Mate​ 30​ និង​ Mate​ 30​ Pro​ អាច​នឹង​ប្រកាស​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​ 19​ កញ្ញា​ខាង​មុខ​នេះ

Published Date: Monday, August 12, 2019 11:26 AM

កន្លងមកនេះ ដំណឹងលេចធ្លាយដែលទាក់ទងជាមួយ Huawei Mate 30 ហាក់ដូចជាមាន ច្រើនមែនទែន ជាពិសេសគឺ និយាយពី កាមេរ៉ាមានរាងរង្វង់មូលនៅខាងក្រោយតែម្ដង។ ផ្ទុយទៅវាមិនទាន់ត្រូវបានគេបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ទាក់ទងទៅនឹង កាលបរិច្ឆេទ ក្នុងការប្រកាសផ្លូវការនៃស្មាតហ្វូនមួយស៊េរីនេះ ខណៈពេលដែលឆ្នាំមុន វាត្រូវបានគេប្រកាសផ្លូវការ នៅក្នុងអំឡុងខែតុលាផងដែរ។ ដោយឡែក នៅក្នុងថ្ងៃនេះ មានដំណឹងថា Mate 30 series អាចនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងខែកញ្ញាឆាប់ៗខាងមុខនេះ។

 

 

មិនខុសទេ បើតាមប្រធានផ្នែកអាជីវកម្ម Software របស់ Huawei លោក Wang Chenglu បានឲ្យដឹងថា Mate 30 និង Mate 30 Pro គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 19 កញ្ញា ខាងមុខនេះ លើសពីនេះ  លោកក៏បានបន្តទៀតថា បន្ទៈឈីបថ្មី Kirin 990 ក៏អាចនឹងត្រូវប្រកាសជាមួយគ្នានោះដែរ។ មិនត្រឹមតែ ប៉ុណ្ណោះ បុគ្គលិកមួយរូបផ្សេងទៀត របស់ក្រុមហ៊ុនចិនខាងលើបាននិយាយថា ត្រកូល Mate ជំនាន់ចុងក្រោយនេះ នឹងត្រូវបំពាក់មកជាមួយបន្ទៈឈីប ដែលនឹងប្រកាសផ្លូវការ ក្នុងពេលជាមួយគ្នានោះ ពោលគឺ Kirin 990 ហ្នឹងឯង។ គួរបញ្ជាក់ដែរថា បើតាមពាក្យចចាមអារ៉ាមកន្លងមក ស្មាតហ្វូននេះ អាចមានសេនស័រកាមេរ៉ាទំហំ 40 មេហ្គាភិចសែលចំនួន 2 គ្រាប់ទៀតផង កាន់តែពិសេស វាក៏អាចនឹងមានកម្រិត refresh rate អេក្រង់ដល់ទៅ 90Hz ដូចទៅនឹង OnePlus 7 Pro ដែរ។

 

ចំពោះលក្ខណៈសម្បត្តិផ្សេងទៀត វាហាក់នៅមិនទាន់ច្បាស់លាស់នោះទេ គ្រាន់តែដឹងថា ស្មាតហ្វូន 2 ម៉ូឌែលខាងលើ អាចនឹងដំណើរការដោយ Android Q មិនមែនជា HarmonyOS ឡើយ ជាមួយស្បែកមុខ EMUI 10 ដូច្នេះដែរ។ មួយវិញទៀត ការប្រកាសផ្លូវការនៃ Mate 30 series អាចនឹងធ្វើនៅតំបន់អ៊ឺរ៉ុប ប៉ុន្តែមិនដឹងច្បាស់ថា ជាប្រទេសមួយណានោះទេ គ្រាន់តែភាគរយច្រើន គឺអាចនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។

 

 

ដូច្នេះហើយ ទាំងនេះ ជាចំណុចបន្ថែម ដែលយើងអាចប្រាប់ដល់អ្នកទាំងអស់គ្នាបានពី Huawei Mate 30 series ហើយប្រហែលជាបន្តិចទៀត យើងអាចនឹងដឹងច្បាស់ជាងនេះ ទាក់ទងជាមួយត្រកូល Mate ជំនាន់លេខ 30 ថែមទៀត ផងដែរ។ អញ្ចឹង វាកាន់តែកៀកមែនទែនហើយ បើសិនជាវាប្រកាសនៅក្នុងថ្ងៃ ដូចដែលបានរៀបរាប់ខាងលើពិតមែន ហើយនៅពេលនោះ យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាវាមានចំណុចអ្វីខ្លះ ដែលអាចប្រកួតប្រជែងជាមួយ ស្មាតហ្វូនដទៃបាន?

ប្រភព៖ CAMBO REPORT