OPPO F15 នឹងបង្ហាញខ្លួនជាផ្លូវការ នៅខែក្រោយនេះហើយ

Published Date: Tuesday, December 31, 2019 01:14 PM

កាលពីថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនលំដាប់មធ្យមរបស់ខ្លួន ចំនួន 2 ម៉ូឌែលបន្ថែមទៀត ដែលមានឈ្មោះថា OPPO A8 និង A91។ បន្ទាប់ពីបានប្រកាសចេញ OPPO A8 និង A91 បានប្រហែលជា 5 ថ្ងៃមក ក្រុមហ៊ុន OPPO ក៏បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G របស់ខ្លួនចំនួន 2 ម៉ូឌែលផ្សេងទៀត ដែលស្ថិតនៅក្នុងត្រកូល Reno ដែលពួកវាមានឈ្មោះថា Reno3 និង Reno3 Pro។ ដូច្នេះមានន័យថា ត្រឹមរយៈពេលមិនទាន់ដល់ 1 សប្តាហ៍ ផង ក្រុមហ៊ុន OPPO បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរហូតដល់ទៅ 4 ម៉ូឌែលបាត់ទៅហើយ។

 

ប៉ុន្តែមើលទៅក្រុមហ៊ុន OPPO ហាក់បីដូចជាមិនទាន់ចង់សម្រាក ពីការប្រកាសចេញស្មាតហ្វូនរបស់ខ្លួនបន្ថែមទៀតនោះទេ ព្រោះថាបើយោងទៅតាមវីដេអូ Teaser ខ្លីមួយ ដែលបង្ហោះដោយគណនី YouTube ផ្លូវការរបស់ OPPO ប្រទេសឥណ្ឌា បានធ្វើឲ្យយើងដឹងថា ក្រុមហ៊ុន OPPO នៅសល់ស្មាតហ្វូនថ្មីមួយម៉ូឌែលផ្សេងទៀត ដែលត្រូវប្រកាសចេញជាផ្លូវការ នៅខែក្រោយនេះ ហើយវាគឺជាស្មាតហ្វូនដែលត្រូវចូលខ្លួនមកបន្តតំណែងរបស់ OPPO F11 ដែលបានប្រកាសចេញកាលពីខែមីនា ឆ្នាំ 2019 កន្លងទៅនេះ។ តាមរយៈវីដេអូនោះដដែលនេះ បានបញ្ជាក់ឲ្យយើងដឹងថា ស្មាតហ្វូននោះនឹងមានឈ្មោះជាផ្លូវការថា OPPO F15។ បើសង្កេតមើលទៅលើវីដេអូខ្លីនោះ យើងឃើញថា OPPO F15 មានរចនាបថផ្នែកខាងមុខ និងផ្នែកខាងក្រោយ ស្ទើរតែដូចគ្នាទៅនឹង OPPO A91 ទាំងស្រុងទៅហើយ។ អញ្ចឹងមានន័យថា OPPO F15 អាចជាស្មាតហ្វូនតែមួយនឹង A91 អញ្ចឹងដែរ គ្រាន់តែក្រុមហ៊ុន OPPO ធ្វើការផ្លាស់ប្តូរឈ្មោះវា សម្រាប់លក់នៅក្នុងទីផ្សារ ប្រទេសឥណ្ឌា និងទីផ្សារអាស៊ីតែប៉ុណ្ណោះ។

 

គួររំលឹកផងថា OPPO A91 ត្រូវបានបំពាក់មកជាមួយអេក្រង់លាតម៉ូតឆកដំណក់ទឹក ទំហំ 6.4 អ៊ីញ ប្រភេទជា AMOLED មានកម្រិតបង្ហាញ Full HD+។ ចំពោះកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប MediaTek Helio P70 គួបផ្សំជាមួយជម្រើស RAM ទំហំ 8GB អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB។ ចំណែកឯផ្នែកកាមេរ៉ាវិញ OPPO A91 ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ មានទំហំ 16MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនគោលទំហំ 48MP, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide) ទំហំ 8MP, មួយគ្រាប់គឺជាលេនជំនួយទំហំ 2MP និងមួយគ្រាប់ចុងក្រោយគេគឺជាលេន Macro ទំហំ 2MP។ រីឯផ្នែកសុវត្ថិភាពវិញ OPPO A91 ប្រើប្រាស់បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ដែលមានសេនស័រស្ថិតនៅក្រោមអេក្រង់ទូរសព្ទ។ OPPO A91 ភ្ជាប់មកជាមួយថ្មទំហំ 4,025 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 4.0 Flash Charge ដែលមានកម្លាំង 30W។

 

 

ប្រភព៖ CAMBO REPORT