ក្រុមហ៊ុន Smart បានដាក់អោយប្រើប្រាស់សេវា eSIM បានជាផ្លូវការដំបូងគេនៅកម្ពុជា
Published Date: Saturday, December 22, 2018 01:31 PMអ្វីទៅជា eSIM? ពិតមែនហើយ eSIM គឺប្រៀបដូចជាស៊ីមកាតធម្មតាអញ្ចឹង ដែលវាមានតួនាទី សម្រាប់ភ្ជាប់ជាមួយ ស្មាតហ្វូន ដើម្បីអាចអោយស្មាតហ្វូន ចាប់យកសេវាបាន និងអាចទំនាក់ទំនងគ្នា ទៅវិញ ទៅមកបាន។ យ៉ាងណា eSIM គឺគ្មានរូបរាងនោះទេ ដោយគេបាន បំពាក់ឈីបវា នៅជាប់ស្មាតហ្វូនតែម្តង មិនអាចដោះចេញ ចូលបានឡើយ រីឯការប្រើប្រាស់វិញ យើងអាចទំនាក់ទំនង ទៅកាន់ក្រុមហ៊ុន ទូរសព្ទណាមួយ ដើម្បីភ្ជាប់យក លេខដាក់ទូរសព្ទ ដូចទៅនឹងស៊ីមកាត ធម្មតាដែរ។
ងាកមកមើលស្មាតហ្វូន ដែលកំពុងចរាចរណ៍លើទីផ្សារស្រុកយើង នៅក្នុងពេលនេះ ក៏មានជម្រើសដែលប្រើប្រាស់ eSIM ដែរ ដែលវាជាផលិតផល របស់ក្រុមហ៊ុនផ្លែប៉ោម នោះគឺ iPhone XR, iPhone XS និង iPhone XS Max ដោយសុទ្ធតែជា ទូរសព្ទប្រើស៊ីមចំនួន 2 លើកដំបូង។ សម្រាប់ទូរសព្ទ 3 ម៉ូឌែលនេះ គឺមានបែងចែកជា 2 ប្រភេទ ដោយជម្រើសទី 1 ប្រើប្រាស់ Nano SIM (ឬស៊ីមកាតធម្មតា) ទាំង 2 តែម្តង ហើយជម្រើសទី 2 ប្រើប្រាស់ Nano SIM និងស៊ីម 1 ទៀត ជា eSIM ហ្នឹងឯង តែជាក់ស្តែង ចំពោះជម្រើស Nano SIM និង eSIM មិនសូវមានអ្នក ទិញប្រើទេ ព្រោះក្រុមហ៊ុនទូរសព្ទ ស្រុកយើង មិនមានសេវា eSIM ឡើយ។
ស្របនឹងភាពរីកចម្រើនក្នុងស្រុកយើង ថ្មីៗនេះ Smart ជាដែលក្រុមហ៊ុនបម្រើសេវា ទូរសព្ទមួយ ក្នុងចំណោមក្រុមហ៊ុន សេវាធំដទៃទៀត គឺបានដាក់ចេញអោយ ដំណើការសេវា Smart eSIM ដើម្បីប្រើប្រាស់បានជាផ្លូវការ ដំបូងគេ នៅប្រទេសកម្ពុជាហើយ។ សម្រាប់ដំណឹងនេះ វាពិតជាពិសេសតែម្តង សម្រាប់អ្នក ដែលចង់ប្រើទូរសព្ទ iPhone ដែលមានជម្រើស eSIM បូកជាមួយស៊ីមកាតធម្មតា មានន័យថា អតិថិជន Smart ទាំងអស់ អាចប្រើប្រាស់សេវាកម្ម eSIM បានហើយ។
អញ្ចឹងចំពោះអ្នកដែលប្រើទូរសព្ទ iPhone XS, XS Max និង XR ទាំងអស់ ដែលមានជម្រើស eSIM គឺអាចអញ្ចើញមកភ្ជាប់ សេវាកម្ម eSIM សម្រាប់លេខ Smart ទាំងថ្មី និងចាស់របស់អ្នក នៅ Smart Shop មុន្នីវង្សបាន ចាប់ពីថ្ងៃនេះតទៅ។
ប្រភព៖ CAMBO REPORT