Xiaomi 12S Pro បំបែកកំណត់ត្រា AnTuTu ខណៈការបង្ហាញខ្លួនផ្លូវការកាន់តែខិតជិតមកដល់
Published Date: Thursday, July 7, 2022 09:23 AMនៅសល់ពេលមិនយូរទៀតទេ Xiaomi នឹងប្រកាសចេញទូរសព្ទឆ្លាតកំពូលស៊េរីថ្មីរបស់គេ ពោលគឺ Xiaomi 12S Series នោះឯង។ ខណៈការប្រកាសចេញជាផ្លូវការ កាន់តែកៀកហើយនោះ Xiaomi នៅតែបន្តបង្ហោះបង្ហើបពីចំណុចសំខាន់ៗបន្ថែមទៀត ទាក់ទងនឹងទូរសព្ទលំដាប់កំពូលថ្មីរបស់ខ្លួននេះដដែល ដោយក្នុងនោះរួមមានទាំងពិន្ទុ AnTuTu ដែល Xiaomi 12S Pro ទទួលបានទៀតផង។
មិនខុសទេ បើយោងតាមការបង្ហាញរបស់ Xiaomi នៅក្នុងប្រទេសចិនបានឲ្យដឹងថា Xiaomi 12S Pro ទទួលបានពិន្ទុពី AnTuTu ដល់ទៅ 1,113,135 ពិន្ទុឯណោះ។ ពិន្ទុនេះឃើញថា ខ្ពស់ជាងពិន្ទុដែលទូរសព្ទកំពូលៗទាំងអស់ផ្សេងទៀតទទួលបាន គិតត្រឹមពេលនេះ ព្រោះទូរសព្ទដែលកំពុងឈរលើគេនៅបច្ចុប្បន្ន Black Shark 5 Pro ទទួលបានពិន្ទុត្រឹម 1,040,111 ប៉ុណ្ណោះ។ Xiaomi ក៏បានបញ្ជាក់ប្រាប់ដែរថា Xiaomi 12S Pro នឹងប្រើប្រាស់ឈីបកំពូលចុងក្រោយបំផុតរបស់ Qualcomm គឺ Snapdragon 8+ Gen 1 ដូច Xiaomi 12S Ultra ដែរ ដូច្នេះហើយបានជាជួយឲ្យវាទទួលបានពិន្ទុ AnTuTu ខ្ពស់បែបនេះ។
ក្រៅពីចំណុចនេះ ក្រុមហ៊ុនគេក៏បានបង្ហើបបន្ថែមដែរថា Xiaomi 12S Pro នឹងប្រើប្រាស់កាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 50MP ទាំងបី មិនខុសពី Xiaomi 12 Pro កន្លងទៅទេ ប៉ុន្តែលើកនេះក្រោមការសហការជាមួយ Leica វិញម្ដង។ ចំណុចសំខាន់មួយទៀតនោះ ទូរសព្ទម៉ូឌែលថ្មីនេះនឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដល់ទៅ 120W ហើយក្រុមហ៊ុនគេនឹងបើក Mode សម្រាប់សាកចំនួនពីរដល់អ្នកប្រើ ទីមួយគឺ Fast ដែលអាចសាកពី 0 ទៅដល់ 100% ចំណាយពេល 19 នាទី និងមួយទៀតគឺ Stable ដែលអាចសាកមួយពេញដូចគ្នាចំណាយពេលខ្ទង់ 25 នាទី។