Huawei Mate 20 X 5G បាន​ដាក់​លក់​ហើយ​ក្នុង​តម្លៃ $900 នៅ​លើ​ទីផ្សារ​ប្រទេស​ចិន

Published Date: Saturday, July 27, 2019 10:09 AM

ស្មាតហ្វូនប្រើប្រាស់នូវម៉ូដឹម 5G ដំបូងគេបង្អស់របស់ Huawei គឺត្រូវជាម៉ូឌែល Mate 20 X 5G ដែលបានចេញជាផ្លូវការ នៅលើទីផ្សារប្រទេសចិន នាពេលថ្មីៗនេះ ដោយហាក់បីដូចជា ម៉ូឌែល Mate 20 X ហើយគ្រាន់តែបានបន្ថែមប្រព័ន្ធ 5G ផងដែរ។ ចំណុចពិសេសមួយ ក្នុងចំណោមចំណុចសំខាន់ ផ្សេងៗទៀតរបស់ស្មាតហ្វូន Huawei Mate 20 X 5G គឺវាអាចប្រើបានស៊ីមពីរ Dual-SIM ហើយបាននាំយកមកនូវ ជម្រើសពណ៌ដ៏ស្រស់ស្អាត និងកម្លាំងម៉ាស៊ីន ខ្លាំងថែមទៀត។

 

ស្មាតហ្វូនម៉ូឌែល Huawei Mate 20 X 5G គឺមានថាមពលថ្មទំហំ 4,200mAh ដោយសម្រាប់ម៉ូឌែលធម្មតា មានទំហំថ្មធំ រហូតដល់ទៅ 5,000mAh ក៏ប៉ុន្ដែបានភ្ជាប់មកនូវ បច្ចេកវិទ្យាសាកថ្មលឿន 40W បើប្រៀបធៀបទៅនឹង បច្ចេកវិទ្យាសាកថ្មលឿន 22.5W ដែលមាននៅលើ ម៉ូឌែលធម្មតា។ មូលហេតុដែលតម្រូវឲ្យ Huawei កាត់បន្ថយទំហំថាមពលថ្ម គឺបណ្ដាលមកពីអង់តែន 5G ដែលបានបន្ថែមចូលទៅក្នុង តួខ្លួនស្មាតហ្វូនម៉ូឌែល Mate 20 X 5G ប៉ុន្ដែមានតែស៊ីមដើមប៉ុណ្ណោះ បានអាចប្រើប្រព័ន្ធ 5G ដោយឡែកចំពោះស៊ីមទីពីរ នៅបន្ដប្រើប្រាស់ប្រព័ន្ធ 4G តទៅទៀតដដែល។ អត្ថប្រយោជន៍នៃម៉ូដឹម Balong 5000 5G គឺអាចធ្វើការអនុញ្ញាតឲ្យ ល្បឿនអ៊ីនធឺណិតឡើងដល់ 4.6Gbps ក្នុងប្រេកង់ទាបត្រឹមតែ 6Hz ហើយក៏អាចកាន់តែល្អប្រសើរ ខ្លាំងជាងនេះទៅទៀត។

 

បន្ទះឈីប Kirin 980 7nm គឺត្រូវបានបំពាក់នៅលើ Huawei Mate 20 X 5G ជាមួយនឹងរ៉េមទំហំ 8GB + ទំហំផ្ទុក 256GB ហើយក៏អាចបន្ថែម nanoSD Card ពីក្រៅបានថែមទៀត និងដំណើរការដោយស្បែក EMUI 9.1 ពីលើប្រព័ន្ធប្រតិបតិ្តការ Android 9 Pie និងមុខងារពិសេស Game Turbo 3.0 សម្រាប់ជំនួយការលេងហ្គេម។ ស្មាតហ្វូនម៉ូឌែល Huawei Mate 20 X 5G មានបន្ទះអេក្រង់ទំហំធំ 7.2 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញគុណភាពបាន Full HD+ (1080x2244p) និងការឌីហ្សាញថ្ងាសឆកបែប ដំណក់ទឹកធ្លាក់ផងដែរ។ សេនស័រកាមេរ៉ាមុខមានទំហំ 24MP f/2.0 សម្រាប់ធ្វើការថត Selfie និងសេនស័រ កាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយរួមមានកាមេរ៉ាដើម 48MP f/1.8  + 8MP f/2.4 ជាសេនស័រប្រភេទ Telephoto OIS + 20MP f/2.2 ជាលេនប្រភេទ Ultrawide ថែមទៀតផង។

ស្មាតហ្វូនម៉ូឌែល Huawei Mate 20 X 5G ត្រូវបានចេញជាផ្លូវការ នៅទីផ្សារប្រទេសចិន នាពេលថ្មីៗនេះ ជាមួយនឹងតម្លៃត្រឹមតែ $900 ដុល្លារអាមេរិក ប៉ុន្ដែតម្លៃរបស់វា អាចផ្លាស់ប្ដូរ ខណៈពេលដែល មកដល់ប្រទេសយើង។ នាពេលបច្ចុប្បន្ននេះ អ្នកគាំទ្រនៅប្រទេសចិន អាចកក់ទុកមុនបាន ដោយការដាក់លក់ដំបូង នឹងចាប់ផ្ដើមពីថ្ងែទី 16 ខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

ប្រភព៖ CAMBO REPORT