Galaxy Z Flip ទទួលកំណែអាប់ដេតលើកដំបូង ជាមួយការបន្លែមមុខងារ Single Take ដូច Galaxy S20 ដែរ
Published Date: Tuesday, February 18, 2020 09:11 AMដូចដែលយើងបានដឹងរួចមកហើយថា ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ទី 2 របស់ខ្លួនព្រមគ្នាជាមួយ Galaxy S20 Series នោះគឺ Galaxy Z Flip។ បើទោះបីជា Galaxy Z Flip បានបង្ហាញខ្លួន លើទីផ្សារមួយចំនួនហើយក៏ពិតមែន ប៉ុន្តែវាក៏នៅមានចំណុចខ្វះខាតមួយចំនួន ផងដែរ។
ជាក់ស្ដែង Galaxy Z Flip បានបង្ហាញខ្លួនមកជាមួយមុខងារ ពិសេសជាច្រើន ប៉ុន្តែ វាហាក់ដូចជាក្រុមហ៊ុន Samsung ប្រញាប់ប្រញាល់ពេក ដែលភ្លេចដាក់បញ្ចូលមុខងារថ្មីមួយ ដោយគេមិនឃើញមាន នៅក្នុងប្រព័ន្ធកាមេរ៉ារបស់វាឡើយ។ យ៉ាង Samsung ក៏មិនទុកអោយចន្លោះប្រហោងនេះ នៅយូរនោះទេ ដោយពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ ទើបធ្វើការបញ្ចេញកំណែអាប់ដេតជាលើកដំបូងទៅអោយ Galaxy Z Flip ដើម្បីបំពេញចន្លោះប្រហោង ដែលកើតមានទាំងនោះ។ ពិតណាស់ នៅក្នុងកំណែអាប់ដេតថ្មីនេះ បាននាំមកនូវមុខងារ Single Take ដែលមាននៅលើ Galaxy S20 Series ហើយវាគឺជាមុខងារពិសេសថ្មីមួយ សម្រាប់ត្រកូល Galaxy ស៊េរីចុងក្រោយនេះ ផងដែរ។ លើសពីនេះទៅទៀត កំណែអាប់ដេតថ្មីនេះ ក៏បានបន្ថែមមកនូវចំណុចខ្វះខាតមួយចំនួនទៀត ដូចជាមុខងារផ្លាស់ប្ដូររវាងការថតលេន Wide និងលេន Ultra Wide នៅលើ Cover Screen, ធ្វើអោយប្រព័ន្ធដំណើរការកាន់តែរលូន, ជួសជុលកំហុសឆ្គងដែលកើតមាន និងបានពង្រឹងបន្ថែមលើប្រព័ន្ធសុវត្ថិភាពសម្រាប់ខែកុម្ភៈនេះ ទៀតផង។
សរុបមក Samsung បានសម្រេចចិត្តបញ្ចេញកំណែអាប់ដេតនេះ គឺដើម្បីចង់ជួយពង្រឹងសមត្ថភាពកាមេរ៉ា រួមនឹងការនាំយកមកជាមួយប្រព័ន្ធសុវតិ្ថភាព ប្រចាំខែកុម្ភៈ (February Security Patch) សម្រាប់ Galaxy Z Flip នេះតែប៉ុណ្ណោះ។ អញ្ចឹង ដើម្បីទទួលបានកំណែអាប់ដេតថ្មីនេះ ដំបូងដោយគ្រាន់តែចូលទៅកាន់ Settings > Software Update > ហើយចុចលើពាក្យថា Download and Install និងរង់ចាំអោយវាធ្វើការអាប់ដេតជាការស្រេច ប្រសិនជាទទួលបានវាហើយ។
ប្រភព៖ CAMBO REPORT