Redmi និង Black Shark ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផលិត​ស្មាតហ្វូន 5G របស់ខ្លួន

Published Date: Saturday, June 29, 2019 08:45 AM

នៅក្នុងឆ្នាំ 2019 នេះ យើញថាមានស្មាតហ្វូន របស់ក្រុមហ៊ុនជាច្រើន បានបំពាក់នូវប្រព័ន្ធអីនធឺណេត 5G ដែលជារបកគំហើញថ្មី នៃបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ របស់មនុស្សជាតិ យើងផងដែរ។ ហើយយើងក៏ធ្លាប់បានឃើញ រួចមកហើយ នូវកំពូលស្មាតហ្វូនត្រកូល Mi Mix របស់ក្រុមហ៊ុន Xiaomi ដែលបានបំពាក់ប្រព័ន្ធ 5G នេះនៅលើស្មាតហ្វូនរបស់ខ្លួនដំបូងគេគឺ Xiaomi Mi Mix 3 5G។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួនកំពុងតែត្រៀមបញ្ចេញស្មាតហ្វូនប្រព័ន្ធ 5G នៅលើខ្សែស្រឡាយ Redmi និង Black Shark ទៀតផង។ ជាក់ស្ដែងថ្មីៗនេះ លោក Lu Weibing ជាប្រធានចាត់ការទូទៅនៃទូរសព្ទ Redmi ដែលបានចូលរួមក្នុង ព្រឹត្តិការណ៍ MWC Shanghai ម្សិលមិញនេះ លោកបានបង្ហោះសារមួយ នៅលើបណ្ដាយសង្គម Weibo ថា “5G is coming” ហើយក៏បានបន្ថែមថា ស្មាតហ្វូនជំនាន់ចុងក្រោយ ដែលភ្ជាប់មក ជាមួយប្រព័ន្ធ 5G នេះ នឹងមានតម្លៃក្រោម 300 ដុល្លារ (មិនបូកបញ្ចូលតម្លៃពន្ធ)។ ជាងនេះទៅទៀត ក្រុមអ្នកអភិវឌ្ឍន៍ទូរសព្ទ Black Shark បានប្រាប់ថាខ្លួន ក៏កំពុងត្រៀមនាំយកប្រព័ន្ធ 5G មកបំពាក់នៅលើ Black Shark ជំនាន់ចុងក្រោយ ដែលនឹងចេញនៅពេលឆាប់ៗ ខាងមុខនេះផងដែរ។

ជាចុងក្រោយ លោក Lu Weibing បាននិយាយពាក្យមួយឃ្លាថា “4G changes lives, 5G changes society” បានន័យថាប្រព័ន្ធ 4G ផ្លាស់ប្តូររបៀបរបបជីវិត ហើយបើ 5G វាមានសារៈសំខាន់ណាស់ លើការផ្លាស់ប្ដូរសង្គមទាំងមូលតែម្តង។ ចំពោះប្រិយមិត្តវិញ តើគិតយ៉ាងណាដែរ ទៅលើទូរសព្ទប្រព័ន្ធ 5G នៅពេលបច្ចុប្បន្ន ប្រិយមិត្តអាចបញ្ចេញយោបល់ នៅខាងក្រោមនេះបាន។

ប្រភព៖ CAMBO REPORT