OnePlus​ 7T​ នឹង​មាន​ជម្រើស​ពណ៌​មាស​ថ្មី​មួយ​ទៀត ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​

Published Date: Thursday, November 28, 2019 08:17 AM

ប្រិយមិត្តអ្នកអានប្រហែលជាធ្លាប់បានដឹង ក៏ដូចជាមានអ្នកធ្លាប់បានប្រើប្រាស់រួចហើយ នូវស្មាតហ្វូនជំនាន់ថ្មីមួយ ដែលមានស្លាកយីហោ OnePlus និយាយឲ្យចំទៅ គឺចង់សំដៅទៅលើ OnePlus 7T ដែលទើបតែប្រកាសចេញ កាលពីខែកញ្ញា កន្លងទៅនេះប៉ុណ្ណោះ។ មិនខុសទេ កាលពីពេលដែលវាបានបង្ហាញខ្លួននោះ យើងឃើញថា OnePlus បានប្រើប្រាស់ពណ៌ចំនួនពីរប្រភេទ សម្រាប់បំពាក់នៅលើស្មាតហ្វូនខាងលើ ប៉ុន្តែសម្រាប់ពេលនេះវិញ យើងក៏ទទួលបានដំណឹងមួយទៀត ដែលបង្ហាញថា OnePlus 7T នឹងទទួលបានជម្រើសពណ៌មាសថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមកនោះទេ។

 

ប្រាកដណាស់ បើតាមការបង្ហោះនៅលើបណ្តាញសង្គម Weibo ចេញពីគណនីមួយ ដែលត្រូវបានគេស្គាល់ថាជាអ្នករចនាម៉ូត នៃស្មាតហ្វូនរបស់ OnePlus នោះបានឲ្យដឹងថា OnePlus 7T Pro នឹងទទួលបានជម្រើសពណ៌ថ្មីមួយទៀត ដែលមានឈ្មោះថា Metallic Gold ហើយបើយើងមើលទៅ វាគឺជាពណ៌មាសធ្ងន់ ឬពណ៌មាសដិត ហើយវាក៏ជាពណ៌មួយ ដែលមិនធ្លាប់មានពីមុនមកនោះទេ នៅក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន ក្រុមហ៊ុនចិនខាងលើ។ គួរបញ្ជាក់ដែរថា កាលពីពេលប្រកាសផ្លូវការ OnePlus 7T ត្រូវបានភ្ជាប់មកជាមួយ ជម្រើសពីរពណ៌រួចហើយ មានដូចជា dark Glacier Blue (ខៀវចាស់) និង Frosted Silver (ទឹកប្រាក់ក្រម៉ៅ) ផងដែរ។ យ៉ាងណាក៏ដោយ វាត្រូវបានគេរំពឹងថា អាចនឹងមានជម្រើសពណ៌ផ្សេងក្រៅពីនេះទៀត ជាក់ស្ដែងដូចជាពណ៌ក្រហម និងពណ៌ Almond ដូចធ្លាប់មាននៅលើ OnePlus 7 Pro អញ្ចឹងដែរ។

 

និយាយរួមមកវិញ OnePlus 7 Pro នឹងមានភ្ជាប់មកជាមួយពណ៌មាសថ្មីមួយទៀត សម្រាប់វាយលុកទីផ្សារ នេះបើយោងតាម ការបង្ហាញពីសំណាក់អ្នករចនាម៉ូតរបស់ OnePlus នៅលើបណ្តាញសង្គម Weibo កាលពីពេលថ្មីៗនេះ។ គួរឲ្យសោកស្ដាយដែរ ដែលយើងមិនទាន់បាន ដឹងច្បាស់នោះទេ ថាពណ៌ថ្មីនេះ នឹងបង្ហាញខ្លួន នៅពេលណា ហើយចំពោះពណ៌នេះដែរ អាចនិយាយបានថា វាមានលក្ខណៈជាមាសដិតខ្លាំង ពោលគឺមិនមែនពណ៌មាសស្រាលៗ ដូចធ្លាប់មាន នៅលើស្មាតហ្វូនផ្សេងៗនោះទេ។

ប្រភព៖ CAMBO REPORT