OPPO ប្រកាស​ចេញ​បច្ចេក​វិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍ MWC Shanghai

Published Date: Thursday, June 27, 2019 09:17 AM

ប្រហែលមួយសប្តាហ៍មុន យើងបានដឹងពីបច្ចេកវិទ្យាបង្កប់កាមេរ៉ានៅក្រោមអេក្រង់ របស់ OPPO ខ្លះៗហើយ ចំណែកឯថ្ងៃនេះវិញ យើងបានដឹងច្បាស់តែម្តង ព្រោះថាពេលនេះពត៌មានជាច្រើន ទាក់ទងនឹងបច្ចេកវិទ្យានេះ ត្រូវបានបង្ហាញជាផ្លូវការ ដោយក្រុមហ៊ុន OPPO ហើយ។

ពីមួយឆ្នាំទៅមួយឆ្នាំ OPPO តែងតែរកនឹកនូវបច្ចេកវិទ្យាសម្រាប់បំពាក់កាមេរ៉ាថ្មីៗ ដើម្បីឲ្យទូរសព្ទរបស់ខ្លួន មានអេក្រង់លាតកាន់តែធំ។ ជាក់ស្ដែង ក្រុមហ៊ុនផលិតទូរសព្ទមួយនេះ ធ្លាប់បានធ្វើរួចហើយ មានដូចជា ម៉ូដឆកដើម្បីដាក់កាមេរ៉ា និងជាពិសេស កាមេរ៉ាហូតចេញពីតួរខ្លួនតែម្តង។ ពេលនេះបច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយទៀត បានបង្ហាញខ្លួនជាផ្លូវការ ដែលវាត្រូវបាន គេហៅថា Under-screen selfie camera (កាមេរ៉ាមុខ នៅក្រោមអេក្រង់)។

OPPO ក៏បានបង្ហាញយ៉ាងច្បាស់ដែរ ពីរបៀបដំណើរការរបស់កាមេរ៉ានេះ និងបានបញ្ជាក់ថា ខ្លួនបានប្រើប្រាស់នូវ សមាសធាតុថ្លា ដែលបង្កើតដោយខ្លួនឯង ដើម្បីឲ្យវាធ្វើការ ជាមួយគ្រាប់ភិចសែល ក្នុងការអនុញ្ញាតឲ្យពន្លឺ ចូលទៅដល់កាមេរ៉ា ដើម្បីចាប់យករូបភាព។ មិនត្រឹមតែប៉ុណ្ណោះ សេនស័រកាមេរ៉ាប្រភេទនេះ វាមានទំហំធំជាងកាមេរ៉ា សែលហ្វីធម្មតា រីឯកន្លែងដែលដាក់កាមេរ៉ានោះ ក៏យើងអាចប៉ះបញ្ជា វាបានដូចអេក្រង់ធម្មតាដែរ ហើយការបង្ហាញរូបភាព ក៏មិនបាត់បង់ គុណភាពឡើយ។

 

ក្រុមហ៊ុនចិនមួយនេះទួលស្គាល់ថា ការដាក់អេក្រង់នៅពីមុខកាមេរ៉ាបែបនេះ វាអាចនឹងធ្វើឲ្យគុណភាពរូបថត មានការធ្លាក់ចុះបន្តិចផងដែរ តែ OPPO ក៏បាននិយាយថា នឹងដោះស្រាយបញ្ហាបែបនេះ តាមរយៈការពង្រឹងផ្នែក Software និង Hardware ។

និយាយរួមមកវិញ ការដាក់កាមេរ៉ានៅក្រោមអេក្រង់នេះ ជាគំនិតល្អមួយ ដើម្បីធ្វើឲ្យទូរសព្ទមានអេក្រង់លាត កាន់តែធំ ដោយគ្មានឆក ឬក៏សម្លេងម៉ូទ័រ ឬក៏ចោះអេក្រង់អេក្រង់នោះដែរ។ OPPO មិនបានបញ្ជាក់ច្បាស់ ពីពេលវេលា ក៏ដូចជាម៉ូឌែលទូរសព្ទណា ដែលនឹងត្រូវបំពាក់វានោះទេ គឺគ្រាន់តែបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ។ ដូច្នេះយើងចាំមើល ទាំងអស់គ្នាថា តើទូរសព្ទសេរីណាមួយរបស់ OPPO ដែលទទួលបាន បច្ចេកវិទ្យានេះមុនគេ? ចុះអ្នកវិញ តើគិតយ៉ាងណាដែរ ទៅលើកាមេរ៉ាប្រភេទនេះ?

ប្រភព៖ CAMBO REPORT