Google Pixel 4/4XL នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 15 ខែ​តុលា​ខាង​មុខ​នេះ

Published Date: Tuesday, September 17, 2019 04:52 PM

មួយរយៈចុងក្រោយមកនេះ យើងទទួលបានរបាយការណ៍ លេចធ្លាយជាច្រើន បានចេញផ្សាយពេញអ៊ីនធឺណិត ពាក់ព័ន្ធនឹងស្មាតហ្វូនត្រកូល Pixel ជំនាន់ថ្មី របស់ក្រុមហ៊ុន Google ដែលត្រៀមធ្វើការ ដាក់បង្ហាញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ។ ទោះយ៉ាងណា ទម្រាំថ្ងៃដាក់បង្ហាញនឹងមកដល់ យើងក៏បានដឹងពីលក្ខណៈសម្បត្តិមួយចំនួន រួមជាមួយរចនាបថរូបរាង ក៏ដូចជារូបភាពចាប់កាន់ប្រើផ្ទាល់ នៃស្មាតហ្វូនម៉ូឌែលថ្មីទាំងនេះ តាមរយៈការលេចធ្លាយផងដែរ។

តួយ៉ាង ខ្ញុំជឿថា ប្រិយមិត្តដែលជាអ្នកគាំទ្រស្មាតហ្វូន Google កន្លងមក ប្រាកដជាចង់ដឹងណាស់ហើយថា តើស៊េរីកំពូលស្មាតហ្វូន Pixel ជំនាន់ថ្មីទាំងនេះ នឹងត្រូវបាន Google ប្រកាសចេញជាផ្លូវការ នៅពេលណា? អញ្ចឹង ដើម្បីបញ្ចប់ចម្ងល់ទាំងឡាយ របស់អ្នកគាំទ្រ ស្រាប់តែក្នុងថ្ងៃនេះ យើងក៏ទទួលបាន ដំណឹងល្អជាថ្មីមួយ នោះគឺការប្រកាសអោយដឹងពី ថ្ងៃដាក់បង្ហាញស្មាតហ្វូន Pixel 4 ជំនាន់ថ្មី ពីក្រុមហ៊ុន Google ផ្ទាល់។ ពិតមែនហើយ បើយោងទៅតាមផ្ទាំងផូស្ទ័រមួយ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តការណ៍ដាក់បង្ហាញផលិតផលថ្មី ប្រចាំឆ្នាំ របស់ Google នឹងប្រព្រឹតិ្តឡើង នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ក្នុងថ្ងៃទី 15 ខែតុលា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

 

សម្រាប់របាយការណ៍ លេចធ្លាយពីមុនៗមក ក៏បានបញ្ជាក់ឲ្យដឹងថា លំដាប់ស្មាតហ្វូន Google Pixel 4 នឹងមានអេក្រង់ទំហំ 5.7 អ៊ីញ មានកម្រិតបង្ហាញ Full HD+ ខណៈ Pixel 4 XL នឹងបំពាក់មកជាមួយ អេក្រង់ទំហំ 6.3 អ៊ីញ មានកម្រិតបង្ហាញ Quad HD+ ហើយ ប្រភពបែកធ្លាយក៏បានបញ្ជាក់ថា អេក្រង់របស់ Pixel 4/4XL នឹងគាំទ្រល្បឿន refresh rate 90Hz ទៀផង។ លើសពីនេះ ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ នឹងដំណើរនៅលើបន្ទះឈីប Snapdragon 855 គួបផ្សំជាមួយ RAM ទំហំ 6GB ព្រមទាំងមានទំហំផ្ទុកទិន្នន័យ 64GB និង 128GB។ រីឯផ្នែកកាមេរ៉ាវិញ Google Pixel 4 និង Pixel 4 XL នឹងមានកាមេរ៉ាក្រោយ ចំនួន 2 គ្រាប់ រាងជាចង្រ្កានហ្គាស ស្រដៀងទៅនឹង iPhone 11 Pro ដែរ ដោយមួយក្នុងចំណោមមពួកវា មានទំហំ 12 MP បូករួមជាមួយ មុខងារ ( phase-detect auto-focus ) ចំនែកមួយគ្រាប់ផ្សេងទៀត គឺជា Telephoto ទំហំ 16MP ។

 

 

សរុបមក ចំពោះលក្ខណៈសម្បតិ្តផ្សេងៗទៀត យើងនឹងជ្រាបកាន់តែច្បាស់ការតែម្តង នៅក្នុងព្រឹត្តិការណ៍ Made by Google 2019 ខាងមុខនេះ ហើយសម្រាប់ប្រិយមិត្ត ដែលកំពុងតែរង់ចាំវត្តមាន នៃកំពូលស្មាតហ្វូនកាមេរ៉ាកប់ស៊េរី ជំនាន់ថ្មី ទាំងអស់គ្នា អាចធ្វើការកត់ចំណាំ ថ្ងៃដែលគេបង្ហាញនេះទុក ដើម្បីរង់ចាំទស្សនាការ Live ផ្ទាល់ពី Google។

ប្រភព៖ CAMBO REPORT