Huawei នឹង​បង្កើត​កម្មវិធី Map ដោយ​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​ប្រកួត​ជា​មួយ Google Maps

Published Date: Thursday, August 15, 2019 02:15 PM

ខណៈពេលដែល យើងចង់ទៅដល់ គោលដៅណាមួយ ប៉ុន្ដែមិនទាន់ដឹងផ្លូវច្បាស់ ដូច្នេះហើយកម្មវិធី Google Maps ប្រាកដជាជម្រើសដ៏ល្អ ជាងកម្មវិធីដទៃៗទៀត ដោយវាមានភាពងាយស្រួល ក្នុងការបញ្ជាប្រើប្រាស់ និងគួរឲ្យទុកចិត្តបាន។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកពីប្រទេសចិន Huawei កំពុងតែចង់ប្រកួតជាមួយ Google លើផ្នែកកម្មវិធីផែនទីនេះ តាមរយៈការបង្កើត ដោយខ្លួនឯងផ្ទាល់តែម្ដង។

 

នៅអំឡុងពេល ព្រឹត្តិការណ៍ Huawei Developer Conference គឺមិនត្រឹមតែដាក់បង្ហាញ HarmonyOS និង EMUI 10 ប៉ុណ្ណោះនោះទេ ប៉ុន្ដែក៏បាននិយាយអំពី កម្មវិធីថ្មីៗជាច្រើនទៀត ដែលមានដូចជា Account Kit, Location Kit និង Map Kit ហើយសុទ្ធតែជាកម្មវិធីថ្មីៗ កំពុងតែត្រៀមបញ្ចេញ ដាក់ឲ្យអ្នកប្រើប្រាស់ ក្នុងរយៈពេលប្រហែល ប៉ុន្មានខែខាងមុខនេះ។ កម្មវិធីមួយក្នុងចំណោមនោះ គឺគួរឲ្យចាប់អារម្មណ៍ជាងគេ ដែលជាកម្មវិធីពិសេស សម្រាប់បើកមើលផែនទី Map Kit ដោយត្រូវបានក្រុមហ៊ុន Huawei អភិវឌ្ឍន៍ដោយខ្លួនឯង។ ហេតុដូច្នេះហើយ Huawei នឹងលែងត្រូវការកម្មវិធី Google Maps តទៅទៀតហើយ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការហាមឃាត់ម្ដងទៀត។

 

នាពេលបច្ចុប្បន្ននេះ Huawei មិនទាន់បានបង្កើបអ្វីច្រើន អំពីកម្មវិធីផែនដី Map Kit នេះនៅឡើយទេ ប៉ុន្ដែគ្រាន់តែនិយាយប្រាប់ថា ខ្លួនបានចាប់ដៃគូជាមួយនឹង ក្រុមហ៊ុនរុស្ស៊ី Yandex និងកន្លែងកក់ការធ្វើដំណើរ ពីក្រុមហ៊ុនសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត កម្មវិធីមើលផែនទីថ្មីនេះ អាចផ្តល់នូវការគ្របដណ្តប់ រហូតដល់ទៅជាង 150 ប្រទេស និង តំបន់ ហើយអាចប្រើបានចំនួន 40 ភាសាខុសៗគ្នា និងថែមទាំងផ្ដល់ព័ត៌មាន ចរាចរណ៍គ្រប់ពេលវេលា ទៅដល់អ្នកអភិវឌ្ឍន៍ទាំងឡាយ។

 

ក្រៅពីនេះទៅទៀត Huawei ក៏កំពុងតែមានគម្រោង ពង្រីកបណ្តាញ ទូរគមនាគមន៍របស់ខ្លួន ដើម្បីណែនាំផ្លូវអ្នកប្រើប្រាស់ តាមរយៈផ្កាយរណប ដែលអាចផ្ដល់ជូននូវ បទពិសោធន៍ពិសេស, មុខងារផ្លាស់ប្ដូរផ្លូវរត់ និងបច្ចេកវិទ្យា AR ថែមទៀតផង។ មូលហេតុចម្បង ដែលបណ្ដាលឲ្យ Huawei សម្រេចចិត្តបង្កើតកម្មវិធី ដោយខ្លួនឯងផ្ទាល់ គឺអាចមកពីព្រោះ HarmonyOS គ្មានកម្មវិធីគ្រប់គ្រាន់ សម្រាប់បម្រើការងារប្រចាំថ្ងៃ ដូច្នេះការបង្កើតកម្មវិធី ជាបណ្ដើរៗក្នុងពេលនេះ ប្រាកដជាអាច ទាក់ទាញអតិថិជន ទាំងថ្មី ទាំងចាស់ ចង់មកសាកល្បងប្រើ ប្រព័ន្ធប្រតិបត្តិការ ថ្មីមួយនេះផងដែរ។

ប្រភេទ៖ CAMBO REPORT