Poster ផ្លូវការ បង្ហាញថាអ្នកកុម្ម៉ង់ទិញ Galaxy 20+/S20 Ultra ទុកមុន នឹងទទួលបាន Galaxy Buds+ ដោយឥតគិតថ្លៃ

Published Date: Wednesday, January 29, 2020 09:47 AM

នៅសល់ប្រហែលជា 2 សប្តាហ៍ទៀតប៉ុណ្ណោះ យើងនឹងបានឃើញរូបរាងពិតប្រាកដ ក៏ដូចជាបានដឹងអំពីលក្ខណៈសម្បត្តិពិសេសៗរបស់ Galaxy 20 Series ជាផ្លូវការហើយ។ គួររំលឹកម្តងទៀតផងថា កំពូលទូរសព្ទឆ្លាតម៉ូឌែលថ្មីចុងក្រោយគេបង្អស់ ស្ថិតនៅក្នុងត្រកូល S របស់ក្រុមហ៊ុន Samsung គឺ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ។

 

ដោយឡែកកាលពីពេលថ្មីៗនេះ រូបភាព Poster ផ្លូវការមួយសន្លឹក ដែលក្រុមហ៊ុន Samsung ប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Galaxy S20 Series ត្រូវបានលេចធ្លាយនៅលើគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Evan Blass។ តាមរយៈរូបភាព Poster ផ្លូវការដែលបានបែកធ្លាយនោះ បានបង្ហាញឲ្យយើងដឹងថាសម្រាប់អ្នកដែលបានធ្វើការកុម្ម៉ង់ទិញ Galaxy S20+ និង Galaxy S20 Ultra ទុកមុន ( Pre-Order) នឹងទទួលបានកាសឥតខ្សែជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Samsung ដែលមិនទាន់ប្រកាសចេញជាផ្លូវការ ដែលមានឈ្មោះថា Galaxy Buds+ ដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងថា ការផ្តល់ជូន Galaxy Buds+ ដោយឥតគិតថ្លៃ សម្រាប់អ្នកដែលបានធ្វើការកុម្ម៉ង់ទិញ Galaxy S20+ និង Galaxy S20 Ultra ទុកមុន គឺអាចនឹងមាននៅលើទីផ្សារមួយចំនួន ដែលក្រុមហ៊ុន Samsung បានកំណត់តែប៉ុណ្ណោះ។

តាមរយៈ Poster ផ្លូវការ ដដែលខាងលើនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងថា កាសឥតខ្សែជំនាន់ថ្មី Galaxy Buds+ គឺមានរចនាបថខាងក្រៅស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង Galaxy Bud ដែលបានប្រកាសចេញ កាលពីឆ្នាំមុនអញ្ចឹងដែរ។ បន្ថែមពីនេះ បើយោងទៅតាមដំណឹងដែលយើងទទួលបានកាលពីពេលកន្លង បាននិយាយថា កាសឥតខ្សែ Galaxy Buds+ នឹងបំពាក់មកជាមួយថាមពលថ្មទំហំ 85 mAh ខណៈដែល Galaxy Bud ភ្ជាប់មកជាមួយទំហំថ្មត្រឹមតែ 58 mAh តែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ Galaxy Buds+ ក៏បានបំពាក់មកជាមួយរន្ធស្រូបសម្លេងរហូតដល់ទី 4 គ្រាប់ ខណៈដែល Galaxy Bud ភ្ជាប់មកជាមួយរន្ធស្រូបសម្លេងត្រឹមតែ 2 គ្រាប់ តែប៉ុណ្ណោះ។

 

ប្រភព ៖ CAMBO REPORT