Samsung កំពុង​រៀប​ចំ​ធ្វើ​ការ​លើ Galaxy Fold ជំនាន់​ទី 2 ហើយ អាច​មាន​អេក្រង់ 8 អ៊ីញ និង​ប៊ិច S Pen ទៀត

Published Date: Saturday, June 29, 2019 08:42 AM

ក្នុងឆ្នាំនេះយើងបានឃើញហើយនូវទូរសព្ទបត់ដំបូងគេ ដែល Samsung បានប្រកាសចេញ កាលពីខែកុម្ភៈកន្លងទៅ វាមានឈ្មោះថា Samsung Galaxy Fold ប៉ុន្តែក្រុមហ៊ុន កូរ៉េខាងត្បូងមួយនេះ ហាក់ធ្វើមិនទាន់បានល្អ នៅឡើយទេ ដោយឃើញហើយថា វាមានបញ្ហាមួយចំនួនបានកើតឡើង ចំពោះស្មាតហ្វូននេះ នៅពេលដែលវាកំពុងស្ថិតនៅក្នុងការ ប្រើប្រាស់សាកល្បង។

ដោយសារបញ្ហាដែលបានកើតឡើងនេះហើយ ទើបធ្វើឲ្យ Samsung ពន្យារពេលនូវការដាក់លក់ ដើម្បីប្រមូលយក Galaxy fold ទាំងអស់ មកសិក្សា ក៏ដូចជាកែតម្រូវផ្សេងៗ។ បើទោះបីជា កំពុងជួបនូវបញ្ហាដូចនេះក្ដី ក៏ក្រុមហ៊ុនទូរសព្ទ ដែលជាប់ចំណាត់ថ្នាក់ លេខមួយនេះ មិនបោះបង់ចោល ងាយៗឡើយ។ លើសពីនេះទៅទៀត ក្នុងពេលថ្មីៗនេះ មានពត៌មានលេចឮថា Samsung កំពុងតែរៀបចំនូវ Galaxy Fold ជំនាន់ទី 2 របស់ខ្លួន ត្រៀមសម្រាប់ឆ្នាំក្រោយហើយ។

បើតាមប្រភពពត៌មានមកពីកូរ៉េខាងត្បូង បានបញ្ជាក់ថា ទូរសព្ទបត់ជំនាន់ទីពីរនេះ អាចនឹងមានអេក្រង់ទំហំ 8-inch (នៅពេលបើក) ហើយ Samsung ក៏អាចនឹងប្រើបច្ចេកវិទ្យា បត់ដូចគ្នាទៅនឹង Galaxy Fold ជំនាន់ទីមួយដែរ រីឯចំណុចដែលពិសេសនោះ គឺវាអាចមានភ្ជាប់មកជាមួយនូវប៊ិច S Pen ដូចទៅនឹងត្រកូល Note របស់ខ្លួន អញ្ចឹងដែរ។

គួរបញ្ជាក់ថា Galaxy Fold ជំនាន់ទី 1 មានអេក្រង់ទំហំ 7.3-inch (នៅពេលបើក) ហើយនៅពេលបត់វាមានអេក្រង់ទំហំ 4.6-inch បើប្រៀបមកជំនាន់ទី 2 វិញ វាមានទំហំខុសគ្នា ដល់ទៅ 0.7-inch ឯណោះ (នៅពេលបើក) រួមទាំងអាចមាន S Pen ទៀតនោះ គឺវាបញ្ជាក់ឲ្យឃើញថា Samsung កំពុងតែយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅ Galaxy Fold ជំនាន់ទីពីរ ព្រោះដើម្បីទាក់ទាញចិត្ត អតិថិជន ក៏ដូចជាបំពេញបន្ថែមនូវ ចំណុចខ្វះខាត ដែលមាននៅលើជំនាន់ទី 1។ ទូរសព្ទបត់ជំនាន់ថ្មីនេះ អាចនឹងចាប់ផ្ដើម ដំណើរការសិក្សា ផលិតនៅក្នុងខែសីហា ខាងមុខនេះដែរ។

សរុបមក នេះជាពត៌មានមួយចំនួនទាក់ទងនឹង Galaxy Fold ជំនាន់ទី 2 ដែលវាអាចគ្រាន់តែជាគម្រោង ដែលជិតនឹងចាប់ផ្តើមប៉ុណ្ណោះ ព្រោះយើងនៅមិនទាន់បាន ចាប់កាន់នូវជំនាន់ទីមួយ នៅឡើយទេ។ បើតាមរបាយការណ៍នេះ បានបន្ថែមថាជំនាន់ទី 1 អាចនឹងចេញលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ដូច្នេះជំនាន់ទី 2 អាចនឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ និងដាក់លក់ នៅពេលណាមួយ ក្នុងឆ្នាំក្រោយក៏ថាបាន។ តើអ្នកគិតយ៉ាងណាដែរចំពោះវា?

ប្រភព៖ CAMBO REPORT