Pixel 3 ជាស្មាតហ្វូន Android កាមេរ៉ាក្រោយមួយគ្រាប់ ដែលទទួលបានពិន្ទុខ្ពស់ជាងគេពី DxOMark!
Published Date: Tuesday, December 25, 2018 08:39 AMបើទោះជាពេលនេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើន បាននាំគ្នាសម្រុក តម្លើងកាណុង កាមេរ៉ាផ្នែកខាងក្រោយ ផ្លាស់ប្តូរពីចំនួន 1 គ្រាប់ ទៅ 2 គ្រាប់ ឬ 3 គ្រាប់ ឬ 4 គ្រាប់ យ៉ាងណាក្តី ក៏ក្រុមហ៊ុន Google ដែលស្ថិតនៅក្នុងជួរ Android នឹងគេដែរនោះ មិនខ្ចីខ្វល់ មិនខ្ចីឈឺក្បាលដែរ។ ចាប់ពីវត្តមានដំបូង Pixel & Pixel XL រួចបន្តមក Pixel 2 & Pixel 2 XL និងម៉ូឌែលចេញ ចុងក្រោយគេបង្អស់ Pixel 3 & Pixel 3 XL គឺនៅមានរក្សាចំនួន កាមេរ៉ាខាងក្រោយ ត្រឹមមួយគ្រាប់ដដែល មិនប្រែឡើយ។
ប៉ុន្តែអ្វីដែលប្រែប្រួលនោះគឺ Google បានព្យាយាមការបង្កើន កំណែអាប់ដេតលើផ្នែក Software អោយកាន់តែខ្លាំង អាចថាខ្លាំងបំផុត ដើម្បីចង់រក្សាតំណែង ឈ្មោះជាស្តេចកាមេរ៉ា។ បើរំលឹកពីដំបូងមក ក្នុងឆ្នាំ 2016 ទូរសព្ទ Pixel បានទទួលពិន្ទុពី DxOMark ចំនួន 90 ពិន្ទុ ហើយឆ្នាំ 2017 លើម៉ូឌែល Pixel 2 វាទទួលពិន្ទុកើនដល់ 98 តែម្តង ដោយពិន្ទុនេះ គឺខ្ពស់ហើយ បើធៀបជាមួយ ស្មាតហ្វូន Android កាមេរ៉ាក្រោយមួយគ្រាប់ ដទៃទៀត។ ចុះសម្រាប់កាមេរ៉ាមួយ គ្រាប់លើ Pixel 3 ក្នុងឆ្នាំ 2018 នេះវិញ យ៉ាងម៉េចដែរ?
យ៉ាងណា ថ្មីៗនេះផងដែរ ក្រុមអ្នកជំនាញ DxOMark បានប្រកាសចេញ ជាផ្លូវការហើយ បន្ទាប់ពីពួកគេបាន បានចំនាយពេល ក្នុងការសិក្សា និងធ្វើតេស្ដសាកល្បង លើកាមេរ៉ារបស់ Pixel 3 អស់មួយរយៈកន្លងទៅ ដោយជាលទ្ធផលគឺថា ស្មាតហ្វូននេះមិនបាន ធ្វើអោយ Google ធ្លាក់កូដនោះទេ ក្នុងជំនាន់ទី 3 នេះ ហើយក៏នឹងមិនធ្វើអោយ អ្នកដែលស្រលាញ់ និងនិយមថតរូបតាម ស្មាតហ្វូនខកចិត្តដែរ ព្រោះថាពិន្ទុ សរុបដែល Pixel 3 ទទួលបានគឺលោតដល់ 101 ឯណោះ ដូចទៅនឹងពិន្ទុ របស់ទូរសព្ទ iPhone XR របស់ក្រុមហ៊ុន Apple ដែរ។ ជុំវិញការដាក់ពិន្ទុ ខ្ពស់មួយនេះ ក្រុមអ្នកជំនាញ របស់ DxOMark ក៏បានបញ្ជាក់ប្រាប់ អំពីសមត្ថភាពពិសេស ដែលកាមេរ៉ាមួយគ្រាប់ ខាងក្រោយទំហំ 12.2 មេហ្គាភិចស៊ែល មានកម្រិត Aperture f/1.8 របស់ Pixel 3 ធ្វើទៅបានផងដែរ ដូចជាមុខងារ AI ដែលជួយអោយ សាច់រូបភាព មើលទៅមានភាពដិតស្រស់ តែមិនលើសការពិត និងមានជំនួយមួយផ្នែកធំពី HDR+ ដូចជាដុំពពក ពណ៌ផ្ទៃមេឃ និងសាច់គែម ចែកគ្នាបានដាច់ ហើយក៏មិនចាញ់ពន្លឺថ្ងៃដែរ។
រូបភាពដែលផ្តិតចេញមក ប្រៀបដូចជាការមើលផ្ទាល់ នឹងភ្នែកអញ្ចឹង ឯរូបភាព Portrait វាធ្វើការបានកាន់តែប្រសើរខ្លាំង ចែកផ្ទៃព្រាល និងគែមបានលេចផុសល្អ។ សូម្បីតែរូបដែលថតបើក Flash នោះ ក៏វាមិនធ្វើអោយឆេះ ឬចាំងផ្លាតស្រមោល ទៅផ្នែកចំហៀងដែរ លើសពីនេះ សាច់មុខមនុស្ស នៅតែអោយពណ៌បានល្អ។
ចំពោះការថតវីដេអូ ក្រុមអ្នកជំនាញ DxOMark បានអោយពិន្ទុសរុប 98 ពិន្ទុ ឯមុខងារថតរូបទទួលបាន 103 ហើយពិន្ទុសរុប ទាំងការថតរូប និងការថតវីដេអូ Pixel 3 លោតបានដល់ 101 ពិន្ទុ។ សម្រាប់ពិន្ទុនេះដែរ អាចបញ្ជាក់បានថា Pixel 3 គឺស្មាតហ្វូនកាមេរ៉ាមានភ្នែក ខាងក្រោយមួយគ្រាប់ ដែលទទួលបានពិន្ទុ ខ្ពស់លើស 100 បើប្រៀបធៀប ជាមួយស្មាតហ្វូន Android មានកាមេរ៉ាក្រោយមួយគ្រាប់ ដទៃទៀត។
ចុះសម្រាប់ប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ មានជាមតិយោបល់ បែបណាដែរ លើសមត្ថភាពនៃកាមេរ៉ាមួយគ្រាប់ របស់ទូរសព្ទ Pixel 3 ជំនាន់ចុងក្រោយនេះ? អាច Comment អោយយើងដឹងបាន ហើយខេមបូ រីផត រីករាយនឹងទទួល ចម្លើយពីប្រិយមិត្ត! រីករាយថ្ងៃសម្រាក ចុងសប្តាហ៍ ទាំងអស់គ្នា!
ប្រភព៖ CAMBO REPORT