OPPO ប្រកាសផ្លូវការហើយថា Reno 3 Pro នឹងបំពាក់មកជាមួយឈីប Snapdragon 765G
Published Date: Thursday, December 5, 2019 08:32 AMបន្ទាប់ពី Qualcomm បង្ហាញថា ឈីបថ្មីរបស់ខ្លួន គឺមានដូចជា Snapdragon 765 និង 865 នោះ យើងឃើញថា មានក្រុមហ៊ុនជាច្រើន បានចេញមុខមកបង្ហាញ ថាឈីបទាំងនេះ នឹងមាននៅលើស្មាតហ្វូនរបស់ខ្លួន នៅក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក នៅក្នុងពេលនេះ OPPO ក៏ដូចគ្នាដែរ ដោយក្រុមហ៊ុនមួយនេះបានបង្ហាញថា ស្មាតហ្វូនត្រកូល Reno ជំនាន់ទី 3 របស់ខ្លួន នឹងមានប្រើប្រាស់ឈីបខាងលើនេះ និយាយឲ្យចំទៅ គឺវានឹងប្រើប្រាស់ Snapdragon 765G ហើយចំណែកឯម៉ូឌែលថ្មីមួយទៀត គឺប្រើ Snapdragon 865 ផងដែរ។
មិនខុសទេ បើតាមការបង្ហាញពីំសំណាក់ OPPO កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនត្រកូល Reno ជំនាន់ថ្មី ពោលគឺ Reno 3 Pro នឹងត្រូវបំពាក់មកជាមួយឈីប Snapdragon 765G ដែលជាឈីបមួយ មានភ្ជាប់មកជាមួយ 5G ស្រាប់តែម្ដង។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើនេះ ធ្លាប់បានប្រាប់រួចខ្លះហើយដែរថា ស្មាតហ្វូនមួយម៉ូឌែលនេះ នឹងមានភ្ជាប់មកជាមួយ ថាមពលថ្មដល់ 4,025mAh ព្រមទាំងមានកម្រាស់ស្ដើងត្រឹមតែ 7.7mm ប៉ុណ្ណោះ។ ក្រៅពីនេះ OPPO ក៏បានបញ្ជាក់ដែរថា ខ្លួននឹងបញ្ចេញស្មាតហ្វូនលំដាប់កំពូលមួយម៉ូឌែលទៀត ដែលប្រើប្រាស់ឈីប Snapdragon 865 ព្រមទាំងប្រកាសចេញ នៅដើមឆ្នាំក្រោយ ហើយក្រុមហ៊ុនចិននេះ ក៏បានប្រាប់ទៀតថា វានឹងក្លាយជាស្មាតហ្វូនលំដាប់កំពូលមួយ ដែលនឹងផ្ដល់ជូនអ្នកប្រើប្រាស់ នូវបទពិសោធន៍កាន់តែប្រសើរ ទៅលើផ្នែក កាមេរ៉ា, ការលេងហ្គេម និងភាពឆ្លាតវៃ ក៏ដូចជាការច្នៃប្រឌិតថែមទៀតផង។
គួរបញ្ជាក់ដែរថា ក្រៅពី OPPO មានក្រុមហ៊ុនចិនជាច្រើនទៀត ដែលបានប្រកាសថាខ្លួន នឹងប្រើប្រាស់ឈីបថ្មីរបស់ Qualcomm ទាំងនេះ មកបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួន ជាក់ស្ដែងដូចជា Xiaomi និង Meizu ជាដើម។ និយាយរួមមកវិញ យើងឃើញថា OPPO Reno 3 Pro នឹងក្លាយជាស្មាតហ្វូន 5G ដំបូងរបស់ OPPO ដែលមានប្រើប្រាស់ឈីប Snapdragon 765G ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិនខាងលើ ក៏បានបង្ហាញទៀតថា ខ្លួននៅមានស្មាតហ្វូនលំដាប់កំពូលមួយទៀត ដែលនឹងមានសមត្ថភាពប្រសើរ សឹងតែគ្រប់ចំណុច ជាពិសេសនោះ វានឹងប្រើប្រាស់ឈីបកំពូល Snapdragon 865 ក៏ដូចជាបង្ហាញខ្លួន នៅដើមឆ្នាំក្រោយនេះឯង។
ប្រភព៖ CAMBO REPORT