Reno​ 2 ​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ 28 ​សីហា​នេះ​ជា​មួយ​កាមេរ៉ា​ក្រោយ​ 4 ​គ្រាប់​អាច ​Zoom ​បាន​ដល់​ទៅ ​20x​

Published Date: Saturday, August 17, 2019 10:50 AM

កាលពីប៉ុន្មានថ្ងៃមុន ក្រុមការងារយើងបានចេញផ្សាយម្ដងរួចមកហើយ អំពីព័ត៌មានបែកធ្លាយរបស់ ស្មាតហ្វូន OPPO Reno ជំនាន់ថ្មី ដែលថាវាអាចមានកាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់ និងថែមទាំងអាចមានសមត្ថភាពពង្រីក បានចំនួន 20 ដងទៀតផង។ មិនតែប៉ុណ្ណោះ ម្សិលមិញនេះ ក្រុមហ៊ុន OPPO បានផ្ញើលិខិតអញ្ចើង មនុស្សជាច្រើន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ប្រកាសស្មាតហ្វូន Reno 2 Series របស់ខ្លួន ដែលនឹងធ្វើឡើង នៅថ្ងៃទី 28 ខែសីហា ខាងមុខនេះ។

 

 

ពិតណាស់ ពេលកន្លងមក OPPO Reno Series ដែលធ្លាប់តែត្រូវបានប្រការចេញលើកដំបូង នៅតែក្នុងប្រទេសចិន ប៉ុន្តែពេលនេះ ម៉ូឌែល Reno ជំនាន់ថ្មី ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញខ្លួននៅប្រទេសឥណ្ឌា មុនទៅវិញ។ លើសពីនេះទៅទៀត ក្នុងរូបភាពខាងលើ ក៏បានបញ្ជាក់ដែរថា Reno 2 នៅតែមានម៉ូតកាមេរ៉ាមុខ បែបព្រុយត្រីឆ្លាម ដូចទៅនឹងជំនាន់មុន ដដែល ហើយនៅទីបំផុត OPPO Reno 2 នឹងមានសមត្ថភាពអាចពង្រីកបានចំនួន 20 ដង ដែលវាបាន បង្កើនពីការពង្រីក 10 ដង លើម៉ូឌែល Reno 10X Zoom ផងដែរ។

 

បើយោងទៅតាម ប្រភពបែកធ្លាយកន្លងមក បង្ហាញថា OPPO Reno 2 អាចនឹងប្រើប្រាស់ឈីប Snapdragon 700 Series ជាមួយនឹងរ៉េមទំហំ 8GB ដែលមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB ហើយអាចនឹងមានអេក្រង់ទំហំ 6.43 អ៊ីញ ជាប្រភេទ AMOLED ក្នុងកម្រិតបង្ហាញរូបភាព 2400 x 1080 ភិចសែល។ ចំណែកឯផ្នែក កាមេរ៉ាក្រោយទាំង 4 គ្រាប់ គឺអាចមានដូចជា កាមេរ៉ាគោលទំហំ 48MP បូកទំហំ 8MP ប្រភេទលេន Ultra-wide បូកមួយគ្រាប់ទៀតទំហំ 13MP ជាលេនប្រភេទ Telephoto និងមួយគ្រាប់ចុងក្រោយ ជាលេនសខ្មៅ Monochrome ទំហំ 2MP យ៉ាងណាទំហំកាមេរ៉ាខាងមុខរបស់វា យើងមិនទាន់ដឹងនៅឡើយទេ។ មួយវិញទៀត ស្មាតហ្វូន Reno ជំនាន់ថ្មីនេះ អាចបំពាក់បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃពីក្រោមអេក្រង់ និងអាចមានថាមពលថ្មទំហំ 4,065mAh ដែលមកជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC ថែមទៀតផង។

 

សរុបមក ទាំងនេះជាលក្ខណៈសម្បត្តិបែកធ្លាយខ្លះៗ របស់ OPPO Reno 2 ហើយចំពោះតម្លៃវិញ គឺប្រាកដជាថ្លៃជាងជំនាន់មុនៗ ដែលអាចមានតម្លៃចាប់ពីប្រមាណជា 461 ដុល្លារ ឡើងទៅ និងមាននៅលើទីផ្សារប្រទេសឥណ្ឌាមុនគេ ផងដែរ។ ដូច្នេះ ដើម្បីដឹងកាន់តែច្បាស់ បន្ថែមទៀត យើងមានតែរង់ចាំ ថ្ងៃប្រកាសចេញជាផ្លូវការ ពី OPPO ផ្ទាល់ប៉ុណ្ណោះ ដែលនឹងធ្វើឡើងនៅថ្ងែទី 28 ខាងមុខនេះហើយ។

ប្រភព៖ Cambo Report