Sony Xperia 1 II ចេញផ្លូវការ មានអេក្រង់ 6.5 អ៊ីញ ខ្នាតកុន 21:9 4K HDR OLED ជាមួយបច្ចេកវិទ្យា Motion Blur Reduction, ប្រើឈីប Snapdragon 865 និងមានកាមេរ៉ាក្រោយ 4 គ្រាប់ សហការជាមួយ ZEISS

Published Date: Thursday, February 27, 2020 09:06 AM

បន្ទាប់ពីបានប្រកាសចេញ Xperia 1 ដែលជាទូរសព្ទឆ្លាតលំដាប់កំពូល ដែលមានអេក្រង់ខ្នាតកុន ដំបូងគេបង្អស់របស់ខ្លួន អស់រយៈពេលមួយឆ្នាំរួចមក នៅក្នុងថ្ងៃនេះដែរ ក្រុមហ៊ុន Sony បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតជំនាន់ថ្មី ដែលត្រូវចូលខ្លួនមកបន្តតំណែងរបស់ Xperia 1 ហើយ ដោយវាមានឈ្មោះជាផ្លូវការថា Xperia 1 II (អានថា Xperia 1 ម៉ាកធូ)។ Xperia 1 II គឺជាទូរសព្ទឆ្លាតដំបូងគេបង្អស់របស់ក្រុមហ៊ុន Sony ដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យាសេវា 5G។

 

ទូរសព្ទឆ្លាតលំដាប់កំពូល Sony Xperia 1 II បំពាក់មកជាមួយអេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ OLED ខ្នាត 21:9 អាចបង្ហាញរូបភាពបានក្នុងកម្រិតដល់ទៅ 4K (HDR) ជាមួយដង់ស៊ីតេអេក្រង់ 643 ppi គួបផ្សំជាមួយបច្ចេកវិទ្យា Motion Blur Reduction ដែលជួយឲ្យកម្រិត Refresh Rate របស់អេក្រង់ ដំណើរការកាន់តែប្រសើរជាងមុន ថែមមួយកម្រិតទៀត។ កាន់តែពិសេសទៀតនោះ វាមិនត្រឹមតែជាអេក្រង់ 4K HDR ធម្មតានោះទេ វាថែមទាំង Support HDR BT.2020 ជាមួយកម្រិតទឹកពណ៌ DCI-P3 100% ដែលយើងឃើញមាននៅលើទូរសព្ទឆ្លាតតម្លៃរាប់ពាន់ដុល្លារ ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន Xperia 1 II ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 865 គួបផ្សំជាមួយជម្រើស RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB ព្រមទាំងអាចធ្វើការបន្ថែម Memory ពីខាងក្រៅបាន ជាប្រភេទ microSD រហូតដល់ទៅ 1TB ផងដែរ។

ចំណែកឯផ្នែកកាមេរ៉ា Xperia 1 II ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 8MP Aperture f/2.0 (គាំទ្រ HDR សម្រាប់រូបភាព) និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ សហការជាមួយ ZEISS ដោយមួយគ្រាប់គឺជាលេនដើមទំហំ 12MP កម្រិត Aperture f/1.7, មួយគ្រាប់ជាលេនពង្រីក (Telephoto) ទំហំ 12MP កម្រិត Aperture f/2.4, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide 124 ដឺក្រេ) ទំហំ 12MP កម្រិត Aperture f/2.2 និងមួយគ្រាប់ចុងក្រោយគេ គឺជាកាមេរ៉ា 3D (iToF)។ កាមេរ៉ាក្រោយរបស់ Xperia1 II អាចធ្វើថតវីដេអូបានក្នុងកម្រិត 4K HDR 60fps ជាមួយសំលេងច្បាស់ល្អ នេះក៏អរគុណដល់បច្ចេកវិទ្យាទប់ស្កាត់សំលេងខ្យល់រំខាន (Wind Filter)។ កាន់តែអស្ចារ្យថែមទៀតនោះ គឺថាកាមេរ៉ារបស់ Sony Xperia 1 II បានភ្ជាប់មួយបច្ចេកវិទ្យា Real-time Eye AF (អាចសម្គាល់បានមនុស្ស និងសត្វ) ក៏ដូចជាបច្ចេកវិទ្យាមួយចំនួន ដែលមាននៅលើពពួកកាមេរ៉ាលំដាប់អាជីព ស្ថិតនៅក្នុងត្រកូល Alpha របស់ Sony ថែមទៀតផង។ បើយោងទៅតាមការអះអាងរបស់ក្រុមហ៊ុន Sony បាននិយាយថា Xperia 1 II គឺជាទូរសព្ទឆ្លាតដំបូងគេបង្អស់ ដែលអាចធ្វើការថតរូបក្នុងលក្ខណៈ Burst Mode បានដល់ទៅ 20fps ជាមួយល្បឿនគណនា AF/AE ដល់ទៅ 60 ដង ក្នុងមួយវិនាទី ឯណោះ។

រីឯថាមពលថ្មវិញ Xperia 1 II ភ្ជាប់មកជាមួយថ្មទំហំ 4,០00 mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន USB Power Delivery (USB PD) និងបច្ចេកវិទ្យាសាកថ្មឥតខ្សែរ ផងដែរ។ មិនទាន់អស់នោះទេ Xperia 1 II ក៏បានភ្ជាប់មកជាមួយមុខងារ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួនទៀតដែរ ក្នុងនោះមានដូចជា បច្ចេកវិទ្យាអាវក្រោះការពារទឹក និងធូលី កម្រិត IP65 / IP68, បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ស្ថិតនៅផ្នែកចំហៀងនៃទូរសព្ទ, មុខងារតភ្ជាប់ទៅកាន់ដៃបញ្ជា DualShock 4 ដោយផ្ទាល់, រន្ធដោតកាស 3.5mm គាំទ្របច្ចេកវិទ្យា Hi-Res Audio, រន្ធបំពងសំលេងចំនួន 2 គ្រាប់ ស្ថិតផ្នែកខាងមុខ ជាប្រភេទ Stero គាំទ្របច្ចេកវិទ្យា Dolby Atmos,​ បច្ចេកវិទ្យា DSEE Utimate ប្រើសម្រាប់បង្កើនគុណភាពសំលេង និងបច្ចេកវិទ្យាបម្លែងសំលេង 360 ដឺក្រេ។ ផ្អែកតាមការបញ្ជាក់របស់ក្រុមហ៊ុន Sony បាននិយាយថា Xperia 1 II គឺជាទូរសព្ទឆ្លាតដំបូងគេបង្អស់ ដែលភ្ជាប់មកជាមួយ Hardware បម្លែងសំលេង 360 Reality Audio។ Xperia 1 II មកជាមួយជម្រើសពណ៌សរុបចំនួន 3 គឺពណ៌ខ្មៅ, ស្វាយ និងពណ៌ស។ ក្រុមហ៊ុន Sony នឹងដាក់លក់ Xperia 1 II ជាផ្លូវការ នៅក្នុងអំឡុងត្រីមាសទី 2 ឆ្នាំ 2020 ខាងមុខនេះ។ ចំពោះតម្លៃដាក់លក់ជាផ្លូវការ ក៏ដូចជាទីផ្សារដែលត្រូវដាក់លក់របស់ទូរសព្ទឆ្លាតលំដាប់កំពូលមួយនេះ ក្រុមហ៊ុន Sony មិនទាន់បានបញ្ជាក់ឲ្យយើងបានដឹងនោះទេ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នា។

 

ប្រភព ៖ Sony