កុំទាន់អាលអាប់ដេតទៅ iOS 13.0 បើសិនជាអ្នកលេង PUBG Mobile ឬ Fortnite ជាប្រចាំ
Published Date: Monday, September 23, 2019 08:38 AMប្រព័ន្ធប្រតិបត្តិការ iOS 13.0 ជំនាន់ចុងក្រោយរបស់ Apple គឺមានចេញជាផ្លូវការហើយ ប៉ុន្ដែវាហាក់បីដូចជា មិនទាន់ពេញលេញល្អ នៅឡើយនោះទេ ដោយមានអ្នកប្រើប្រាស់ ប្រទះជួបនូវបញ្ហា តូចធំមួយចំនួន ជាបណ្ដើរៗហើយ។ ជាក់ស្ដែង Apple ក៏បានដឹងនូវបញ្ហាទាំងនេះ ទើបសម្រេចចិត្តប្រកាសថា កំណែអាប់ដេតឡើងទៅ iOS 13.1 នឹងបញ្ចេញជាផ្លូវការ នៅដើមសប្ដាហ៍ក្រោយនេះតែម្ដង ដែលមុនថ្ងៃកំណត់ដំបូងដល់ទៅ 6 ថ្ងៃឯណោះ។ យ៉ាងណាក៏ដោយ អ្នកលេងហ្គេមប្រភេទ Battle Royale ដូចជាហ្គេម PUBG Mobile និង Fortnite មានបញ្ហាជាមួយនឹង ការថាច់លើអេក្រង់ ដោយសារតែមុខងារថ្មីមួយ Apple បានបន្ថែមទៅលើ iOS 13.0 ផងដែរ។
ពិតប្រាកដណាស់ ហ្គេមដ៏ល្បីល្បាញទាំងពីរនេះ និងព្រមទាំងហ្គេមប្រភេទ Battle Royale ផ្សេងៗដទៃទៀត ត្រូវការប្រើប្រាស់ម្រាមដៃច្រើន ដើម្បីធ្វើការបញ្ជាតួអង្គលេង ដោយឡែកបញ្ហានៅលើ iOS 13.0 គឺទាក់ទងទៅនឹងមុខងារថ្មី អាចឲ្យយើងអូសម្រាមដៃបី នឹងសង្កត់លើផ្ទៃអេក្រង់ ដូច្នេះអនុញ្ញាតឲ្យ ផ្ទាំងកែប្រែអក្សរបន្ថែមទៀត លោតចេញមកដាក់បង្ហាញ លើអេក្រង់ iPhone ផ្ទាល់តែម្ដង។ ហេតុនេះហើយ ចាប់តាំងពីដាក់ឲ្យអាប់ដេត កាលពីម្សិលមិញនេះ មានអ្នកប្រើប្រាស់ជាច្រើន បានរាយការណ៍មកថា មុខងារអូសម្រាមដៃថ្មីមួយនេះ បានធ្វើឲ្យមានការពិបាក ទៅលើការលេងហ្គេម PUBG Mobile និង Fortnite ដោយផ្ទាំងកែប្រែអក្សរនោះ តែងតែលោតចេញមករំខាន ខណៈពេលកំពុងលេងម្ដងៗ ផងដែរ។ ការកើតឡើងនូវបញ្ហាមួយនេះ គឺដោយសារបណ្ដាលមកពី ហ្គេមទាំងពីរនេះ តម្រូវឲ្យអ្នកលេងទាំងអស់ ប្រើប្រាស់ម្រាមដៃ យ៉ាងហោចណាស់ ចំនួនពីរឡើងទៅ ដូច្នេះហើយបានជា មុខងារកែប្រែអក្សរថ្មីនេះ ក៏អាចបើកដំណើរការដូចគ្នា ស្របពេលកំពុងតែលេងនោះ។
អ្វីដែលបានបញ្ជាក់ប្រាប់ នៅអត្ថបទខាងលើនេះ គឺជាកំហុសដ៏សំខាន់មួយ សម្រាប់អ្នកចូលចិត្តលេង PUBG Mobile ឬ Fortnite នៅលើ iPhone របស់ពួកគេ ដូច្នេះបើសិនជាអាច សូមកុំទាន់អាលធ្វើការ អាប់ដេតឡើងទៅ iOS 13.0 និងរង់ចាំរហូតដល់សប្ដាហ៍ក្រោយ នៅពេលដែល កំណែអាប់ដេត iOS 13.1 លេចចេញជាផ្លូវការ ដោយត្រូវបានគេរំពឹងទុកថា នឹងជួសជុលបញ្ហាមួយនេះបាន។ សម្រាប់កាលបរិច្ឆេទពិតប្រាកដ នៃការដាក់បញ្ចេញ កំណែអាប់ដេតឡើង iOS 13.1 នៅស្ថិតនៅថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ ដោយវាជាពេលវេលា នៅឯសហរដ្នអាមេរិក ដូច្នេះសម្រាប់ស្រុកយើង អាចមុនក្រោយគ្នាបន្ដិចបន្ដួច។