OPPO Reno3 នឹង​មាន​ពណ៌​ចំនួន 4 ពិតមែន និង​អាច​បំពាក់​រ៉េម​លោត​ដល់​ទំហំ 12GB

Published Date: Monday, December 23, 2019 09:42 AM

ដូចដែលយើង ធ្លាប់បានដឹងពីមុនមករួចមកហើយថា ក្រុមហ៊ុន OPPO មានគម្រោងនឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន ស្ថិតក្នុងត្រកូល Reno ដែលជាជំនាន់ចុងក្រោយរបស់ខ្លួន នៅថ្ងៃទី 26 ខែធ្នូនេះ តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ មានការរំពឹងទុកថា សម្រាប់ OPPO Reno3 អាចនឹងត្រូវបំពាក់មកជាមួយបន្ទះឈីប 5G លើកដំបូងរបស់ MediaTek ហើយសម្រាប់ Reno3 វិញ អាចនឹងត្រូវបានប្រើប្រាស់ឈីប Snapdragon 765G រួមជាមួយ Modern 5G Snapdragon X55 ជំនាន់ថ្មីរបស់ Qualcomm។

 

 

ជាក់ស្ដែង ក្នុងពេលនេះ មានគេបានប្រទះឃើញរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Reno3 នៅលើគេហទំព័រផ្លូវការរបស់ OPPO ផ្ទាល់តែម្ដង។ ពិតប្រាកដណាស់ ដោយក្នុងនោះ បានបង្ហាញថា OPPO Reno3 អាចនឹងមានជម្រើសអង្គផ្ទុកទិន្នន័យ និងរ៉េមចំនួន 2 ជម្រើស ដោយជម្រើសទីមួយ មានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ដូចគ្នាទៅនឹងជម្រើសដែលមាននៅលើស្មាតហ្វូន Reno ជំនាន់មុនដែរ ចំណែកឯ មួយជ្រើសទៀត មានការបន្ថែមរ៉េមលោតដល់ទៅទំហំ 12GB បូករួមជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 256GB។ មួយវិញទៀត វាហាក់បីដូចជា មានជម្រើសមួយទៀត ត្រូវបានបាត់ ខណៈពេលដែល ម៉ូឌែលដែលមានជម្រើសរ៉េមទំហំ 12GB រួមនិងអង្គផ្ទុកទំហំ 128GB ដែលបច្ចុប្បន្ននេះ ឃើញមានសម្រាប់ការកក់ទុកជាមុន នៅលើគេហទំព័រលក់អនឡាញរបស់ JD.com។ លើសពីនេះទៅទៀត ប្រភពដដែល ក៏បានបង្ហាញថា វានឹងអាចមានជម្រើសពណ៌ចំនួន 4 ដែលរួមមានដូចជា Misty White, Moon Night Black, Blue Starry Night និង Sunrise Impression ជាដើម។

 

 

គួររំលឹកផងដែរថា បើយោងលើព័ត៌មានលេចធ្លាយកន្លងមកបង្ហាញ OPPO Reno3 អាចមានអេក្រង់ទំហំ 6.5 អ៊ីញ ប្រភេទ OLED ក្នុងកម្រិតបង្ហាញរូបភាព Full HD+ ព្រមជាមួយល្បឿន Refresh Rate 90Hz។ រីឯ ផ្នែកកាមេរ៉ាវិញ Reno3 Series អាចភ្ជាប់មកជាមួយកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនគោល មានទំហំ 48 មេហ្គាភិចសែល មួយគ្រាប់គឺជាលេនពង្រីក មានទំហំ 8 មេហ្គាភិចសែល មួយគ្រាប់គឺជាលេនទូលាយ មានទំហំ 13 មេហ្គាភិចសែល និងមួយគ្រាប់ចុងក្រោយគេគឺជាលេនជំនួយ មានទំហំ 2 មេហ្គាភិចសែល។