OPPO Reno 10X Zoom FC Barcelona Edition ចេញផ្លូវការ ជាមួយ​តម្លៃជាង 1 ពាន់​ដុល្លារ​ឯណោះ

Published Date: Thursday, July 18, 2019 11:46 AM

បន្ទាប់ពីមានការប្រកាសចេញលក់ ស្មាតហ្វូន OPPO Reno 10X ដែលអាចធ្វើការZoom បានឆ្ងាយ ជាផ្លូវការ កាលពីប៉ុន្មានខែមុន នៅលើទីផ្សារសកល ក៏ដូចជាទីផ្សារកម្ពុជាយើងផងដែរនោះ យើងឃើញថា វាគឺជាជោគជ័យមួយរបស់ OPPO ហើយ។ ដូច្នេះនៅពេលនេះ ក្រុមហ៊ុន OPPO បានបញ្ចេញជម្រើស Edition ថ្មី មកមួយទៀតហើយ ដែលត្រូវបានរចនាឡើង នៅលើតួខ្លួនស្មាតហ្វូនម៉ូឌែល OPPO Reno 10X Zoom នេះតែម្តង ដោយវាត្រូវបានប្រកាសដាក់លក់ ក្នុងតម្លៃប្រហែល $1,008 ដុល្លារអាមេរិក (ជាតម្លៃនៅស្រុកគេ)។

ចំពោះម៉ូដែលថ្មីនេះ មានឈ្មោះហៅជាផ្លូវការថា OPPO Reno 10X Zoom FC Barcelona Edition ដែលមានអមមក ជាមួយឡូហ្គូពណ៌មាសរបស់ ក្លឹបបាល់ទាត់ FC Barcelona រំលេចដោយពណ៌ចំរុះពីរ (ពណ៌ប្រចាំត្រកូល Blaugrana របស់ក្លឹប Barcelona) គឺក្រហមនិងខៀវ។ លើសពីនេះ វាក៏បានបន្ថែមមកជាមួយនឹង Theme រូប FCB ព្រមទាំងសំលេងរោទិ៍ និងស្រោមការពារទូរស័ព្ទ ដែលមានផ្ទាំងរូបតំណាងរបស់ក្លឹបបាល់ទាត់នេះ ផងដែរ។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឲ្យវាប្លែកជាង Reno 10X Zoom ធម្មតា។

យ៉ាងណាមិញ OPPO Reno 10X ZOOM ប្រភេទ Edition នេះ មានលក្ខណៈសម្បតិ្តដូចគ្នាទៅនឹងស៊េរី OPPO Reno 10X ZOOM ធម្មតាទាំងស្រុង ដោយវាមានអេក្រង់លាតធំ គែមខ្លី ទំហំ 6.6 អ៊ីញ ជាប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ( 1080 x 2340 ភិចសែល) និងមានកម្រិត Aspect Ratio 19.5:9។ ផ្ទៃខាងមុខរបស់វា អាចលាតបាន ដល់ទៅ 93.1 ភាគរយ និងការពារដោយកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយផងដែរ។

 

សម្រាប់កាមេរ៉ា 3 គ្រាប់ នៅផ្នែកខាងក្រោយ របស់ស្មាតហ្វូនស៊េរីនេះ រួមមាន មួយគ្រាប់ទំហំ 48 មេហ្កាភិចសែល ជាកាមេរ៉ាគោល ប្រើប្រាស់សេនស័រ Sony IMX586  មានកម្រិត Aperture f/1.7 មួយគ្រាប់ទៀត មានទំហំ 8 មេហ្កាភិចសែល សម្រាប់ជំនួយលើការថតជាលក្ខណៈ Super Wide-Angle មានកម្រិត Aperture f/2.2 ហើយមួយគ្រាប់ចុងក្រោយ ជាលេន Periscope មានទំហំ13 មេហ្កាភិចសែល អាចធ្វើឲ្យ Zoom បានដល់ទៅ 5x ដង ជាប្រភេទ Optical zoom ក៏មានភ្ជាប់មក ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយរំញ័រផងដែរ។ រីឯកាមេរ៉ាមុខ ជាប្រភេទម៉ូទ័រផុសឡើងដូចស្នែងរមាស មានទំហំ 16 មេហ្កាភិចសែល អមដោយ Flash LED មួយគ្រាប់។

 

ចំពោះផ្នែកកម្លាំងម៉ាស៊ីនរបស់ Reno 10X Zoom Edition នេះ ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 855 មានរ៉េមទំហំ 8GB + ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 256GB។ ចំនុចកាន់តែពិសេស ចុងក្រោយនោះ គឺស្មាតហ្វូនប្រភេទនេះ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie និងស្រោបដោយស្បែក ColorOS 6, មានថាមពលថ្មទំហំ 4035mAh ដែលភ្ជាប់មកជាមួយ មុខងារសាកថ្មលឿន VOOC 3.0 ទៀតផង។

ជាចុងក្រោយ OPPO Reno 10X Zoom ប្រភេទ Edition នេះ នឹងត្រូវដាក់លក់នៅលើទីផ្សារប្រទេសអេស្ប៉ាញ, បារាំង, និងប្រទេសមួយចំនួនទៀត នៅប៉ែកខាងអឺរ៉ុប ចាប់ពីថ្ងៃ 26 ខែកក្កដា នេះតទៅហើយ ក្នុងតម្លៃ 899 អឺរ៉ូ ( ប្រហែល $1,008 )។ អញ្ចឹងនេះគឺជា ដំណឹងល្អមួយ សម្រាប់ប្រិយមិត្តមួយចំនួន ដែលជាហ្វេនគាំទ្រ ក្លឹបបាល់ទាត់ Barcelona ដោយវាផលិតមកមានរូបរាង ទាក់ទាញ ជាមួយការផលិតមានកំណត់ទៀតផង។

ប្រភព៖ CAMBO REPORT