដោយក្នុងនោះមានលេនគោលទំហំ 50MP ជាប្រភេទ Sony IMX766 ជាមួយលេនទូលាយ Ultrawide ទំហំ 13MP និងមួយគ្រាប់ទៀតជាលេន Macro ទំហំ 5MP។ សម្រាប់កាមេរ៉ាមុខវិញ វាមានបំពាក់មកមួយគ្រាប់ទំហំ 12MP។

ទូរសព្ទទាំងពីរម៉ូឌែលនេះ ក៏បន្តស្នងដំណែងថ្មទំហំធំ 6,000mAh ពីជំនាន់មុនមកដដែល ដែលជាបច្ចេកវិទ្យាថ្មចែកជាពីរ មានន័យថាវាមានថ្មទំហំ 3,000mAh ចំនួនពីរ និងមានរន្ធសាក USB-C ចំនួនពីរមកដូចគ្នា មួយត្រូវបានដាក់នៅខាងក្រោម និងមួយទៀតដាក់នៅខាងកៀនតួខ្លួន។ វាក៏បន្តគាំទ្រមុខងារសាកថ្មល្បឿនលឿន 65W ដូចជំនាន់មុនដែរ។

ទន្ទឹមគ្នានឹងទូរសព្ទហ្គេមម៉ូឌែលថ្មីនេះដែរ ASUS ក៏បានប្រកាសចេញឧបករណ៍បន្ថយកម្តៅ AeroActive Cooler ថ្មីមកដែរ ដោយវាអាចភ្ជាប់បានងាយស្រួលជាមួយរន្ធ USB-C នៅខាងកៀនរបស់ ROG Phone 6 នោះតែម្ដង មិនត្រូវការភ្ជាប់វាជាមួយប្រភពថាមពលដូចឧបករណ៍ Cooling ផ្សេងៗទៀតនោះទេ។

សម្រាប់តម្លៃរបស់ ROG Phone 6 Series ក៏ត្រូវបាន ASUS ប្រកាសប្រាប់រួចរាល់ហើយ ដោយលើទីផ្សារប្រទេសឥណ្ឌា ម៉ូឌែល ROG Phone 6 ដែលមានរ៉េម 12GB / 256GB មានតម្លៃខ្ទង់ 900 ដុល្លារ ចំណែកម៉ូឌែល Pro ដែលមានលក្ខណៈសម្បត្តិខ្ពស់បំផុត ជាក់ស្ដែងរ៉េម 16GB និងអង្គផ្ទុក 512GB នោះ មានតម្លៃខ្ទង់ 1,133 ដុល្លារ។