Galaxy​ A71 ​បាន​បង្ហាញ​ខ្លួន​ជាផ្លូវការ​ ជាមួយ​កាមេរ៉ា​ចំនួន​ 4​ គ្រាប់​រាង​ចតុកោណ​ និង​មាន​លេន​ទំលុះ​អេក្រង់​នៅ​ខាង​មុខ​

Published Date: Friday, December 13, 2019 09:10 AM

រាងច្រើនគួរសមដែរហើយ បើគិតទៅលើពត៌មានបែកធ្លាយ ដែលបាននិយាយពី ស្មាតហ្វូនត្រកូល A ជំនាន់ថ្មីរបស់ Samsung មកទល់ពេលនេះ និយាយឲ្យចំទៅ វាច្រើនសឹងតែអាចក្លាយជាពត៌មានផ្លូវការមួយទៅហើយ។ ដោយឡែក សម្រាប់ពេលនេះវិញ វាប្រហែលជាអាចកាត់បន្ថយ ចម្ថល់របស់ប្រិយមិត្តបានមួយផ្នែកធំ ទាក់ទងទៅនឹងស្មាតហ្វូនត្រកូល A របស់ក្រុមហ៊ុនកូរ៉ែខាងត្បូងខាងលើ និយាយឲ្យចំទៅ គឺ Galaxy A71 បានបង្ហាញខ្លួនជាផ្លូវការហើយ ដែលមានរចនាបថរូបរាង មិនខុសពីដំណឹងបែកធ្លាយលើកមុននោះទេ។

 

ប្រាកដណាស់ បើតាមការបង្ហាញរបស់ Samsung នៅក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានឲ្យដឹងថា Galaxy A71 នេះបានរចនាឡើង ជាមួយអេក្រង់ទំហំធំដល់ 6.7 អ៊ីញ ដោយមានកម្រិតបង្ហាញ 1080 x 2400 ភិចស៊ែល ប្រភេទ Super AMOLED ហើយអេក្រង់នេះដែរ វាបានភ្ជាប់មកជាមួយប្រជ្រុយមួយ សម្រាប់ដាក់កាមេរ៉ានៅចំកណ្តាលផ្នែកខាងលើ ក៏ដូចជាមានសេនស័រស្កេនស្នាមម្រាមដៃ នៅក្រោមនោះ ដូច Galaxy Note 10 ដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ យើងឃើញថា វាមានរចនាបថមិនខុសពី Galaxy A70 ប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលខុសខ្លាំងនោះ គឺរូបរាងរបស់កញ្ចប់កាមេរ៉ាតែម្ដង ដោយមានលក្ខណៈជាចតុកោណ ដូចដំណឹងលេចធ្លាយបង្ហាញដែរ ហើយកាន់តែពិសេស នៅក្នុងនោះ វាមាសេនស័រកាមេរ៉ា 4 គ្រាប់ រៀបជាអក្សរ L ក៏ដូចជាមាន Flash LED មួយ នៅក្បែរនោះ។ ស្មាតហ្វូននេះដែរ វាមានទំហំតួខ្លួន 164.6 x 76.0 x 7.7 មីលីម៉ែត្រ ហើយទម្ងន់របស់វាវិញ គឺត្រឹមតែ 179 ក្រាមប៉ុណ្ណោះ។

 

មួយវិញទៀត ក្រុមហ៊ុនខាងលើ បានបង្ហាញទៀតថា Galaxy A71 មានកាមេរ៉ាមុខមួយគ្រាប់ ទំហំធំដល់ 32MP ហើយចំណែកឯ 4 គ្រាប់នៅខាងក្រោយនោះ មានលេនគោលទំហំ 64MP ជាមួយលេនទូលាយ 12MP, លេនជំនួយ 5MP និងលេន Macro ទំហំ 5MP ដូចគ្នាដែរ។ លើសពីនេះទៀត Galaxy A71 បានដំណើរការដោយឈីប Snapdragon 730 និងមានជម្រសរ៉េមពីរប្រភេទគឺ 6GB និង 8GB ក៏ដូចជាមានអង្គផ្ទុកទិន្នន័យ 128GB ផងដែរ។ ចំពោះថាមពលថ្មវិញ វាបានបំពាក់មកដល់ទៅ 4,500mAh ជាមួយកម្លាំងសាកល្បឿនលឿន 25W ហើយកាន់តែពិសេសទៀតនោះ វាត្រូវបានផលិតឡើងជាមួយជម្រើស 4 ពណ៌ដូចជា Prism Crush Black, ទឹកប្រាក់, ខៀវ និងផ្កាឈូកទៀតផង។

យ៉ាងណាក៏ដោយ គួរឲ្យស្ដាយដែរ ដែលស្មាតហ្វូនមួយនេះ មិនទាន់ត្រូវបានក្រុមហ៊ុនខាងលើ បង្ហាញប្រាប់ពីពេលវេលា ក៏ដូចជាតម្លៃដែលនឹងត្រូវដាក់លក់ នៅលើទីផ្សារនោះទេ អញ្ចឹងហើយ យើងមិនអាចបញ្ជាក់ពីតម្លៃរបស់វា បាននោះឡើយ នៅក្នុងពេលនេះ។ សរុបមកវិញ Galaxy A71 បានបំពាក់មកជាមួយលក្ខណៈសម្បត្តិ កាន់តែប្រសើរជាងជំនាន់មុន ជាក់ស្ដែងបានប្រើប្រាស់ឈីប Snapdragon 730 ជាមួយកាមេរ៉ាក្រោយដល់ 4 គ្រាប់ ដែលក្នុងនោះមានសេនស័រទំហំ 64MP ជាលេនគោល លើសពីនេះ វាក៏បានប្រើប្រាស់កាមេរ៉ាមុខជាលេនទំលុះអេក្រង់ នៅចំកណ្តាលដូច Galaxy Note 10 ដែរ ដែលមើលទៅ គឺរាងទាក់ទាញជាងឆកតំណក់ទឹក ដែលធ្លាប់មាន នៅលើ Galaxy A70 ទៀតផង។

ប្រភព៖ CAMBODIA