Huawei​ Nova​ 5i​ Pro​ អាច​មាន​កាមេ​រ៉ា​ក្រោយ​ 4 គ្រាប់​ ជាមួយ​កម្លាំង​ម៉ាស៊ីន​ប្រសើរ​ជាង ​Nova​ 5i​

Published Date: Monday, July 22, 2019 04:06 PM

Huawei បានប្រកាសបង្ហាញស្មាតហ្វូនត្រកូល Nova ជាផ្លូវការហើយ ដែលរួមមាន Nova 5, Nova 5 Pro និង Nova 5i ដែលម៉ូឌែលទាំងបីនេះ គឺមានលក្ខណៈសម្បត្តិខុសៗគ្នា ដើម្បីឲ្យសមស្រប តាមសេចក្តីត្រូវការ របស់អតិថិជន។ មិនទាន់អស់នោះទេ ត្រកូល Nova នៅសល់មួយម៉ូឌែលទៀត ដែលខាង Huawei មិនទាន់បានបង្ហាញជាផ្លូវការ នោះគឺ Nova 5i Pro ឬមានឈ្មោះម្យ៉ាងទៀតថា Huawei Mate 30 Lite ដែលអាចនឹងចូលប្រឡូកលើទីផ្សារ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

 

ពិតណាស់ បើតាមរូបភាពបែកធ្លាយ Nova 5i Pro ឬ Mate 30 lite បានរចនាផ្ទៃខាងក្រោយ មានលក្ខណៈស្រដៀងនឹង Mate 20 ដែរ តែលើកនេះ កាមេរ៉ាខាងក្រោយ និង Flash LED មិនស្ថិតនៅក្នុង Zone ជាមួយគ្នាទៀតនោះទេ ហើយនៅក្រោមកាមេរ៉ាបន្តិច យើងក៏ឃើញមានសេនស័រស្កេនម្រាមដៃផងដែរ។ រីឯផ្នែកខាងមុខវិញ វាមានបំពាក់ប្រជ្រុយមួយ ដែលជាកន្លែងដាក់កាមេរ៉ា Selfie និងអាចមានអេក្រង់ទំហំ 6.26 អ៊ីញ កម្រិត FHD+ មានផ្ទៃបង្ហាញលាតសន្ធឹង បានដល់ 90.7% និងមានកម្រិត Aspect Ratio 19.5:9។

 

 

លើសពីនេះទៅទៀត ចំពោះផ្នែកកាមេរ៉ាវិញ វាអាចមានកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ ស្ថិតក្នុង Zone តែមួយ ដែលមានទំហំ 48 មេហ្គាភិចស៊ែល ជាកាមេរ៉ាគោល + 8 មេហ្គាភិចស៊ែល ជាលេន Super wide-angle +  2 មេហ្គាភិចស៊ែល ជាលេន Macro + 2 មេហ្គាភិចស៊ែល ជាលេនថតព្រាល។ ចំពោះកាមេរ៉ាខាងមុខ វាអាចនឹងបំពាក់កាមេរ៉ាមួយគ្រាប់ ទំហំ 32 មេហ្គាភិចស៊ែល ដែលស្ថិតនៅខាងឆ្វេងដៃ។

 

 

បើមើលទៅ Nova 5i ដែលបានប្រកាសកន្លងទៅ ឃើញថាមានបំពាក់ឈីបប្រភេទ Kirin 710 ចំណែកឯ Mate 30 lite នេះវិញ មានលក្ខណៈប្រសើរជាងបន្តិច ដោយអាចនឹងបំពាក់មកជាមួយបន្ទៈឈីប Kirin 810 ព្រមទាំង អាចមានរ៉េមទំហំ 8GB រួមជាមួយអង្គផ្ទុកទិន្នន័យ 2 ជម្រើស គឺ 128GB និង 256GB។ មិនត្រឹមតែប៉ុណ្ណោះ វាអាចមានថាមពលថ្ម 4000mAh ដោយភ្ជាប់ជាមួយកម្លាំងសាកថ្ម 20W ដែល Huawei បាននិយាយថា ក្នុងរយៈពេល 30 នាទី វាអាចសាកបានពី 0 ដល់ 50 ភាគរយ ហើយបើ 100 ភាគរយ វាអាចចំណាយពេលដល់ទៅ 90 នាទីដែរ។ បន្ថែមពីនេះទៀត Nova 5i Pro អាចមានជម្រើស 3 ពណ៌ដូចជា Aurora, Emerald និង Midnight Black។ យ៉ាងណា នៅលើទីផ្សារអឺរ៉ុប វាអាចនឹងមានឈ្មោះថា Huawei Nova 5i Pro ចំណែកទីផ្សារប្រទេសផ្សេងៗពីនេះ វាក៏អាចមានឈ្មោះថា Huawei Mate 30 lite ផងដែរ។

 

 

និយាយរួមទៅ នេះការរៀបរាប់លក្ខណៈសំខាន់ៗ មួយចំនួន របស់ Mate 30 lite ឬ Nova 5i Pro តាមរយៈពត៌មានបែកធ្លាយ ហើយក្នុងពេលនេះ យើងក៏មិនទាន់ដឹងច្បាស់ ពីពេលវេលា ដែលស្មាតហ្វូនមួយនេះ ប្រកាសចេញជាផ្លូវការនោះដែរ។ អញ្ចឹង យើងត្រូវរង់ចាំមើលបន្តិចទៀត ក្រែងអាចទទួលបានដំណឹងច្បាស់ជាងហ្នឹង។ ចំពោះលក្ខណៈសម្បត្តិប៉ុណ្ណេះ ខ្ញុំគិតថា ទូរសព្ទមួយគ្រឿងនេះ អាចកំដរលោកអ្នកបានគ្រប់កាលៈទេសៈ ប៉ុន្តែវាអាចមិនរលូនល្អពេកទេ បើសិនប្រើវាដើម្បីលេងហ្គេមក្រាហ្វិចធំៗ ព្រោះកម្លាំងម៉ាស៊ីនរបស់វា គឺស្ថិតត្រឹមលំដាប់បង្គួរ តែប៉ុណ្ណោះ។

ប្រភព៖ CAMBO REPORT