iPhone 11 អាច​មាន​ជម្រើស​ពណ៌បៃតងចាស់ និង​នៅ​តែ​ប្រើ​ឆ្នាំង​សាក​មាន​កម្លាំង 5W ដដែល

Published Date: Friday, August 16, 2019 08:51 AM

យើងបានដឹងហើយថា ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញ iPhone ជំនាន់ថ្មីចុងក្រោយ របស់ខ្លួន នៅខែក្រោយហើយ នេះបើយោងតាម ប្រភពព័ត៌មាន ជាច្រើន ដែលគួរឲ្យទុកចិត្តបាន។ ដូច្នេះប្រហែលជាមាន ប្រិយមិត្ត មួយចំនួន បានធ្វើការសន្សំលុយ រួចជាស្រេចបាត់ទៅហើយ ដើម្បីត្រៀមខ្លួន ក្លាយទៅជាម្ចាស់របស់ iPhone ជំនាន់ថ្មីចុងក្រោយ ដែលនឹងចេញលក់ នាពេលខាងមុខនេះ។ ទាក់ទិនទៅនឹង លក្ខណៈសម្បត្តិ និងមុខងារពិសេសៗខ្លះៗ របស់ iPhone ជំនាន់ថ្មីចុងក្រោយគេ ក៏ធ្លាប់បានសារព័ត៌មានជាច្រើន ធ្វើការចុះផ្សាយពីវា ជាហូរហែផងដែរ។ ប៉ុន្តែដូចដែលអ្នកបានដឹងហើយថា វាមិនងាយនឹងបញ្ចប់ ព័ត៌មានដែលបែកធ្លាយទាក់ទងទៅនឹង iPhone ជំនាន់ថ្មី របស់ Apple ដោយងាយៗនោះទេ។

ជាក់ស្តែងនៅក្នុងថ្ងៃនេះ ក៏មានព័ត៌មាន បែកធ្លាយជាលក្ខណៈទ្រង់ទ្រាយធំតែម្តង បើយោងតាមគណនីមួយ នៅក្នុងគេហទំព័រ Zhihu ដែលអះអាងថា ខ្លួនគឺជាបុគ្គលិក របស់ក្រុមហ៊ុន Foxconn បានធ្វើការបង្ហាញអំពី ព័ត៌មាន ជាច្រើនដែលទាក់ទងទៅនឹង លក្ខណៈសម្បត្តិ iPhone ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple។ ខាងក្រោមនេះ អាចជាលក្ខណៈសម្បត្តិ មួយចំនួន របស់ iPhone ជំនាន់ថ្មី ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលខាងមុខនេះ។

1.    iPhone ដែលមានអេក្រង់ទំហំ 6.5 អ៊ីញ នឹងបំពាក់មកជាមួយ ថាមពលថ្ម ដែលមានទំហំ 3936 mAh។

2.    iPhone ដែលបំពាក់មកជាមួយ អេក្រង់ ប្រភេទ OLED នឹងមានជម្រើសពណ៌ ដល់ទៅ 4 : ពណ៌ខ្មៅ, ពណ៌ទឹកប្រាក់, ពណ៌មាស និង ពណ៌ថ្មីដែលមិនធ្លាប់មានពីមុន គឺពណ៌បៃតងចាស់។

3.    នៅតែវេចខ្ចប់មកជាមួយ ឆ្នាំងសាកដែលមានកម្លាំង 5W នៅក្នុងប្រអប់។

4.    ត្រូវបានបំពាក់មកជាមួយ កាមេរ៉ាខាងក្រោយ ចំនួន 3 គ្រាប់។

5.    ផ្ទៃខាងមុខរបស់ទូរសព្ទ និងប៊ូតុង បិទបើកសម្លេង គ្មានការផ្លាស់ប្តូរអ្វីនោះទេ។

6.    អង្គផ្ទុកទិន្នន័យចែកចេញជា 3 ជម្រើស : 64 GB, 256 GB និង 512 GB។

7.    រូបផ្លែប៉ោម ដែលស្ថិតនៅខាងផ្នែកខាងក្រោយ របស់ iPhone ត្រូវបានលុបចេញ។

8.    ជម្រើសពណ៌ថ្មី “បៃតងចាស់” របស់ iPhone ជំនាន់ថ្មី ត្រូវរ៉ាប់រងដោយ ក្រុមហ៊ុន Guanlan និងក្រុមហ៊ុន Longhua។

9.    ប្រើប្រាស់ Double Motherboard។

10.    រន្ធសាកថ្មប្រភេទជា Lighting មិនជាមែនជា USB-C នោះទេ។

សរុបមកវិញ ព័ត៌មានខាងលើ គ្រាន់តែជាព័ត៌មាន ដែលបានអះអាង ដោយបុគ្គលម្នាក់ តែប៉ុណ្ណោះ ហើយក៏គ្មានប្រភពច្បាស់ការ ណាមួយ ចេញមុខមកបញ្ជាក់ថា វាគឺជាការពិតឬយ៉ាងណានោះទេ ដូចនេះយើងមិនអាចជឿជាក់ បានទាំងស្រុងនោះទេ មានតែរង់ចាំមើលបន្តទៀត។

ប្រភព៖ CAMBO REPORT