Sony ប្រកាសចេញ Xperia 5 ជាផ្លូវការហើយ

Published Date: Friday, September 6, 2019 08:44 AM

នៅក្នុងសប្តាហ៍នេះយើងទទួលបានព័ត៌មានបែកធ្លាយជាច្រើន ដែលនិយាយទាក់ទងទៅនឹងស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Xperia ជំនាន់ថ្មីរបស់ Sony។ ស្មាតហ្វូននោះត្រូវគេរំពឹងថា គឺជា Xperia 2 ហើយវានឹងត្រៀមបង្ហាញខ្លួននាពេល ឆាប់ៗខាងមុខនេះ។ ស្រាប់តែមុននេះបន្តិចនៅក្នុងព្រឹត្តិការណ៍ IFA 2019 ក្រុមហ៊ុន Sony ក៏បានប្រកាសចេញស្មាតហ្វូន Xperia ជំនាន់ថ្មីរបស់ខ្លួនពិតមែន ប៉ុន្តែវាមិនមែនជា Xperia 2 ដូចទៅនឹងព័ត៌មានបែកធ្លាយដែលយើងទទួលបាននោះទេ។ ស្មាតហ្វូន Xperia ជំនាន់ថ្មីរបស់ Sony មានឈ្មោះផ្លូវការថា Xperia 5។

 

Sony Xperia 5 ត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ 6.1 អ៊ីញ ប្រភេទជា OLED ហើយមានសមាមាត្រអេក្រង់ 21:9 (អេក្រង់ខ្នាតកុន) ដែលមានកម្រិតបង្ហាញ Full HD+ (2,560 x 1,080) ព្រមទាំងគាំទ្រ បច្ចេកវិទ្យា HDR និង Dolby Atmos ថែមទៀតផង។ ចំនែកឯកម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 855 (7nm) គួបផ្សំជាមួយ RAM ទំហំ 6GB អមមកជាមួយអង្គផ្ទុកទិន្នន័យ 128GB ហើយអ្នកក៏អាចធ្វើការបន្ថែម Memory ពីខាងក្រៅបាន រហូតដល់ 512GB ថែមទៀតផង។ រីឯផ្នែកកាមេរ៉ាវិញ Xperia 5 បំពាក់មកជាមួយកាមេរ៉ាមុខ ចំនួនមួយគ្រាប់ដែលមានសេនស័រ ទំហំ 8MP មានកម្រិត Aperture f/2.0 និងកាមេរ៉ាក្រោយ ចំនួន 3 គ្រាប់ ស្ថិតនៅក្នុងលក្ខណៈបញ្ឈរ ដោយមួយគ្រាប់ ជាលេនគោលមានទំហំ 12MP Aperture f/1.6, មួយគ្រាប់ជាលេន Telephoto (Zoom បាន 2 ដង) ដែលមានទំហំ 12MP Aperture f/2.4 និងមួយគ្រាប់ចុងក្រោយជាលេនទំលាយ (Ultra-Wide) ដែលមានទំហំ 12MP Aperture f/2.4។ រីឯថាមពលថ្មវិញ វាបំពាក់មកជាមួយថ្ម ដែលមានទំហំ 3,140 mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 18W ថែមទៀតផង។ Xperia 5 មកជាមួយជម្រើស ពណ៌ 4 គឺ ពណ៌ស, ពណ៌ខ្មៅ និងពណ៌ខៀវចាស់ និងពណ៌ក្រហមក្រម៉ៅ។ ក្រុមហ៊ុន Sony នឹងបើកឲ្យអ្នកធ្វើការកុម្ម៉ង់ Xperia 5 នៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2019 ហើយវានឹងបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 4 ខែតុលាខាងមុខនេះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី លក្ខណៈសម្បត្តិរបស់ Xperia 5

 

ប្រភព៖ CAMBO REPORT