គិតយ៉ាងណាដែរ ចំពោះរូបរាងគម្រូរបស់ Galaxy A91 មួយនេះ
Published Date: Thursday, December 5, 2019 10:35 AMប្រិយមិត្តមួយចំនួន ដែលចូលចិត្តតាមដានព័ត៌មានរបស់ខេមបូរីផត ប្រាកដជាធ្លាប់បានដឹងអំពីដំណឹងខ្លះៗ ដែលនិយាយថាក្រុមហ៊ុន Samsung កំពុងសម្ងំអភិវឌ្ឍ និងធ្វើតេស្តទៅលើស្មាតហ្វូនថ្មីមួយម៉ូឌែលផ្សេងទៀត ដែលស្ថិតនៅក្នុងត្រកូល Galaxy S10 ហើយស្មាតហ្វូនមួយនោះត្រូវបានគេហៅថា Galaxy S10 Lite ដែលមានឈ្មោះតំណាងថា SM-N770F នោះឯង។ បន្ទាប់ពីបាត់មុខមួយរយៈកន្លងមក ទីបំផុតព័ត៌មានដែលទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ Galaxy S10 Lite ត្រូវបានលេចឡើងមកសាជាថ្មីម្តងទៀតហើយ។
បើផ្អែកទៅលើរូបភាព Render មួយចំនួន ដែលបង្ហោះដោយគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយរូបភាពបែកធ្លាយដ៏ល្បី ដែលមានឈ្មោះថា OnLeaks បានបង្ហាញឲ្យយើងបានដឹងអំពីរចនាបថរូបរាងទាំងមុខ និងទាំងក្រោយរបស់ស្មាតហ្វូនមួយនេះ យ៉ាងច្បាស់ក្រឡែត។ បើសង្កេតមើលទៅលើផ្នែកខាងមុខរបស់វា យើងឃើញថា វាបំពាក់មកជាមួយអេក្រង់លាតរាបស្មើ ស្ទើរតែ គ្មានសល់គែមទៅហើយ អមមកជាមួយលេនទម្លុះអេក្រង់ (Infinity O) ដែលមានទំហំតូច ស្ថិតនៅចំកណ្តាលនៅផ្នែកខាងលើនៃទូរសព្ទ។ បើងាកទៅមើលផ្នែកខាងក្រោយវិញ យើងឃើញថា វាមានរចនាបថកាណុងកាមេរ៉ា ស្រដៀងគ្នាទៅនឹងស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Galaxy S11 ដែលយើងធ្លាប់បានឃើញតាមរយៈព័ត៌មានបែកធ្លាយ អញ្ចឹងដែរ។ គួររំលឹកថា បើតាមដំណឹងដែលយើងទទួលបានកាលពីពេលកន្លង បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងដាក់ឈ្មោះស្មាតហ្វូនមួយនេះ ខុសគ្នាទៅតាមទីផ្សារមួយចំនួន ដោយប្រទេសខ្លះ ស្មាតហ្វូនមួយនេះនឹងត្រូវហៅថា Galaxy A91 ចំណែកឯ ប្រទេសខ្លះទៀតនឹងត្រូវហៅថា Galaxy S10 Lite។
បើយើងទៅតាមការអះអាងរបស់ប្រភពខាងលើបាននិយាយថា Galaxy A91 នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.7 អ៊ីញ មានកម្រិតបង្ហាញ Full HD+។ ចំពោះកម្លាំងម៉ាស៊ីន Galaxy A91 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 គួបផ្សំជាមួយ RAM ទំហំ 8GB អមមកជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB។ Galaxy ក៏ប្រហែលជាអាចភ្ជាប់មកជាមួយថ្ម ដែលមានទំហំ 4,500 mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 45W ថែមទៀតផង។ ចំណែកឯ ផ្នែកកាមេរ៉ាវិញ Galaxy A91 នឹងបំពាក់មកជាមួយកាមេរ៉ា Selfie ចំនួន 1 គ្រាប់ មានទំហំ 32MP និងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយមួយគឺជាលេនគោល មានទំហំ 48MP, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide Angle) មានទំហំ 12MP និងមួយគ្រាប់ចុងក្រោយគេ គឺជាលេនពង្រីក (Telephoto) មានទំហំ 5MP។
ប្រភព៖ CAMBO REPORT