Sony កំពុង​មាន​គម្រោង​ផលិត​ស្មាតហ្វូន​បំពាក់​សេនស័រ​កាមេរ៉ា​ដល់​ទៅ 6 គ្រាប់!

Published Date: Saturday, June 15, 2019 09:32 AM

ស្មាតហ្វូនម៉ូឌែល Nokia 9 PureView គឺកំពុងតែកាន់តំណែង លេខមួយខ្ពស់ជាងគេ លើផ្នែកសេនស័រកាមេរ៉ា ដែលមានដល់ទៅ 5 គ្រាប់ ក្នុងពេលបច្ចុប្បន្ននេះ ក៏ប៉ុន្ដែប្រសិនបើ របាយការណ៍ លេចធ្លាយថ្មីមួយនេះ ពិតជាត្រឹមត្រូវមែននោះ Sony នឹងអាចចេញមុខមក ដណ្ដើមយកតំណែង ក្នុងពេលខាងមុខផងដែរ។ ចំពោះការលេចធ្លាយថ្មីនេះ គឺបានចេញផ្សាយថា Sony កំពុងធ្វើការអភិវឌ្ឍន៍ ស្មាតហ្វូនម៉ូឌែល Xperia ជំនាន់ក្រោយ ដែលភ្ជាប់មកជាមួយ សេនស័រកាមេរ៉ាដល់ទៅ 6 គ្រាប់ឯណោះ។

 

ប្រភពលេចធ្លាយដដែល ក៏បានចែករំលែកនូវ រូបភាពមួយសន្លឹក ដែលបង្ហាញទៅលើ ផ្នែកសន្ទះខាងក្រោយ ជាមួយនឹងកាមេរ៉ា 6 គ្រាប់ទាំងអស់នោះ ប៉ុន្ដែវាគ្រាន់តែជា ការឧទាហរណ៍ប៉ុណ្ណោះ ដោយឡែកសម្រាប់ ទីតាំងនៃការរៀបចំ ហើយនិងការឌីហ្សាញ គឺមិនទាន់ដឹងច្បាស់ ឲ្យប្រាកដនៅឡើយទេ។ លើសពីនេះ ម្ចាស់គណនីបណ្ដាញសង្គម Twitter ដែលមានឈ្មោះថា Max J. គឺជាអ្នកផ្សព្វផ្សាយនូវ ពត៌មានលេចធ្លាយនេះ ហើយក៏បាននិយាយ បន្ថែមតទៅទៀតថា បន្ទាប់ពីបំពាក់កាមេរ៉ា ជាច្រើននៅខាងក្រោយ Sony ក៏អាចនឹងផ្ដល់ឲ្យ សេនស័រកាមេរ៉ាភ្លោះ សម្រាប់ធ្វើការថត Selfie ថែមទៀតផង។

 

ចំពោះពត៌មានលម្អិត សម្រាប់គម្រោងរបស់ Sony នាពេលឥឡូវនេះ គឺហាក់បីដូចជាមាន អាថ៌កំបាំងនៅឡើយ ប៉ុន្ដែបើតាមការរំពឹងទុក យើងនឹងអាចឃើញ រួមមានសេនស័រកាមេរ៉ាដើម, Telephoto, Super-Wide-Angle, Time-of-Flight ហើយពីរគ្រាប់ទៀត អាចជាសេនស័រប្រភេទ Monochrome ដែលជួយឲ្យរូបភាព រក្សាគុណភាពច្បាស់ នៅក្នុងពេលខ្វះពន្លឺ។ ចំណែកឯកាមេរ៉ាភ្លោះ នៅផ្នែកអេក្រង់ខាងមុខ គឺអាចសន្មត់បានថា អាចនឹងជាសេនស័រដើម ហើយនិងសេនស័រប្រភេទ Wide-Angle ដើម្បីអាចឲ្យយើងថត Selfie បានគ្នាច្រើនផងដែរ។

គួរឲ្យសោកស្ដាយ ដោយស្មាតហ្វូនម៉ូឌែល Sony Xperia ស៊េរីថ្មីមួយនេះ គឺកំពុងតែស្ថិតនៅក្នុង ដំណាក់កាល ចាប់ផ្ដើមផលិតដំបូង ហេតុដូច្នេះហើយ ចំពោះផ្នែកឌីហ្សាញ នៅមិនទាន់ចេញជា រូបរាងច្បាស់លាស់ នៅឡើយទេ ហើយត្រូវបានគេ សង្ឃឹមថានឹងអាច បង្ហាញខ្លួនលើទីផ្សារ ក្នុងពេលចុងឆ្នាំ 2019 ឬក៏ដើមឆ្នាំ 2020 ខាងមុខនេះតែម្ដង។