Huawei Mate 30 Pro ឡើង​គ្រង​តំណែង​ជា​ស្តេច​កាមេរ៉ា​​ពី DxOMark

Published Date: Tuesday, October 1, 2019 08:52 AM

ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ទៅឲ្យមហាជនបាន ឃើញពីរូបរាង និងលក្ខណៈសម្បត្តិរបស់ពួកវា។ ក្នុងនោះយើងឃើញថាពួកវា ពិតជាបានធ្វើឲ្យអ្នកទស្សនាជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងមិនដាច់ពីមាត់ អំពីសមត្ថភាពកាមេរ៉ាក្រោយ របស់ពួកវា។ គួរបញ្ជាក់ផងថា Huawei Mate 30 Pro បំពាក់មកជាមួយកាមេរ៉ា Selfie ចំនួន 1 គ្រាប់ ដែលមានទំហំ 32MP និងសេនស័រចំនួន 4 គ្រាប់ គឺ 3D Depth Camera ចំនួន 2 គ្រាប់, Gesture Sensor ចំនួន 1 គ្រាប់ និង Ambient Light and Proximity Sensor ចំនួន 1 គ្រាប់។ ចំណែកឯ កាមេរ៉ាក្រោយ មានចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាលេនទំលាយបែបលំដាប់កុន (Ultra-Wide Cine) ដែលមានទំហំ 40MP, មួយគ្រាប់ជាលេន SuperSening Wide មានទំហំ 40MP, មួយគ្រាប់ជា Telephoto Len (Optical Zoom បាន 3 ដង Hybrid Zoom បាន 5 ដង និង Digital Zoom បានចំនួន 30 ដង) ដែលមានទំហំ 8MP និងមួយគ្រាប់ចុងក្រោយជា 3D Depth។

បើនិយាយទាក់ទាក់ទៅនឹងសមត្ថភាពកាមេរ៉ារបស់ Huawei Mate 30 Pro នេះ យើងក៏ទើបតែទទួលបានព័ត៌មានដែលនិយាយ ពីវាផងដែរ។ បើយោងទៅតាមគេហទំព័រដ៏ល្បីឈ្មោះ ខាងដាក់ពិន្ទុទៅលើសមត្ថភាពរបស់កាមេរ៉ា មួយមានឈ្មោះថា DxOMark បានធ្វើការដាក់ពិន្ទុទៅឲ្យសមត្ថភាពកាមេរ៉ាក្រោយរបស់ Mate 30 Pro ទទួលបានពិន្ទុសរុបរហូតដល់ 121 ឯណោះ ជាហតុធ្វើឲ្យវាទទួលបានពិន្ទុលើស Galaxy Note 10 5G ចំនួន 4 ពិន្ទុ ហើយវាបានឡើងទៅគ្រងតំណែងជាស្តេចកាមេរ៉ា នៅលើស្មាតហ្វូននាពេលបច្ចុប្បន្ន។ DxOMark បាននិយាយថាការខុសគ្នាចំនួន 4 ពិន្ទុ នេះពិតជាការខុសគ្នាមួយដ៏គួរឲ្យកត់សម្គាល់។ Huawei Mate 30 Pro ក៏ទទួលបានពិន្ទុទៅលើផ្នែកថតវីដេអូចំនួន 100 ពិន្ទុផងដែរ ហើយពិន្ទុនេះស្ថិតនៅក្រោម Galaxy Note 10 5G ចំនួន 1 ពិន្ទុ ដោយ Note 10 5G ទទួលបានពិន្ទុ 101។ និយាយដល់ចំនុចនេះប្រាកដជាមានប្រិយមិត្តមួយចំនួនឆ្ងល់ហើយថា តើកាមេរ៉ាដែលបំពាក់នៅលើ Huawei Mate 30 Pro មានចំណុចខ្សោយដែរឬទេ? ចម្លើយនោះ ប្រាកដជាមាន គឺត្រង់ផ្នែកកាមេរ៉ា ខាងមុខរបស់វាតែម្តង ដោយវាទទួលបានត្រឹម 94 ពិន្ទុប៉ុណ្ណោះ ខណៈដែល កាមេរ៉ាមុខរបស់ Galaxy Note 10 5G ទទួលបាន 99 ពិន្ទុ។

 

ក្រុមការងារ DxOMark បានបន្តទៀតថា មូលហេតុដែលធ្វើឲ្យសមត្ថភាពកាមេរ៉ារបស់ Mate 30 Pro ធ្វើការបានល្អដូច្នេះ ក៏ព្រោះតែវាបានបំពាក់មកជាមួយកាមេរ៉ាដែលមានគុណភាពខ្ពស់ជាងមុន ព្រមទាំងភ្ជាប់មកជាមួយបច្ចេកវិទ្យាពិសេសៗជាច្រើន ក្នុងមានដូចជា Ultra Low-light Video, Ultra slow-Motion, Real-Time Bokeh Video និង Ultra Wide Angle Time-lapse ជាដើម ហើយក៏បានជំនួយពីសេនស័រ ToF ជំនាន់ថ្មី បូករួមជាមួយអង្គគណនារូបភាពជំនាន់ថ្មី ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) កាន់តែឆ្លាតវៃជាង ផងដែរ។ ជាចុងក្រោយពួកគេក៏បានណែនាំថា បើសិនជាអ្នកចង់បានស្មាតហ្វូនលំដាប់ កំពូលមួយ ដែលវេចខ្ចប់មកជាមួយកញ្ចប់កាមេរ៉ាដែលមានសមត្ថភាពខ្ពស់ លោកអ្នកអាចជ្រើសរើសយក Huawei Mate 30 Pro បាន។

ប្រភព៖ CAMBO REPORT