P30 Pro ទទួលបានជម្រើសពណ៌ថ្មី 2 ដែលមក​ជាមួយ Android 10 ចេញ​ពី​ក្នុង​ប្រអប់​ស្រាប់​តែ​ម្តង

Published Date: Monday, September 9, 2019 09:39 AM

យើងបានដឹងហើយថា Huawei Mate 30 និង Mate 30 Pro នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ ប៉ុន្តែស្មាតហ្វូនទាំង 2 នេះមិនអាចដំណើរការសេវាកម្មរបស់ Google បាននោះទេ។ នេះក៏ដោយសារតែជម្លោះពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន Huawei មិនអាចប្រើប្រាស់គ្រប់សេវាកម្មដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកបាននោះទេ។

 

ខណៈពេលដែលស្មាតហ្វូនលំដាប់កំពូលជំនាន់ចុងក្រោយរបស់ Huawei នឹងត្រៀមបង្ហាញខ្លួន នាពេលឆាប់ៗខាងមុខនេះ នោះមិនមានន័យថាក្រុមហ៊ុន Huawei បានបំភ្លេចចោលនូវស្មាតហ្វូនត្រកូល P របស់ខ្លួន គឺ P30 Pro ដែលបានបង្ហាញខ្លួនជាផ្លូវការ កាលពីដើមឆ្នាំ 2019 នោះទេ។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ IFA 2019 ក្រុមហ៊ុន Huawei បានប្រកាសចេញ Huawei P30 Pro ដែលមានជម្រើសពណ៌ថ្មី 2 នោះគឺពណ៌ផ្កាឡាវេនឌឺ “Misty Lavender” និង ពណ៌ខៀវ “Mystic Blue” អ្វីដែលគួរឲ្យកត់សម្គាល់ នោះ គឺពណ៌ទាំង 2 នេះមានលក្ខណៈស្រដៀងទៅនឹង ពណ៌ដែលយើងធ្លាប់ឃើញ នៅលើស្មាតហ្វូន Google Pixel អញ្ចឹង។ ដោយ ពណ៌ខៀវ “Mystic Blue” មានលក្ខណៈជាពណ៌ខៀវរាងខ្ចីនៅផ្នែកខាងលើ និងនៅផ្នែកខាងក្រោម មាន លក្ខណៈជាមានពណ៌ខៀវ ចាស់ ចំនែកឯ ពណ៌ផ្កាឡាវេនឌឺ “Misty Lavender” មានលក្ខណៈជាពណ៌ ស្វាយចាស់នៅផ្នែកខាងលើ និងនៅផ្នែកខាងក្រោម មានលក្ខណៈ ជាមានពណ៌ស្វាយរាងខ្ចី។ អ្វីដែលរឹតតែពិសេសថែមទៀតនោះ គឺ Huawei P30 Pro ជម្រើសពណ៌ថ្មីទាំង 2 នេះនឹងភ្ជាប់មកជាមួយ Android 10 ចេញពីប្រអប់ស្រាប់តែម្តង។ ដូច្នេះមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែល Huawei P30 Pro ជម្រើសពណ៌ថ្មីនេះ អាចប្រើប្រាស់ប្រតិបត្តិការចុងក្រោយរបស់ Google បាន ក៏ព្រោះតែសហរដ្ឋអាមេរិកបានពន្យារពេល 3 ខែទៀត ( ផុតកំណត់នៅថ្ងៃទី 19 ខែតុលា ឆ្នាំ 2019 ) ទុកឲ្យក្រុមហ៊ុន Huawei រកដំណោះស្រាយ ដើម្បីស្រាយជម្លោះបញ្ហាសេដ្ឋកិច្ចរវាងចិន និងអាមេរិក។ ដូច្នេះមានន័យថាគ្រប់ឧបករណ៍របស់ Huawei ដែលមានវត្តមាននៅលើទីផ្សារកាលពីពេលកន្លងនៅតែអាចប្រើប្រាស់ សេវាកម្មរបស់ Google បានធម្មតា។

 

គួរបញ្ជាក់ផងថា Huawei P30 Pro ជម្រើសពណ៌ថ្មីទាំង 2 នេះគឺមានលក្ខណៈសម្បត្តិដូចទៅនឹង P30 Pro ដែលបានប្រកាសចេញ កាលពីដើមឆ្នាំ 2019 អញ្ចឹងដែរ។ ដោយវាបំពាក់មកជាមួយអេក្រង់កោង ទំហំ 6.47 អ៊ីញ ជាប្រភេទ OLED មានកម្រិតបង្ហាញ 2340 x 1080 ភិចសែល ។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាប្រើប្រាស់បន្ទះឈីបខ្លាំង Kirin 980 គួបផ្សំជាមួយជម្រើស RAM ទំហំ 6/8GB អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB256GB/ 512GB យើងក៏អាចធ្វើការបន្ថែម Memory ពីខាងក្រៅបាន ថែមទៀតផង។ រីឯផ្នែកកាមេរ៉ាវិញ វាបានបំពាក់មកជាមួយកាមេរ៉ាខាងមុខចំនួនមួយគ្រាប់ មានទំហំ 32MP និង កាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ ដោយមួយគ្រាប់ខាងក្រោមគេជាលេន Telephoto Periscope Zoom ( Zoom បាន 5 ដង ) មានទំហំ 8 MP មាន Aperture f/3.4, មួយគ្រាប់នៅចំកណ្តាល មានទំហំ 40MP មាន Aperture f/1.6, មួយគ្រាប់នៅលើគេ ជាលេនទូលាយ ( Ultra-Wide ) មានទំហំ 20 MP មាន Aperture f/2.2 និងមួយគ្រាប់ចុងក្រោយជាសេនស័រ ToF ( ប្រើសម្រាប់ជំនួយដល់មុខងារថតព្រាលផ្ទៃ Background ខាងក្រោយ )។ រីឯថាមពលថ្មវិញ វាបំពាក់មកជាមួយថ្មដែលមានទំហំ 4,200 mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿន ដែលមានកម្លាំង 40W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែដែលមានកម្លាំង 15W ថែមទៀតផង។
ប្រភព៖ CAMBO REPORT